បន្ទាយ​មាន​ជ័យៈ ស្ថាន​ភាព​ពលករ​ខ្មែរ​សម្រុក​ចេញពី​ប្រទេស​ថៃ ​ចូល​មក​​​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោ​យប៉ែត​នៅតែ​បន្ត​មាន​ភាព​មមា​ញឹក​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​ភាព​កកស្ទះ​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​នេះ​ត្រូវបា​ន​កាត់​បន្ថយ​។ នេះ​បើតាម​សម្ដី​មន្ត្រី​នគរបាល​ទំនាក់​ទំនង​កិច្ចការ​ព្រំដែន កម្ពុជា​-​ថៃ​។​

​លោក អ៊ី ចម្រើន នាយ​ប៉ុស្តិ៍​នគរ​បាល​អ​ន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​រដូវ​កាល​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​ ២០២៣ ​នេះ​ ពលរដ្ឋ​ខ្មែរចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​សម្រុក​វិល​ត្រឡប់​មក​លេង​ស្រុកកំ​ណើតនៅ​ក្នុង​ប្រទេស​កម្ពុជា​ វិញយ៉ាង​ច្រើន​កុះករ​ ខុសប្លែក​ពី​បណ្ដា​ឆ្នាំ​មុនៗ​ ជា​ពិសេស ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ (​ថ្ងៃទី​ ៨-៩-១០​ ខែម​សា​) ពលករ​ខ្មែរ​ប្រ​មាណ​ពី​ ៣-៤​ ពាន់​នាក់ ​ក្នុង ​១ ​ថ្ងៃ បាន​សម្រុក​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញធ្វើ​ឱ្យ​មាន​ភាព​កក​ស្ទះ​ខ្លាំង​នៅ​ឯ​ច្រក​ព្រំដែនក្នុង​ទឹក​ដី​ថៃ​។

​លោក​ថ្លែង​ថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ១១ ​ខែមេសា ឆ្នាំ​ ២០២៣ ​លំហូរ​ពលករ​ខ្មែរវិល​ត្រឡប់​ពី​ធ្វើការងារ​ក្នុង​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត នៅតែ​មាន​ភាព​មមា​ញឹក​គួរឱ្យ​កត់​សម្គាល់​ប៉ុន្តែ​មិន​មាន​ភាព​កក​ស្ទះ​ទៀត​នោះ​ទេ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​​ ២ (​ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា ​និងខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​) បាន​សហ​ការ​គ្នាជួយ​សម្រប​សម្រួល​ពន្លឿន​នីតិ​វិធី​ ក្នុង​ការងារ​បំពេញ​ទម្រង់​បែប​បទ​ជូន​ដល់​ពល​ករ​ខ្មែរ​យើង​»​។

​ជា​មួយ​គ្នា​នេះ ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិ​បាល​រង​ខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ដើម្បី​ដោះ​ស្រាយ​ភាព​កក​ស្ទះ​របស់​ពលក​រ​ខ្មែរនៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្ត​រជាតិ​ក្លង​ឡឹ​ក​-​ប៉ោយ​ប៉ែត ​ក្នុង​ទឹកដី​ថៃ​នោះ​ រូប​លោកទទួល​បាន​ការ​ចាត់​តាំង​ពី​លោក អ៊ុំ រាត្រី អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ប្រមាណ​ជិត​ ១០០ ​នាក់ ចុះ​ទៅ​សហ​ការ​ជា​មួយ​អាជ្ញា​ធរខេត្ត​ស្រះ​កែវដើម្បី​ជួយ​សម្រប​សម្រួល​ព​ន្លឿ​ន​នីតិ​វិធីជូន​ដល់​ពលករ​ខ្មែរ​ឆាប់​បាន​ត្រឡប់​ចូល​មក​ស្រុក​កំណើតវិញ ។​

​លោក ​ម៉េង​ជ្រួន បាន​បន្តថា ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញា​ធរ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ក្រុ​មការ​ងារ​របស់​លោកបាន​នាំ​យក​រ​ថយន្ត​ដឹក​អ្នក​ដំណើរ​ចំនួន​១០​គ្រឿង ​ចូល​ទៅ​ជួយ​អន្តរា​គមន៍​ដឹក​ជញ្ជូន​ពល​ករ​ខ្មែរ ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ក្លង​ឡឹ​កទៅ​កាន់​មណ្ឌល​សំចត​នៃ​ការិយា​ល័យ​នគរ​បាល​អន្តោ​ប្រវេសន៍​ថៃ​ក្នុង​ស្រុក​អារញ្ញដើម្បី​មក​បំពេញ​ទម្រង់​បែប​បទ​ឯកសារ​នានា​ទៅ​តាម​ផ្លូវច្បា​ប់ និង​ដឹក​ពួក​គេពី​មណ្ឌល​សំចត​នេះ ​ទៅកាន់​ច្រក​ទ្វារ​ព្រំដែន ដើម្បី​បោះ​ត្រា​ចេញ និង​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​តែម្ដ​ង ។​

​លោក​បាន​បញ្ជាក់​ថា​៖«​ការ​ដឹក​ជញ្ជូន​ពលក​រ​ខ្មែរ​យើងមក​បំពេញ​បែប​បទ​ឯកសារ​នៅ​មណ្ឌល​សំចត​នៃ​ការិយា​ល័យ​នគរ​បាល​អន្តោប្រ​វេសន៍​ថៃ​ក្នុង​ស្រុក​អារ​ញ្ញ​នៃ​ខេត្ត​ស្រះកែវ​នេះ ​គឺ​ដើម្បី​សម្រួល​ដល់​ការ​ងារ​របស់​មន្ត្រី​អន្តោ​ប្រវេ​សន៍​ថៃនៅឯ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ ​ក្លង​ឡឹ​ក ដែល​មាន​ចំនួន​តិច​ផង ​និង​ដើម្បី​ឃ្លាំ​មើល​ពី​សុខ​ទុក្ខ​របស់​ពល​រដ្ឋ​យើង​ផង​»​។​

​លោក​បាន​បន្ថែម​ថា​៖ «​នៅ​ក្នុង​ការបំ​ពេញ​ទម្រង់​បែប​បទ​នោះ​ អាជ្ញា​ធរ​ថៃ​បាន​រកឃើញ​មាន​ពលករ​ខ្មែរ​យើង​មួយ​ចំនួន​មា​នការ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ផុត​សុពល​ភាព និង​ខ្លះ​ទៀត​បាន​រក​ឃើញថា​ មាន​កូន​នៅ​ក្នុង​បន្ទុក ខ​ណៈពេល​ចូលម​ក​ធ្វើការ​ក្នុង​ប្រទេស​ថៃ ប្រកាស​ថា ​នៅ​លីវ ​និង​មិន​មាន​កូន​។ ប៉ុន្តែ​ករណី​នេះ​ក៏ត្រូវ​បាន​ភាគី​ថៃយល់​ព្រម​ទទួល​យក​តាម​ការ​សម្រប​សម្រួល​ដំណោះ​ស្រាយ​តាម​នីតិវីធីពី​ក្រុម​ការ​ងារ​នៃ​អគ្គ​កុង​ស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ផងដែ​រ​»​។

​បើតាម​លោក ​ម៉េង​ជ្រួ​ន មកទ​ល់​រសៀល​ថ្ងៃ ១១​ ខែមេសា ឆ្នាំ​ ២០២៣ ពលករ​ខ្មែរ​ជាង​ ៣ ០០០ ​នាក់ ត្រូវ​បាន​ក្រុម​ការងារ​របស់​លោក ជួយ​អន្តរាគ​មន៍​សម្រប​សម្រួល​បំពេញ​ទម្រង់​បែប​បទ​តាម​នីតិ​វិធី និ​ង​ដឹក​ជញ្ជូន​ពី​មណ្ឌល​សំចត​ក្នុង​ស្រុក​អារញ្ញ​ប្រទេស​ថៃមក​កាន់​ច្រកព្រំ​ដែន​អន្តរ​ជាតិក្លង​ឡឹ​ក​-​ប៉ោយ​ប៉ែត ដើម្បី​បោះត្រា​​ចេញ និង​ឆ្លង​ចូល​មក​កម្ពុជា​ដោយ​សុវត្ថិ​ភាព​៕