ភ្នំពេញៈ តំណាង​សហភាព​​សហជីព សហព័ន្ធ​សហជីព សហជីព និង​សមាគម ធ្វើការ​ក្នុង​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ទិវា​ពលកម្ម​អន្ដរជាតិ ខួប​លើក​ទី​១៣៧ ឆ្នាំ​ ២០២៣ ដោយ​មានការ​ដង្ហែ​ក្បួន ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ២ ០០០​ នាក់​ផង​ដែរ​។ នេះ​បើ​យោងតាម​លិខិត​របស់​តំណាង​សហភាព​សហ​​ជីព សហព័ន្ធ​សហជីព សហ​​ជីព និង​សមាគម​ចំនួន ១០ ដែល​បាន​ផ្ញើជូន​លោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១០ ខែមេសា ស្តីពី​ការរៀបចំ​កម្មវិធី និង​ដង្ហែ​ក្បួន ក្នុងឱកាស​ទិវា​ពលកម្ម​អន្ដរជាតិ​នេះ​។​

​លិខិត​នេះ​បាន​លើកឡើងថា ទិវា​ពលកម្ម​អន្ដរជាតិ ជា​ទិវា​មួយ​សំខាន់​ដែល​កម្មករ​និ​យោ​​ជិត និង​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​រំឭក​សិទ្ធិ​ការងារ​។

​ចំណែក​នៅ​កម្ពុជា សហភាព​​ការងារ​កម្ពុជា តែងតែ​រៀបចំ ប្រារព្ធ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ​ដោយ​ធ្វើ​ការសហការ​ជាមួយ​សហភាព​សហជីព សហព័ន្ធ​សហជីព សហជីព សមាគម និង​អង្គការ​ពាក់ព័ន្ធ​នានា ដើម្បី​អបអរ​ទិវា​នេះ ក៏ដូចជា​ដាក់សំណើ​ផ្សេងៗ​ពាក់ព័ន្ធ​វិស័យ​ការងារ​ទៅ​រាជរដ្ឋាភិបាល និង​រដ្ឋសភា ដើម្បី​ឱ្យជួយ​ដោះ​ស្រាយ​។​

​ក្រុម​សហជីព​ទាំងនេះ​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២៣ នេះ ជា​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​ ១៨៨៦-២០២៣ យើងខ្ញុំ​បាន​ឯកភាពគ្នា​រៀបចំ​កម្មវិធី​នេះ ក្រោម​ប្រធានបទ​រួមគ្នា​លើកកម្ពស់​សិទ្ធិ​ការងារ និង​សេរីភាព​សហ​ជីព​ដែលមាន អ្នកចូលរួម​ចំនួន​ ២ ០០០ ​នាក់​»​។

ពិធី​នេះ​ក៏​គ្រោង​នឹង​ជួបជុំគ្នា​នៅ​សួនច្បារ ​CDC វេលា​ម៉ោង​ ៦:៣០ ​នាទី​ព្រឹក រួច​ហែ​ក្បួន តាម​បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់​វិមាន​រដ្ឋសភា បន្ទាប់មក​រៀបចំ​ពិធី​នៅ​ទីនោះ​រហូតដល់​ម៉ោង ​១២​ ថ្ងៃត្រង់ រួច​ប្រគល់​ញត្តិ​ជូន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​

​លោកស្រី ដោ សម្ផស្ស នា​យិ​​កា​ទីចាត់ការ​រដ្ឋបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា សាលា​រាជធានី​ភ្នំពេញ បានឃើញ​លិខិត​របស់​តំណាង​សហ​ជីព សមាគម​ទាំងនេះហើយ​។​

​លោកស្រី​បាន​បញ្ជាក់ថា នៅក្នុង​លិខិត​របស់​ពួកគាត់ ដែល​យកមក​ដាក់​នៅ​សាលា​រាជធានី​​ភ្នំពេញ គឺមាន​ភាពមិន​ត្រឹមត្រូវ​នោះទេ​ដោយសារ​នៅក្នុង​លិខិត ទូលាយ​ពេក មិនបាន​បញ្ជាក់ថា​កម្ម​វិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃ​ណា​ឡើយ​៕