​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​ណែនាំ​ដល់​គ្រឹះស្ថានសាធារណៈ និង​ឯកជន​ទាំងអស់​មិនត្រូវ​ឱ្យ​សិស្ស​លេង​បាញ់​ទឹក ជះ​ទឹក និង​លាបម្សៅ​ទេ​ក្នុងអំឡុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។ នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់​ក្រសួង​ចុះ​ថ្ងៃទី​ ៧ ខែមេសា​។​

ដោយ​កន្លងមក​ក្រសួង​បាន​សង្កេតឃើញ សិស្សានុសិស្ស​មួយចំនួន​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា បាននិងកំពុង​លេងល្បែង ដែល​មិនមែនជា​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា​ការលេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក និង​លាបម្សៅ​ជាដើម ដែលជា​សកម្មភាព​ធ្វើ​ដាក់គ្នា​ទៅវិញទៅមក​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ គ្មាន​របៀបរៀបរយ គ្មាន​ភាព​ថ្លៃ​ថ្លូ​រ និង​គ្មាន​សុវត្ថិភាព​ផងដែរ​។​

​សេចក្ដីណែនាំ​នេះ​ឱ្យដឹងថា​៖ «​ដើម្បី​ទប់ស្កាត់ និង​ចៀសវាង បាតុភាព​កើតឡើង​ជាយថាហេតុ ព្រមទាំង​ធានាបាន​នូវ​ភាពថ្លៃថ្នូរ សុវត្ថិភាព ចំពោះ​សិ​ស្សា​នុ​សិស្ស ក្រសួង​សូម​ហាមឃាត់​ជាដាច់ខាត និង​ទប់ស្កាត់​ជាបន្ទាន់​រាល់​ល្បែង​ទាំង​ឡាយ​ណា ដែល​មិនមែនជា​ល្បែង ឬ​របាំ​ប្រជាប្រិយ​ខ្មែរ និង​ល្បែង​មួយចំនួន​ប្រឈម​នឹង​ហានិភ័យ អ​សុវត្ថិភាព និង​បង្កឱ្យមាន​គ្រោះថ្នាក់​»​។​

​ល្បែង​កម្សាន្ត​ដូចជា លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក និង​លាបម្សៅ ធ្វើឱ្យប៉ះពាល់​ដល់​ភាព​ថ្លៃ​ថ្លូ​រ​របស់​ជាតិ និង​មិន​សមជា​កុលបុត្រ​កុលធីតា​ខ្មែរ​ឡើយ​។ ក្រៅពីនេះទៀត ក្រសួង​ក៏បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង លោកគ្រូ​អ្នកគ្រូ ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន ត្រូវ​បែងចែក​ការទទួលខុសត្រូវ​តាម​ថ្ងៃ តាម​វេន​ដើម្បី​ជួយ​សម្រប​សម្រួល​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​មាន​សុវត្ថិភាព​និង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខ​ភាព និង​អនាម័យ​ចៀសវាង​ការឆ្លង​ជំងឺ​រាតត្បាត​ផ្សេងៗ​ផងដែរ​។

​ក្រសួង​ក៏បាន​ណែ​នាំឱ្យ​គ្រឹះស្ថាន​អប់រំ​សហការ​ជិត​ស្និទ្ធ​ជាមួយ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស សហគមន៍ អាជ្ញាធរ​ដែនដី ដើម្បី​ផ្ដល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្មភាព​អវិជ្ជមាន​ផ្សេងៗ ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​ផ្ដល់​ការអប់រំ ណែនាំ និង​កែលម្អ​បាន​ទាន់ពេលវេលា​។​

​លោក យង់ គិ​ម​អេង ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បានឱ្យដឹងថា ការលេង​បាញ់​ទឹក លាបម្សៅ​នេះ អាច​បង្កឱ្យមាន​ជា​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​លេង​លាបម្សៅ​នេះ វា​អាច​ប៉ះពាល់​ទៅដល់​ក​ត្តិ​យស សេចក្ដី​ថ្លៃ​ថ្លូ​រ​របស់​បុគ្គល​ម្នាក់ៗ​។

លោក​ថ្លែងថា​៖ «​ការ​ហាមឃាត់​របស់​ក្រសួង ជា​រឿង​ល្អ ក៏ប៉ុន្តែ​ការធ្វើ​កិច្ចការ​នេះ​បន្ថែមទៀត​ពី​ខាង​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​»៕