ភ្នំពេញៈ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​សម្រួល​ដោះ​ស្រាយ​ដោយ​ជោគ​ជ័យ​ចំពោះ​ការ​តវ៉ា​របស់​ប្រ​ជាពលរ​ដ្ឋ ២៩០​ នាក់​ ពាក់​ព័ន្ធ​បញ្ហា​ថៅកែ​រោងច​ក្រ​មិន​បើក​ប្រាក់ខែ​ឱ្យនៅ​រោង​ចក្រ​ឯករាជ្យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្ថិតក្នុ​ង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ​១ សង្កាត់​ចោម​ចៅ​ទី​២ នៅ​ថ្ងៃទី ​១១​ ខែ​មេសា ឆ្នាំ​ ២០២៣​។

​លោក ​ប៉ាង លីដា អភិ​បាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​១២​ ខែមេសា​ថា ​ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​ ២៩០នាក់​នៅ​រោង​ចក្រ​ឯក​រាជ្យ​កាត់​ដេរ​សម្លៀក​បំពាក់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០​ ខែមេសា ​ដោយ​សារ​ថៅកែ​រោង​ចក្រ​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​ពួក​គាត់​។ លោក​បន្ត​ថា ​ក្រោយ​មាន​ការ​តវ៉ា​កើត​ឡើង​អាជ្ញា​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះទៅ​សម្រួល​ដោះ​ស្រាយ​ដោយ​នៅ​ទីបំផុត​ថ្ងៃទី​១១ ខែ​មេសា​ ការ​ដោះ​ស្រាយ​បញ្ហា​នេះ បាន​បញ្ជ​ប់​ទៅ​ដោយ​ជោគ​ជ័យ​ដែល​ភាគី​រោង​ចក្រ​ព្រម​បើកប្រាក់​ខែ​ឱ្យ​កម្មករ​គ្រប់ៗ​គ្នា​។

​លោក​បាន​និយាយ​ទៅ​កាន់​កម្មករ​រោង​ចក្រ​នោះ​ថា​៖«​ឥឡូវ​លុយ​បាន​មក​ដល់​ហើយ​ពេល​បើក​ថវិកា​រួច​ដល់​ពេល​ទៅ​ផ្ទះ ​ទៅ​ចូល​ឆ្នាំ​រយៈ​ពេល​៣​ថ្ងៃ ​សូម​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ជួបជុំ​គ្រសារ​ដោយ​ក្តី​សប្បាយ​រីក​រាយ សុ​វត្ថិភាព​តាម​ផ្លូវ​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ​»​។

​លោក​អភិ​បាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ចុះ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​នៅ​រោង​ចក្រ​ឯករាជ្យកា​ត់ដេរ​សម្លៀក​បំពាក់(​ខេ​ម​បូ​ឌា​)ខូ​អិ​ល​ធី​ឌី​នេះ ​ធ្វើ​ឡើង​ ដោយ​មាន​ការសហ​ការ​ជា​មួយ​ក្រុម​ការងារ​មក​ពី​ក្រសួង​ការងារ​ផងដែរ​។​ក្រោយ​សម្រប​សម្រួល​ដោយ​ជោគ​ជ័យ​ប្រជា​ពលរដ្ឋ​បាន​សម្តែង​ការ​សប្បាយ​រីករាយយ៉ាង​ក្រៃ​លែង​។ ជា​មួយ​គ្នា​នោះ​ក្នុង​នាម​អាជ្ញាធ​រដែន​ដីលោក​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​កម្មករ​ទាំង​អស់​និង​តំណាង​រោង​ចក្រ​ដែល​បាន​ចូល​រួម​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដោយ​សន្តិ​វិធី​។

​យោង​តាម​ច្បាប់​ស្តីពី​ការងារ​ និង​ប្រកា​សលេ​ខ២៤៣/២២ ក​.​ប​/​ប្រ​.​ក​.​អ​.​ធ​.​ក ចុះ​ថ្ងៃទី​៧ ​ខែកញ្ញា ​ឆ្នាំ​២០២២ ស្តីពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០២៣ ​បាន​តម្រូវ​ឱ្យ​ម្ចាស់ ឬ​នាយក​រោងច​ក្រ សហគ្រាស ​អនុញ្ញាត​ឱ្យ​កម្មក​រនិយោ​ជិត​ទាំង​អស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នាឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី​ជាតិ​ ឆ្នាំ​ថោះ ​ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២៣​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងា​រ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ស្តីពី​ការ​អនុវត្ត​ការឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ចេញ​កាល​ពី​ថ្ងៃទី​៣១ ​ខែ​មីនា​។

​សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឱ្យដឹ​ង​ដែរថា ចំពោះ​រោង​ចក្រ សហ​គ្រាស​ទាំង​ឡាយណា​ដែល​កម្មវត្ថុ​អាជីវ​កម្ម​មាន​ចរិត​លក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និ​ង​មិន​អាច​បញ្ឈប់​សកម្ម​ភាព​បាន ​ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្ម​ករនិ​យោជិត​ទាំង​អស់​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​នាំឱ្យ​ខូច​ប្រយោជ​ន៍​ដល់​សា​ធារណ​ជន​ ឬក៏​ធ្វើឱ្យ​ខូច​ដំណើរ​ការ​របស់​រោង​ចក្រ​ សហ​គ្រាស នោះ​ម្ចាស់ ​ឬ​នាយ​ករោង​ចក្រ ​សហ​គ្រាស​ ត្រូវ​រៀបចំ​បែងចែ​ក​ឱ្យ​កម្មក​រនិយោជិ​ត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ​បុណ្យ​នីមួយៗ​ដោយ​ផ្លាស់​ប្ដូរ​វេន​គ្នា​។

​សេច​ក្តីជូន​ដំណឹង​ក្រសួង​ការងារ​បញ្ជាក់​ថា​«​កម្មករ​និយោ​ជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ​មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើ​នឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​ការ​ធម្មតា​។ ម្ចាស់​ ឬ​នាយក​រោង​ចក្រ​ ស​ហគ្រាស ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ​និយោ​ជិត​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​គ្នា​ឈប់​សម្រាក​តាម​កាល​បរិច្ឆេទ​នីមួយៗ​ខាង​លើ ​និង​រក្សាទុក​ជា​ប្រចាំ​សម្រាប់​ការត្រួតពិ​និត្យ​របស់​អធិ​ការ​ការ​ងារ​»​។

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​កម្មករ​និយោ​ជិត​សាមី ​និង​និយោ​ជក​ឬ​មាន​ចែង​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រោង​ចក្រ សហ​គ្រាស ឬ​អនុ​សញ្ញា​រួម ​ការ​ឈប់​សម្រាក​របស់​កម្មក​រនិយោ​ជិត​អាចអ​នុវត្ត​នៅ​ពេល​ណា​មួយ​ផ្សេង​ទៀ​ត​ដែល​ខុសពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកា​ស​លេ​ខ២៤៣/​២២ ។​

​យ៉ាង​ណាក៏​ដោ​យ ក្រសួង​ការងារ​បាន​ក្រើន​រំឭក​ដល់​ម្ចាស់​ ឬ​នាយក​រោងច​ក្រ សហគ្រា​ស​ និង​កម្មក​រនិ​យោជិត​ទាំងអ​ស់ ​ត្រូវ​បន្ត​ចូល​រួម​អនុវត្ត​វិធាន​ការ "៣​ការពារ និង​៣​កុំ​" និង​វិធាន​ការ​សុវត្ថិ​ភាព​ផ្នែក​សុខាភិ​បាល​ផ្សេង​ទៀត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ផង​ដែរ​៕