ភ្នំពេញៈ ព្រឹទ្ធសភា​កម្ពុជា​បាន​ឯក​​ភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើស​ន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ​ ដែល​បាន​ទទួលយក​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួម​ប្រមាណ ៨៦ ​ភាគរយ​ដែល​ភាគី​ទាំង ២ សម្រេចបាន​បន្ទាប់ពី​ចរចា​គ្នា​អស់​រយៈពេល​ជាង​ ២៨ ​ឆ្នាំ​។

​ការឯកភាព​ទាំងស្រុង​នេះ ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ព្រឹទ្ធសភា​ពេញអង្គ​លើក​ទី​១០ នីតិកាល​ទី៤ កាលពី​ថ្ងៃទី ​១០ ខែមេសា ឆ្នាំ ២០២៣ ក្រោម​អធិបតី​​ភាព​លោក​សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា ដែល​បាន​ពិនិត្យ និង​ផ្តល់យោបល់ និង​ឯកភាព​ទាំងស្រុង​ដោយ​ឥត​កែប្រែ​ចំនួន​ ៥៨ ​សំឡេង​នៃ​ចំនួន​សមា​​ជិ​ក​ព្រឹទ្ធសភា​ទាំងមូល​លើ​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ពី​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​កសាង​ខ្សែ​ព្រំដែន​សន្តិ​ភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​យូរអង្វែង​ដោយ​ឈរលើ​មូលដ្ឋាន​ការគោរព​ឯករាជ្យ អធិប​តេ​យ្យ និង​បូរណភាព​ដែនដី​គ្នា គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ពិ​សេស​ក្នុង​វឌ្ឍនភាព​នៃ​ការងារ​បោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​​ ២​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា «​សន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ រវាង​ប្រទេស​ទាំង ​២ ជា​កំណត់ត្រា​ទទួលយក​លទ្ធ​ផល​នៃ​ការត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួម​ប្រមាណ​ជា​ ៨៦% ដែល​ប្រទេស​ទាំង​ ២ សម្រេចបាន​លើ​ការងារ​ព្រំដែន និង​ដែល​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ឡាវ​បាន​ចុះ​ហត្ថ​លេខា​នា​ថ្ងៃទី​ ១៣ ខែកុម្ភៈ នៅ​រដ្ឋធានី​វៀងចន្ទន៍ នាពេល​កន្លងទៅ​»​។​

​គួរ​បញ្ជាក់ថា ព្រឹទ្ធសភា​អះអាងថា សន្ធិសញ្ញា​នេះ​ជា​ឯកសារ​ផ្លូវច្បាប់​ប្រវត្តិ​​សាស្ត្រ​ដ៏​មាន​សារៈ​សំខាន់បំផុត​មួយ ដែល​កម្ពុជា និង​ឡាវ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ខ្សែ​ព្រំដែន​ដែល​អាណានិគម​បាន​បន្សល់​ទុកឱ្យ បន្ទាប់ពី​ប្រទេស​ទាំង​ ២ ទទួលបាន​ឯក​រាជ្យ ជា​ឯកសារ​ផ្លូវការ​មូលដ្ឋាន​ក្នុងការ​បន្ត​រក​ដំណោះស្រាយ​តំបន់​ព្រំដែន​នៅសល់​ប្រមាណ​ ១៤%​ ទៀត​។​

​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិ​ន្រៃ្ដ​យ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ថ្លែងថា ជា​ភាព​វិសេសវិសាល​មួយ​សម្រាប់​កម្ពុជា​ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកធ្វើ​កិច្ចការ​ខាង​ព្រំដែន​ទាំង​ភាគី​កម្ពុជា និង​ឡាវ ដោយបាន​ចរចា​អស់​រយៈពេល​ជាង ២៨​ ឆ្នាំ ចាប់​​តាំងពី​ឆ្នាំ​ ១៩៩៥ មកដល់​ឆ្នាំ​ ២០២៣ ដោយមាន​កិច្ចប្រជុំ​ធំៗ​ប្រមាណ​ ១៨៨ ​លើក និង​កិច្ចប្រជុំ​តូចៗ​ផ្សេងៗ​ទៀត​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុ​ជាមាន​សន្ធិសញ្ញា​ផ្លូវច្បាប់​អន្តរជាតិ​ជាមួយ​ឡាវ ដើម្បី​យើង​ទុកជា​តឹកតាង​មួយ​រៀង​ទៅ​។ ចំពោះ​ខ្ញុំ​ដែល​ធ្វើការ​រឿង​ព្រំដែន ខ្ញុំ​ជឿជាក់ថា រដ្ឋាភិបាល​ពិតជា​មាន​មោទនភាព​ណាស់​ដែល​យើង​ទទួលបាន​លទ្ធផល​នេះ ហើយ​អ្វីដែល​នៅ​សេសសល់ យើង​នឹង​ខិតខំ​បន្ត​ដោះស្រាយ ធ្វើ​ម៉េច​ឱ្យបាន​លឿន​ដើម្បី​ប្រយោជន៍​វិសេសវិសាល​សម្រាប់​កម្ពុជា​យើង​ទាំងមូល​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា ការកំណត់​បញ្ហា​ព្រំដែន​ជា​ផ្លូវការ​តាមផ្លូវ​ច្បាប់​រវាង​កម្ពុ​ជា និង​ឡាវ​ជា​រឿង​សំខាន់ ដោយ​កន្លងមក​ប្រទេស​ទាំង ​២ មិនមាន​ភាពច្បាស់​លាស់​លើ​បញ្ហា​កំណត់ព្រំដែន​អន្តរជាតិ​ដែល​បន្សល់ទុក​ពី​មរតក​សម័យកាល​អាណានិគម​បារាំង​នៅ​តំបន់​ឥណ្ឌូចិន​ហើយ​ដែល​កាលនោះ​បារាំង​បាន​កាត់​ព្រំដែន​ទឹកដី​ដោយ​លក្ខខណ្ឌ​រដ្ឋបាល​ទាំង​កម្ពុជា ឡាវ និង​វៀតណាម​។​

​លោក​ថា​៖ «​ការកំណត់​ព្រំដែន​ផ្លូវការ​ច្បាស់លាស់​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ ២ ព្រោះ​កាលណា​យើង​មាន​ផែនទី​ច្បាស់​លាស់​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ធ្វើឱ្យ​ប្រទេស​ទាំង​ ២ អាចធ្វើ​ការ​អភិ​​វ​ឌ្ឍ​នៅ​តំបន់​ព្រំដែន ប្រែក្លាយជា​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ និង​មិន​បារម្ភ​ពី​បញ្ហា​ជម្លោះព្រំដែន​នៅ​ថ្ងៃមុខ​»​។​

​ជាមួយគ្នានេះ​លោក​ក៏​បន្ត​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ រួម​សហ​ការដោះស្រាយ និង​ព​ន្លឿ​ន​ការបោះបង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យបាន​ចប់​បង្គ្រប់​ ១០០% ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ជាម​រតក​ប្រវត្តិសាស្ត្រ​សំខាន់​ដល់​អ្នកជំនាន់ក្រោយ​។​

​គួររំឭកថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រដ្ឋសភាជាតិ​អនុម័ត​យល់​ព្រម​ចំនួន​ ១០៥ ​សំឡេង​ជា​ឯកច្ឆន្ទ កាល​ពីថ្ងៃ​ទី ​៣០ ខែមីនា នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី៦៕