​ភ្នំពេញៈ ក្រសួង​កិច្ចការនារី និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ឯកភាពគ្នា​ពិនិត្យ និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​លើ​គម្រោង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី លើ​វិស័យ​អប់រំ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។​

​ការឯកភាព​គ្នា​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោកស្រី​ អ៊ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​លោក​ដូ​មី​នី​ក វិល​លៀម​ស៍ (Dominic Williams) ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី ​១១ ខែមេសា ដោយបាន​ធ្វើការ​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់​អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។​

​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​កិច្ចការនារី​បញ្ជាក់​នា​ថ្ងៃទី​ ១១ មេសា​ថា ក្នុងជំនួប​នោះ​លោកស្រី​អ៊ឹ​ង កន្ថាផាវី បាន​ចែករំលែក​ដល់​លោក Williams នូវ​វឌ្ឍនភាព​ការងារ​សំខាន់ៗ ដែល​ក្រសួង​កិច្ចការនារី​សម្រេចបាន​កន្លងមក​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​ផែនការ​យុទ្ធ​សាស្ត្រ​នារីរតនៈ​ទី​ ៥ របស់​ក្រសួង​កិច្ចការនារី ទៅលើ​វិស័យ​សំខាន់ៗ​ចំនួន​ ៦​។

​វិស័យ​ទាំងនោះ​រួមមាន​ ទី​១. ​ការលើកកម្ពស់​ការអប់រំ​សម្រាប់​ស្ត្រី និង​ក្មេងស្រី ជាពិសេស​ការអប់រំ​ស្ទី​ម (STEAM Education) ទី​២. ​ការគិតគូរ​ពី​សុខភាព​ដល់​ស្ត្រី និង​ក្មេងស្រី ទី​៣. កិច្ចការពារ​ផ្លូវច្បាប់​ដល់​ស្ត្រី និង​ក្មេងស្រី ទី​៤. ​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ក្នុង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​រួមទាំង​ក្នុង​វិស័យ​ឯកជន ទី​៥.​ ស្ត្រី និង​បម្រែបម្រួល​អាកាសធាតុ និង​ទី​៦.​ ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បញ្ជាក់ថា ក្នុងជំនួប​នោះ​លោក Williams បាន​សាទរ​ក្រសួង​កិច្ចការនារី ចំពោះ​ការសម្រេចបាន​លទ្ធផល «​ដ៏​ល្អប្រសើរ​» លើ​ការអនុវត្ត​ការងារ​កន្លងមក​ពាក់​ព័ន្ធ​នឹង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ និង​បង្ហាញ​ពី​ផែន​ការ​យុទ្ធសាស្ត្រ​អន្តរជាតិ​ស្ត្រី និង​ក្មេងស្រី ឆ្នាំ​ ២០២៣-២០៣០ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងការបរទេស​ចក្រ​ភព​អងគ្លេស់​ថ្មីៗ​នេះ​។ ផែនការ​យុទ្ធសាស្ត្រ​នេះ ផ្តោត​សំខាន់​ទៅលើ​គម្រោង​សំខាន់​ចំនួន​ ៣ រួមមាន ទី​១. ​ការអប់រំ​ក្មេងស្រី ទី​២.​ ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង​សិទ្ធិ និង​ទី​៣.​ ការបញ្ឈប់​អំពើហិង្សា​លើ​យេនឌ័រ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ក្នុងជំនួប​នេះ​លោកជំទាវ​កិត្តិ​បណ្ឌិត​រដ្ឋមន្ត្រី [​អ៊ឹ​ង កន្ថាផាវី​] និង​ឯកឧត្តម ឯកអគ្គរាជទូត [Dominic Williams] បាន​ឯកភាពគ្នា​ទៅលើ​ការពិនិត្យ និង​ពិភាក្សា​លើ​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ភាពជា​ដៃគូ​ទៅលើ​គម្រោង​នានា​ក្នុងការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​លើ​វិស័យ​អប់រំ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​»​។​

​ស្ថានទូត​អង់គ្លេស​បញ្ជា​ក់លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ១២ មេសា​ថា ចក្រភព​អង់គ្លេស​គាំទ្រ​សិទ្ធិ​ស្ដ្រី និង​កុមារី និង​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នៅក្នុង​ការលើកកម្ពស់​ស​ម​ភាព​យែ​ន​ឌ័​រ​។ កាលពីពេល​ថ្មីៗ​នេះ ក្រសួងការបរទេស (FCDO) នៃ​ចក្រភព​អង់គ្លេស បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​អន្តរជាតិ​នៃ​ចក្រភព​អង់​គ្លេ​ស​ដំបូង​គេ​ស្ដីពី​ស្ដ្រី និង​កុមារី សម្រាប់​ឆ្នាំ ​២០២៣-២០៣០ ដើម្បី​សម្រេច​នូវ​ទស្សនៈវិស័យ និង​ការប្ដេជ្ញាចិត្ត​នេះ​។​

​ស្ថានទូត​បញ្ជាក់ថា ក្នុងជំនួប​នា​ថ្ងៃទី ​១១ ខែមេសា ជាមួយ​លោកស្រី អ៊ឹ​ង កន្ថាផាវី លោក Dominic Williams បានលើកឡើង​ពី​កិច្ចការងារ និង​ការគាំទ្រ​របស់​ស្ថានទូត​អង់គ្លេស ទៅលើ​ប្រធានបទ​នេះ និង​បាន​ពិភាក្សា​ផងដែរ​អំពី​ឱកាស និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ស្ថានទូត​អាច​ចូលរួមចំណែក​គាំទ្រ ជាពិសេស​សកម្មភាព​ដែល​ដឹក​នាំ​ដោយ​ក្រសួង​កិច្ចការនារី​។​

​បើតាម​ក្រសួង​កិច្ចការនារី ប​ច្ចុ​ប្បន្ន​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ ៥១ ​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ហើយ​ថា​៖ «​ហេតុនេះ​ការអភិវឌ្ឍ​សមត្ថភាព​របស់​ស្ត្រី ជាពិសេស​ក្នុង​ភាពជា​អ្នកដឹកនាំ ជា​កិច្ចការ​អាទិភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធ​សាស្ត្រ​នារីរតន​:​ទី៥ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ចូលរួម​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​ឆ្នាំ​ ២០៥០​ ដែល​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​»​។​

​ជាមួយគ្នានេះ​ក្រុមការងារ​អនុវត្ត​គម្រោង​មេគង្គ​ឡាន​ឆាង នៃ​ក្រសួង​កិច្ចការនារី ក៏បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល​» ពីថ្ងៃ​ទី​ ១១ ដល់​ថ្ងៃទី​ ១៣ មេសា ផងដែរ​ដើម្បី​ពង្រីក​កាលា​នុ​វត្ត​ភាព​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅតាម​ទីជនបទ​តាមរយៈ​បច្ចេក​​វិទ្យា​ឌីជីថល និង​របៀប​សរសេរ​គ​ម្រោ​ង​សាកល្បង​តូចៗ សម្រាប់​ប្រទេស​សមាជិក​មេគង្គ​ឡាន​ឆាង ​(LMC)​ មាន​កម្ពុជា វៀត​​ណា​ម និង​ថៃ​៕