ភ្នំពេញៈ ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាង​ ១៣ ​លាន​នាក់​បាន​ដើរ​កម្សាន្ត​តាម​តំបន់​នានា​នៅ​ទូទាំងប្រទេស​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រ​ពៃ​ណី​ជាតិខ្មែរ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ដែល​បានចាប់ផ្ដើម​កាល​ពីថ្ងៃ​ទី​ ១៤ ខែមេសា និង​បញ្ចប់​នៅ​ថ្ងៃទី ​១៦ ខែមេសា​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា​៖ «​ចំនួន​ភ្ញៀវទេសចរ និង​ប្រជា​ពលរដ្ឋ​ជាង​ ១៣ ​លាន​នាក់​ក្នុង​រយៈពេល ​៣​ ថ្ងៃនេះ គឺជា​ចំនួន​ដ៏​ច្រើន​លើសលប់​ហួស​ពី​ការរំពឹង​ទុក និង​ច្រើនជាង​ពេលមុន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ទៅទៀត​»​។​

​លោក​បាន​បញ្ជាក់ថា ចំនួន​ភ្ញៀវ​ទាំង​ជាង​ ១៣ ​លាន​នាក់​នេះ គឺ​រដ្ឋបាល​រាជធានី​-​ខេត្ត​បាន​រាប់បញ្ចូល​ទាំង​ភ្ញៀវទេសចរ​ដែល​ទៅលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ គោល​​ដៅ​ទេសចរណ៍ ទីតាំង​ដែលមាន​ការរៀបចំ​កម្ម​វិធី​សង្ក្រាន្ត ព្រមជាមួយ​ប្រជាពលរដ្ឋ​ដែល​លេង​​កម្សាន្ត​នៅតាម​ភូមិ ស្រុក និង​កន្លែង​ជួបជុំ​នានា​ទូទាំងប្រទេស​។​

​លោក ថោង ខុន ថ្លែងថា​៖ «​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខួប​ ១០​ ឆ្នាំ ដែល​បើក​ទំព័រ​ឡើង​ក្រោម​អធិបតីភាព​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​ការរៀបចំ​កម្មវិធី​សង្ក្រាន្ត​នៅ​គ្រប់​រាជធានី​-​ខេត្ត ពិសេស​នៅតាម​ទីប្រជុំជន​ទី​រួម​ខេត្ត ទី​រួម​ស្រុក តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ វត្ត​អារាម និង​នៅតាម​ភូមិ ស្រុក​នានា គឺជា​កត្តា​ដែល​បាន​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​»​។​

​ទិន្នន័យ​ដដែល​នេះ​បានឱ្យដឹងថា នៅក្នុង​ថ្ងៃទី​ ១ នៃ​បុណ្យ​​ចូលឆ្នាំ​ប្រពៃណីជាតិ ត្រូវ​នឹង​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​ ២០២៣ មាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​ប្រមាណ​ជាង ២​ លាន​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២ ០៧៩ ៦៧០ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៨ ៨៣១​ នាក់​។ ដោយឡែក ថ្ងៃទី ​២ មាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេស​​ចរណ៍ និង​រមណីយដ្ឋាន​ទេស​ចរណ៍​នានា​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៤ ២៣៧ ៧៨០ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៤ ២១៩ ០២១​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង ​១៨ ៧៥៩​ នាក់​។​ថ្ងៃទី​ ៣ មាន​ចំនួន ​៦ ៨៥១ ៤៩០ ​នាក់​។​

​លោក តុ​ប សុ​ភ័​ក្រ អ្នក​នាំ​ពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែ​មេសា​បន្ថែមថា ការទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ គឺមាន​ការ​កើនឡើង​នេះ ដោយសារតែ​ស្ថានភាព កាន់តែ​ធូរស្រាល​ពី​ជំងឺឆ្លង​កូ​វីដ​ ១៩ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ដែល​សម្រួល​ដល់​ការធ្វើដំណើរ របស់​ទេសចរ​មកពី​គ្រប់​មជ្ឈដ្ឋាន​។

​លោក តុ​ប សុ​ភ័​ក្រ ថ្លែងថា​៖ «​ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេស​ចរ​មិនតិចជាង ២​ លាន​នាក់​នោះទេ ដោយសារ​ខេត្ត​មួយ​នេះ​បានរៀបចំ​ខួប ​១០​ ឆ្នាំ​នៃ​ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត​។ ម្យ៉ាងវិញទៀត​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ បានរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន ដែលជា​ការរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​»​។

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹងថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ឆ្នាំនេះ កំណើន​ទេសចរ​ផ្ទៃក្នុង​កើនឡើង​ដែល​បានរួម​ចំណែក​ជួយ ធ្វើឱ្យ សេដ្ឋកិច្ច​មូលដ្ឋាន និង​សេដ្ឋកិច្ច​ជាតិរស់​ឡើងវិញ​ផងដែរ​។​

លោកស្រី​បាន​បញ្ជាក់ថា​៖ «​នៅពេលណា​ភ្ញៀវទេសចរ​ចេញ​ដើរ គឺ​ត្រូវការ​សេវាកម្ម​នានា ដូច​ជា សេវាកម្ម​ដឹកជញ្ជូន ទាំង​ផ្លូវ​អាកាស ផ្លូវគោក ផ្លូវទឹក សេវា​កម្ម​ស្នាក់នៅ សេវាកម្ម​ម្ហូប​​អាហារ និង​សេវាកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។ នៅ​រៀងរាល់​មានបុណ្យ​ប្រពៃណីជាតិ​ម្តងៗ ការចេញ​ដើរ​កម្សាន្តរ​បស់បង​-​ប្អូន​ប្រជាពលរដ្ឋ បានរួម​ចំណែក​ច្រើនណាស់​ដល់​អាជីវក​ម្មទេស​ចរណ៍​របស់​យើង​»​។​

​លោកស្រី ឆាយ ស៊ីវ​លីន ថ្លែងថា អាជីវកម្ម កន្លងមក​ដែល​ធ្លាប់​បិទទ្វារ និង​ផ្អាក​កាលពី​អំឡុង​ពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ជិត ​៤​ ពាន់​ទីតាំង​នោះមក ដល់ពេលនេះ​អាជីវកម្ម​ទាំងនោះ​ភាគច្រើន បាន​បើក​ដំណើរការ​ឡើងវិញ​ផងដែរ​។​

​លោក តូច ប៉ូ​លី​វ៉ា អភិបាល​​រង​ខេត្តស្វាយរៀង បាន​ប្រាប់​ឱ្យដឹងថា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​ក៏មាន​ការដាក់​តាំង​លក់​ផលិតផល​តាម​បណ្តា​ស្រុក​-​ក្រុង​នានា​របស់​ខេត្ត រួមទាំង​ការ​ចូលរួម​លេង​កម្សាន្ត​នូវ​កម្មវិធី​សប្បាយៗ​នានា ដូចជា​តំបន់ EDM តំបន់​ត្រជាក់ចិត្ត តំបន់​លេងល្បែង​ប្រជាប្រិយ​ជាដើម​ជាមួយ​ប្រជាពលរដ្ឋ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល ៣ ​ថ្ងៃ​នៃ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​នេះ ពុំមាន​ហេតុការណ៍​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះទេ គឺមាន​សន្តិសុខ សណ្ដាប់ធ្នាប់​របៀបរៀបរយ​បានល្អ​ប្រសើរ ដោយ​ខេត្ត​មាន​កងកម្លាំង​ការពារ​សន្តិសុខ​នៅក្នុង​ពិធី និង​មាន​មន្ត្រី​សុខាភិបាល​ប្រចាំការ និង​សម្រួល​ចរាចរណ៍​ផងដែរ​»​។

​លោក វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់ថា ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត នេះ ភ្ញៀវទេសចរ​បាន​ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ស្នាក់នៅ​។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ​បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​សង្ក្រាន្ត នៅតាម​ទីប្រជុំ​ជន​ទី​រួម​ខេត្ត ទីរួមស្រុក តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ វត្ត​អារាម និង​នៅតាម​ភូមិ​ស្រុក​នានា គឺជា​កត្តា​ដែល​បាន​ទាក់​ទាញ​ឱ្យ​ភ្ញៀវទេសចរ និង​ប្រជា​​ពលរដ្ឋ ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ​។

​លោក​ថ្លែងថា​៖ «​ខេត្ត​បាន​បង្កើន​ទំហំ នៃ​ការជួបជុំ​កម្សាន្ត​កម្មវិធី​សង្ក្រាន្ត នៅតាម​ទីប្រជុំជន​សំខាន់ៗ ដូចជា​ការ​បន្ថែម​ឡានទឹក សម្រាប់​បាញ់​ទឹក​កម្សាន្ត និង​ការប្រគំ​តន្ត្រី​ជា​ដើម​។ ទន្ទឹមនឹងនេះ សកម្មភាព​នៃ​ការដើរ​កម្សាន្ត​របស់​ភ្ញៀវ និង​បងប្អូន​ប្រជាពលរដ្ឋ មាន​តាំងពី​ពេលព្រឹក​រហូតដល់​យប់ ពិសេស​ការកម្សាន្ត​បាញ់​ទឹក លាបម្សៅ និង​ចាក់​ភ្លេង​កម្សាន្ត​។ ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើតជា​ផលប្រយោជន៍​សេដ្ច​កិច្ច​ដ៏​ច្រើន នៅតាម​មូលដ្ឋាន ស​ណ្ឋា​គារ ផ្ទះសំណាក់ និង​សេវា​ស្នាក់​នៅ​ផ្សេងៗ ស្ទើរ​ពេញ​ ១០០​ ភាគរយ​»៕