សៀមរាបៈ ​លោកនាយករ​ដ្ឋ​​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​បរទេស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចការងារ​អភិរក្ស​ប្រាសាទ​របស់​ខ្មែរ ជា​​ពិសេស​បាន​នាំយក​នូវ​ចម្លាក់​បុរាណ​ខ្មែរ ដែល​ត្រូវបាន​បាត់​បង់ យកមក​កាន់​កម្ពុជា​វិញ​។​

​លោក​ ហ៊ុន សែន បាន​លើក​​ឡើង​ដូចនេះ ក្នុង​ពិធី​បើក​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​​ ២០២៣ និង​អបអរសាទរ​ខួប ​១០ ឆ្នាំ នៃ​ការបើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នា​ព្រឹក​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ ២០២៣ នៅ​ខេត្តសៀមរាប​។​

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​បរទេស​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ​ដែល​បាន​ចូលរួម​ជួយ​ទៅដល់​ការអភិរក្ស​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ក៏ដូចជា​ប្រាង្គ​ប្រាសាទ​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ជាមួយគ្នា​នោះដែរ​លោក​នា​យក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ក៏ដូចជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​កន្លងទៅ​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម នូវ​ការ​​នាំយក​មកវិញ នូវ​មរតក​វប្បធម៌​របស់​កម្ពុជា ដែល​ត្រូវបាន​លួច និង​ជួញដូរ​ទៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​លោក ហ៊ុន សែន សង្កត់ធ្ងន់ថា​៖ «​យើង​សង្ឃឹមថា ប្រទេស​នានា​នឹងចូលរួម​កិច្ច​ការនាំ​សម្បត្តិ​វប្បធម៌​ដែល​បាន​បាត់បង់ វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ជាមួយនឹង​ការខិតខំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដែល​បានធ្វើ​កិច្ចការងារ​នេះ​យ៉ាងសកម្ម​ជាមួយនឹង​ដៃ​គូ​សហការ ដោយ​ក្នុងនោះ​សហរដ្ឋអាមេរិក​ជា​ប្រទេស​នាំមុខ​ ១ ក្នុងចំណោម​ប្រទេស​នាំមុខ​ក្នុងការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ដែល​ត្រូវបាន​យកចេញ​ពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​»​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី ១៧ ខែមីនា​កន្លងទៅ លោកនាយក​​រដ្ឋមន្ត្រី បាន​ចូលរួម​ពិធី​ទទួល​រតនវត្ថុ​បុរាណ​ខ្មែរ​ដែល​បានប្រគល់​ជូន​មក​កម្ពុជា​វិញ ក្នុងនោះ​មាន​ទាំង​គ្រឿងអលង្ការ​បុរាណ​ខ្មែរ​ធ្វើ​ពី​មាស និង​លោហៈ​មានតម្លៃ​ទាំង ធំ​-​តូច ចំនួន ៧៧ ​គ្រឿង ដែល​ត្រូវបាន​នាំយក​ពី​ចក្រភព​អង់​គ្លេ​ស​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​ក្នុងចំណោម​សម្បត្តិ​វប្បធម៌​​ខ្មែរ​ដែល​ទទួល​បានមក​វិញ​នេះ មាន​រូប​បដិមា​សំខាន់ៗ​មួយចំនួន ដូចជា ផ្នែក​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា ព្រមទាំង​គ្រឿង​អលង្ការ​បុរាណ ក្នុង​សម័យមុន​អង្គរ និង​សម័យអង្គរ ជាពិសេស បដិមា​ថ្ម​ធំៗ​។ ក្នុងនោះ​មាន​ដូច​ជា​៖ ព្រះ​ឥសូរ និង​ព្រះ​ស្កន្ទ​, ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក និង​ព្រះ​គណេស ដែលមាន​ប្រភពដើម​មកពី​រម​ណី​យ​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​នៅ​សតវត្សរ៍​ទី​ ១០ ​នៃ​គ​.​ស ដែល​ធ្លាប់ជា​គោលដៅ​នៃ​ការ​លួច​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅក្នុង​អំឡុង​នៃ​សម័យ​សង្គ្រាមស៊ីវិល និង​អសន្តិសុខ​ក្នុងស្រុក​។​

​ជាមួយគ្នានេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាននិងកំពុង​សហកា​រ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក និង​ប្រទេស​ដទៃទៀត ក៏ដូចជា​បន្ត​ការចរចា​ជាមួយ​ស្ថាប័ន និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន ដើម្បី​រៀបចំ​នីតិវិធី​ទាមទារ និង​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ជាច្រើន​ទៀត​ត្រឡប់មក​កម្ពុជា​វិញ​៕