ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការចុះបញ្ជី​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ដល់​ប្រធាន​គណៈកម្មការ​រាជ​ធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​ ២៥ តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គណ​​បក្សនយោបាយ សមាគម អង្គ​​ការមិន​មែនរដ្ឋាភិបាល និង​មន្ត្រី គ​.​ជ​.​ប សរុប​ប្រមាណ ១២៩ ​នាក់ ។​

​បើ​យោងតាម​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា វគ្គ​បណ្ដុះបណ្ដាល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី ​១០ ខែមេសា ឆ្នាំ​ ២០២៣ ក្នុង​គោលបំណង​ធានា​ឱ្យ​ការ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ថា ដើម្បី​ធានា​ឱ្យ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់ បទបញ្ជា នីតិ​វិធី និង​ដោយ​រលូន ព្រមទាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាំបាច់​ត្រូវមាន​ការបណ្តុះបណ្តាល​។​

​លោក ទេព នីថា បាន​ថ្លែង​បន្តទៀតថា​៖ «​ការបណ្តុះ​បណ្តាល​នេះ ក៏​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ឱ្យមាន​ការ​យល់ដឹង​កាន់តែច្បាស់​ពីបទ​ប្ប​ញ្ញត្តិ​នៃ​ច្បាប់ បទបញ្ជា នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​បច្ចេកទេស​ក្នុងការ​រៀបចំ​បញ្ជី​បេក្ខជន និង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាម​កម្មវិធី​កុំព្យូទ័រ និង​ដោយ​ដៃ​»​។​

​វគ្គ​បណ្តុះបណ្តាល​លើក​នេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​វគ្គ​បណ្ដុះបណ្ដាល​មុនៗ ដោយ​សារ​ពេលនេះ ខាង គ​.​ជ​.​ប ធ្វើ​ការបណ្ដុះបណ្ដាល​ទាំង​នីតិវិធី​នៃ​ការចុះបញ្ជី​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ រួម​ទាំង​មានការ​បង្ហាញ​ពី​របៀប​អនុវត្ត​កម្មវិធី ពិសេស​ការប្រើ​​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័​ត៌​មាន ក្នុងការ​រៀបចំ​បញ្ជី​បេក្ខជន​ដើម្បី​ជា​ជំនួយ​ដល់​គណបក្សនយោបាយ ក៏ដូចជា​មន្ត្រី​បោះ​ឆ្នោត​។​

​លោក ញៀន រ៉ា​ដែន អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុ​ន​ស៊ិនប៉ិច បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មន្ត្រី​របស់​គណបក្ស​លោក​ក៏បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ផងដែរ ព្រោះ​វា​មាន​សារៈ​​សំខាន់ និង​ចាំបាច់​សម្រាប់​គណបក្សនយោបាយ​ទាំងអស់​ក្នុងការ​ស្វែងយល់​ពី​នីតិវិធី​នៃ ការចុះបញ្ជី​គណបក្ស​ន​យោ​​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ​ ២០២៣​ នេះ​។​

​លោក រ៉ា​ដែន ថ្លែងថា​៖ «​វគ្គ​​បណ្តុះបណ្តាល​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​គណ​បក្សនយោបាយ​ទាំងអស់ ក្នុងការ​រៀបចំ​ឯកសា​រ ដាក់​បេ​ក្ខ​ជន​តំណាងរាស្ត្រ ដើម្បី​ធានាថា ដាក់​ទៅ​កុំ​ឱ្យមាន​កំហុស​​ឆ្គង​ក៏ដូចជា​ដាក់​ទៅឱ្យ​ទាន់ពេលវេលា តាម​ការកំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​»​។​

​តាម​ប្រតិទិន​របស់ គ​.​ជ​.​ប​ការចុះបញ្ជី​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី៧ ឆ្នាំ ​២០២៣ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៤ ខែ​មេសា រហូតដល់​ថ្ងៃទី​ ៨ ខែ​ឧសភា ឆ្នាំ​ ២០២៣៕