សៀម​រាបៈ​ លោក​ ហ៊ុន ម៉ា​នី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​.) លើកឡើ​ងថា ​ព្រឹត្តិការ​ណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ ២០២៣ ​រយៈពេ​ល ៣ ​ថ្ងៃ បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាម​ញញឹម​រាប់​លាន​ដល់​ពល​រដ្ឋ​ខ្មែរ​ពី​គ្រប់​ទិស​ទី​។​

​លោក​ហ៊ុន ​ម៉ា​នី លើក​ឡើង​ដូច្នេះ​ តាមរយៈ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​១៧​ ខែមេសា ឆ្នាំ​២០២៣​ ខណៈ​ពេល​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ដែល​បាន​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី១៤ ដល់​១៦ ​ខែមេ​សា ដែ​ល​រៀបចំ​ដោយ(​ស​.​ស​.​យ​.​ក​.) នៅ​រមណីយ​ដ្ឋាន​តំបន់​អង្គរ​ ខេត្ត​សៀមរា​ប បាន​បិទ​បញ្ចប់​ជា​ស្ថា​ពរ​។​

​គួរ​បញ្ជាក់​ថា ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ថ្ងៃចូ​លឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ក្នុង​ឆ្នាំ​២០២៣​ នេះ ជា​ខួប​ទី​១០ នៃ​វត្តមាន​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​លើ​ទឹកដី​អង្គរ​ ដែល​ព្រឹត្តិ​ការណ៍​នេះ​បាន​ពាំ​នាំយក​នូវ​ផ្ទាំង​ទស្សនីយ​ភាព​វប្បធម៌ ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​ ទម្រង់​របាំ​ប្រពៃ​ណី​ខ្មែរ ​កម្មវិធី​សា​សនា ពិសេស​ការ​ស្រូប​ទាញ​ជា​គោលដៅ​ទេស​ចរណ៍​និង​កំណើន​ភ្ញៀវ​ទេស​ចរ​ជូន​ខេត្ត​សៀម​រាប​ជា​មួយ​នឹង​ការ​បំបែក​កំណត់​ត្រា​ពិភព​លោក​ជា​ច្រើន​សម្រាប់​កម្ពុជា​។​

​លោក​ហ៊ុន ​ម៉ា​នី បាន​បញ្ជាក់​ថា​៖ «១០​ឆ្នាំ​មក​នេះ ​យើង​បាន​បង្កើត​ចំណង​មិត្ត​ភាព​ ភាត​រភាព និង​សាមគ្គី​ភាព​យ៉ាង​រឹងមាំ ហើយ​ចេញ​ពី​អង្គរ​សង្ក្រាន្ត ​យើង​ក៏បាន​បង្កើត​សមិទ្ធ​ផល​ជាច្រើន​ផ្សេង​ទៀត​រួ​មគ្នា​»​។​

​លោក​បន្ត​ថា ក្នុង​នាម​តំណាង​ដល់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា លោ​ក​សូម​ថ្លែង​អំណរគុ​ណ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ដែល​បាន​គាំទ្រ​និង​ផ្តល់​កិត្តិ​យស​ចូលរួម​ជា​អធិ​បតី​បើក​អង្គ​ពិធី​និង​ជាពិ​សេស​កិច្ចខិ​តខំ​របស់​រដ្ឋាភិ​បាល​លើ​ការ​គ្រប់​គ្រង​ជំងឺ​កូ​វីដ​១៩ ​ដែល​ញ៉ាំង​ឱ្យ​កើត​មាន​ឱកាស​រៀបចំ​ព្រឹត្តិកា​រណ៍​អង្គរ​សង្ក្រាន្ត​បាន​។​

ប្រធាន​​ស​.​ស​.​យ​.​ក​.រូបនេះ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដែល​បាន​ចូល​រួម​ចំណែក​ធ្វើឱ្យ​ព្រឹត្តិ​ការ​ណ៍​អង្គរ​សង្ក្រាន្ត​ខួប​១០​ឆ្នាំ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័​យ ក្នុង​នោះ​មាន​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ដែល​បាន​ជួយ​សម្រប​សម្រួល លោក​គ្រូ ​អ្នក​គ្រូ សាស្ត្រា​ចារ្យ សិល្ប​ករ ដែល​​បាន​ចូលរួម​ដំឡើង​និង​សម្តែង​ផ្ទាំង​ទស្ស​នីយ​ភាព​ និង​អាជី​វករ វិស័យ​ឯក​ជន​ ដៃគូ​ឧបត្ថម្ភ និង​ប្រជា​ពលរដ្ឋ​ដែល​បាន​ដើរ​តួនា​ទី​សំខាន់​ក្នុង​កា​រទទួល​ភ្ញៀវ​ទេសច​រ​ជាតិ ​និង​អន្តរ​ជាតិ​។​

​លោក​បាន​បន្ថែម​ថា​៖ «​ចុង​ក្រោយ ​និង​ពិសេស​ជាងគេ​បំផុត គឺ​សូម​អរគុ​ណ​ដល់​ក្រុម​គ្រួសារ​យុវជន​ស្ម័គ្រ​ចិត្ត​គ្រប់​ក្រុម​ បងៗ​សមត្ថ​កិច្ច ​ក្រុម​គ្រូ​ពេទ្យ បងៗ​អនា​ម័យ ​ក្រុម​បច្ចេក​ទេស ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​ក្នុង​ការងារ​ធានា​នូវ​ដំណើរ​ការ​របស់​អង្គរ​សង្ក្រាន្ត​។ អ្នក​ទាំង​អស់​គ្នា​នេះ​ហើយ​គឺជា​មូល​ហេតុ​នៃ​ស្នាម​ញ​ញឹម​រាប់​លាន​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​នេះ​»​។​

​សូម​ជម្រាប​ជូន​ថា ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត ខួ​ប​១០​​ឆ្នាំ នៅក្នុង​ឆ្នាំនេះ​ បាន​បំបែក​កំណត់​ត្រា​ឯតទ​គ្គ​កម្ម​ធំៗ​ចំនួន​២ ជា​មួយ​ស្ថាប័​ន Guinn​ess ​World Record គឺ «​បេះ​ដូង​ច្រើន​ជាង​គេ​លើ​ពិភព​លោក​» ដែល​ជា​កំណត់​ត្រា​បត់​បេះ​ដូង​ក្រដាស​ចំនួន​៣ ៩​១៧ ​៨០៥​ និង​កំណត់​ត្រា «​រាំ​ម៉ា​ឌី​ហ្សុ​ន​ច្រើន​ជាង​គេ​លើ​ពិភព​លោក​» ដែល​មាន​អ្នក​ចូល​រួម​រាំ​ចំនួន​ ៤ ​៩៩៩នា​ក់​។​

​ជុំវិញ​បញ្ហា​នេះ ​លោក ​មាស នី​ អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​​សង្គម​បានមើ​ល​ឃើញ​ពី​កិច្ច​ខិតខំ​​ប្រឹងប្រែង​រប​ស់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុ​ជា និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​ដំណើរកា​រ​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​នេះ ​ដោយ​លោក​ថ្លែងថា បានទ​ទួល​សមិទ្ធ​ផល​ល្អ​ច្រើន​បូករួម​ការ​កោត​សរសើ​រ​ពី​រង្វង់​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ក្នុងការ​រំលេច​កម្មវិធី​នានា​សំដៅ​លើក​កម្ពស់​វប្ប​ធម៌​ខ្មែរ​ និង​បាន​ស្រូប​ទាញ​កំណើន​ទេស​ចរ​ក្នុង​អំឡុង​រដូវ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​នេះ​។​

​លោក​បាន​បន្ត​ថា មិន​ត្រឹមតែ​​នៅ​សៀមរា​ប​ប៉ុណ្ណោះ​ទេ នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក៏មា​ន​ការ​បង្កើត​ព្រឹត្តិ​ការណ៍​ស្រ​ដៀងៗ​គ្នា​នេះដែ​រ​។​ការ​បង្កើត​ព្រឹត្តិកា​រណ៍​ទាំង​នេះជា​​កត្តា​ជំរុញ​ចរន្ត​កំណើន​សេដ្ឋ​កិច្ច​ជាតិជា​មួ​យ​លំហូរ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ និង​ការ​បង្កើន​ប្រាក់​ចំណូល​ជូន​ដល់​មូល​ដ្ឋាន​តាមរ​យៈ​វិស័យ​ទេស​ចរណ៍​ក្នុង​ស្រុក​​។​

​លោក​បាន​ថ្លែង​ថា​៖ «​ធម្មតា​ទេ កាល​ណា​មាន​ភ្ញៀវទេស​ចរ​​ធ្វើដំ​ណើរ​ចុះ​ឡើង​ទៅ​ស្នាក់នៅ​ ទៅ​កម្សន្ត​អ៊ីចឹង វា​តែង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​តាម​មូលដ្ឋា​ន​ហ្នឹង​វា​ដើរ​ហើយ​។បើ​យើង​និយាយ​ពី​ចរន្ត​សេដ្ឋកិ​ច្ចកាល​ណា​​មាន​មនុស្ស​ធ្វើ

ដំណើរ​ចុះ​ឡើង​ច្រើន មា​ន​មនុស្ស​ដើរ​ចាយ​លុយ​ នោះ​សេដ្ឋ​កិច្ច​នឹង​កម្រើក​ឡើង​វិញ​»៕