​ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានឱ្យដឹងថា​កម្ពុជា​ត្រូវបាន​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច​សង្គម (ECOSOC) របស់​អង្គការសហប្រជាជាតិ​បាន​បើក​អង្គប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​អនុ​ម័ត​ឱ្យចូល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សម្របសម្រួល​កម្មវិធីរ​បស់​អង្គការ​យូ​អិន​អេដស៍ ​(PCB of UNAIDS)​ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អាណត្តិ ២០២៣-២០២៥​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ កាលពី​ថ្ងៃទី​ ៧ ខែមេសា ឱ្យដឹងថា ការបោះឆ្នោត​សម្រេច​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៥ ខែមេសា ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចសង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ដោយបាន​លើក​របៀប​វារៈ​មួយចំនួន ក្នុងនោះ​មានការ​​បោះឆ្នោត​បំពេញបន្ថែម​សមា​ជិ​ក ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធីរ​បស់​អង្គការ​យូ​អិន​​អេដស៍ (Program Coordinating Board of UNAIDS) សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ជោគជ័យ​នេះ​ជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ដែល​ឆ្លុះបញ្ចាំង​នូវ​ការទទួលស្គាល់​ដោយ​សហ​គម​ន៍​អន្តរជាតិ​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​ថា ជា​កម្មវិធី​ឈានមុខ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​ក្នុងឋានៈ​ជា​សមាជិក​ថ្មី​នៃ​ក្រុម​​ប្រឹក្សា​សម្របសម្រួល​កម្មវិធីរ​បស់​អង្គការ​យូ​អិន​អេដស៍ កម្ពុជា​ប្រាកដជា​អាច​ចូលរួម​មតិ​ដល់​ការរៀបចំ​កម្មវិធី​ប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដើម្បី​កែលម្អ និង​ជំរុញ​ការ​ប្រ​​យុទ្ធ​នឹង​មេរោគ​អេដស៍​ឱ្យ​សម្រេច​គោលដៅ​លុបបំបាត់​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដោយ​ជោគជ័យ​តាម​កាលកំណត់​នៅក្នុង​ពិភពលោក​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បន្ថែម​។​

​ប្រភព​ដដែល​បន្ថែមថា​៖ «​ការជាប់ឆ្នោត​ចូល​ជា​សមាជិក​ក្រុម​​ប្រឹក្សា​សម្របសម្រួល​កម្មវិធី​អេដស៍​នេះ​ជា​ជោគជ័យ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដែល​តែងតែ​ស្វែងរក​មិត្ត​ជាប់​ជាប្រចាំ​គ្រប់​ទីកន្លែង គ្រប់​និ​ន្នា​ការ និង​ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ​កាន់តែ​ធំធេង​ពី​សហគមន៍​អន្តរជាតិ​»​។​

​ទាក់ទង​នឹង​ការអនុម័ត​នេះ លោក​ ជួប សុខ​ចំរើន នាយក​ប្រតិបត្តិ​អង្គការ​ខា​ណាបាន​ថ្លែងថា ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល លោក​មានការ​សប្បាយចិត្ត និង​បាន​ចាត់ទុកជា​មោទន​ភាព​ថ្មី​មួយទៀត​របស់​កម្ពុជា​។ តាមរយៈ​នេះ កម្ពុជា​នឹង​អាច​ប្រើប្រាស់​កម្មវិធី​នេះ ក្នុងការ​ចែករំលែក​បទពិសោធ​ន៍ និង​ចំណេះ​ពី​បញ្ហា​អេដស៍​ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក​។​

​លោក​បាន​បន្តថា កម្ពុជា​នឹង​អាច​ជំរុញ​ឱ្យ​រួមគ្នា​ដើម្បី​ដំណើរ​ការ​ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​នៅក្នុង​ឆ្នាំ ​២០៣០ របស់​សកលលោក​ដែល​នេះ​ធ្វើឱ្យ​កម្ពុជា​កាន់តែ​ល្បីល្បាញ និង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​​ចែករំលែក​បទពិសោធ​ន៍​ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​យកទៅអនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​ដូច​កម្ពុជា​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​អេដស៍​នេះ​។​

​លោក ជួប សុខ​ចំរើន បាន​បញ្ជាក់ថា​៖ «​នៅ​តំបន់​អាស៊ី​អា​ប៉ា​ហ្វិ​ក មាន​ប្រទេស​មិនតិចជាង​ ២០​ ទេ ដែលមាន​បញ្ហា​ប្រឈម​ច្រើន​លើ​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ ជំងឺអេដស៍ ហើយ​មេរៀន​បទពិសោធន៍​ដែល​កម្ពុ​ជាមាន​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រទេស​ទាំងនោះ​រៀនសូត្រ​បាន ដើម្បី​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​ ២០៣០ របស់​ពិភពលោក​បាន​។ នេះ​ជា​មោទនភាព​របស់​ជាតិខ្មែរ​យើង​»​។​

​សូមបញ្ជាក់​ផងដែរ​ថា នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ​៧ ខែមេសា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ដោយ​បង្ហាញ​ពី​មោទនភាព​របស់​កម្ពុជា​ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច និង​សង្គម អង្គការ​សហ​ប្រជាជាតិ បានសម្រេច​បោះ​ឆ្នោត​ទទួលស្គាល់ និង​បាន​បញ្ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ UNADIS៕