ភ្នំពេញៈ ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ និង​អ្នក​​សេដ្ឋកិច្ច យល់ឃើញថា ការ​លុបឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ជាង ១០០​ ស្ថាប័ន​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ការ​លុប​អាជ្ញាប័ណ្ណ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) នាពេល​ថ្មីៗ​នេះ នឹងមិន​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ​។​

​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ២០២៣ បានបង្ហាញ​ឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ១០៤ ដែល​ពួកគេ​ខ្លះ​ស្ថិត​ក្នុងចំណោម​ឥណទាន​ជនបទ​ជាង ២២៤ នៅ​កម្ពុជា ឆ្នាំ​ ២០២២​។ ទោះយ៉ាងណា​ធនាគារ​ជាតិ​នៃ​កម្ពុជា​មិនបាន​បញ្ជាក់​មូលហេតុ​នៃ​ការ​លុបឈ្មោះ​នោះទេ​។​

​ទោះ​បែបណា អ្នកជំនាញ​ដែល​តាម​ដាន​ស្ថានភាព​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​អះអាងថា ការ​លុបឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​នេះ គឺជា​ការ​ល្អ​មួយ ព្រោះ​គ្រឹះស្ថាន​ទាំងអស់នោះ​មិនបាន​អនុវត្ត​ពេញលេញ​តាម​គោល​ការណ៍ ឬ​នីតិវិធី​ដែល​តម្រូវ​ដោយ​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ឡើយ​។​

​យោងតាម​របាយការណ៍ NBC គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២២ គ្រឹះស្ថាន​ឥណ​ទាន​ជនបទ​ដែល​ប្រតិបត្តិការ​នៅ​កម្ពុ​ជាមាន​ចំនួន ២២៣​។​

​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សមាគម​រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​(CMA)​ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃ​ ១៧ ខែមេសា ឆ្នាំ​ ២០២៣ ថា ការ​លុប​ឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជន​បទ​ចេញពី​បញ្ជី​នេះ​ដោយសារតែ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំងអស់នោះ​មិន​អនុវត្ត​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ ឬ​គោល​​ការណ៍​ដែល​ធនាគារជាតិ​ដាក់ចេញ មានដូចជា របាយការណ៍​ប្រចាំឆ្នាំ​មិន​ច្បាស់លាស់ មិនទាន់​ពេលវេលា​ជាដើម​។​

​លោក​បន្តថា ការធ្វើ​បែបនេះ​គឺជា​អ្វីដែល​សមាគម​ចង់បាន ហើយ​វា​ក៏​គ្មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យនេះ​ទេ ផ្ទុយទៅវិញ វា​នឹង​ជួយ​ពង្រឹង​ដល់​វិស័យនេះ​បន្ថែមទៀត​។ គោលដៅ​របស់​សមាគម គឺ​អ្នកធ្វើ​ត្រឹមត្រូវ អនុ​វត្ត​តាម​លក្ខខណ្ឌ​ច្បាប់​ត្រឹមត្រូវ ត្រូវតែ​ឈរជើង ហើយ​អ្នក​អនុ​វត្ត​មិន​ត្រឹមត្រូវ ត្រូវតែ​បញ្ចប់​។​

​លោក​បញ្ជាក់ថា​៖ «​ការ​លុប​ឈ្មោះ​នេះ​ជា​រឿង​ល្អ ហើយ​ខ្ញុំ​ជឿថា នឹង​មានការ​លុបឈ្មោះ​គ្រឹះស្ថាន​ឥណទាន​បន្ថែមទៀត ដោយ​ការ​លុប​នេះ​នឹងមិន​ប៉ះ​​ពាល់​ទៅដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ​»​។​

​លោក ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា យល់ឃើញថា ការ​លុប​​ឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជន​បទ​ដ៏​ច្រើន​បែបនេះ គឺជា​ការ​ពង្រឹង​ភារកិច្ច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ខណៈ​គ្រឹះស្ថាន​ឥណ​ទាន​ទាំងនោះ មិនអាច​បំពេញ​តាម​បាន​ត្រឹមត្រូវ​។​

​សម្រាប់ លោក វណ្ណៈ ទោះ​មានការ​បង្ហាញ​ពី​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​ក៏ពិតមែន ប៉ុន្តែ​គ្រឹះ​ស្ថាន​ទាំងនោះ​ក៏​អាចមាន​សិទ្ធិ​រៀបចំ​ដាក់ពាក្យ​ជាថ្មី​សម្រាប់​បើក​ដំណើរការ​ឡើងវិញ​នៅពេល​ក្រោយ​ដើម្បីឱ្យ​ស្របច្បាប់ និង​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក វណ្ណៈ និយាយថា​៖ «​ខ្ញុំ​យល់ឃើញថា ការលុបចោល​បែបនេះ​ក៏បង្ក​លក្ខណៈ​ឱ្យ​ប្រតិ​ភោគ ឬ​អ្នកប្រើប្រាស់​នៅតាម​ជនបទ ឬ​តំបន់​ដាច់ស្រយាល​ទាំងអស់នោះ​មាន​ភាពរឹងមាំ ម៉ឺងម៉ាត់ និង​ហ្មត់ចត់ ក្នុងការ​ខ្ចី​ដែរ ព្រោះ​បើ​ធនាគារជាតិ​មិន​មាន​គោលការណ៍ ឬ​ផ្សព្វផ្សាយ​ច្បាស់លាស់​អំពី​វិធានការ ឬ​នីតិវិធី​ផ្សេងៗ​សម្រាប់​មីក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​ស្របច្បាប់​គឺ​ពួកគាត់​រងគ្រោះ​ហើយ ព្រោះ​មាន​បុគ្គល ឬ​ក្រុម​មួយ​ខ្លះ​ដើរតួនាទី​ជា​អ្នកផ្តល់​សេវា​មិន​ស្របច្បាប់​»​។​

​ការលុបចោល​នូវ​អាជ្ញាប័ណ្ណ​ដែល​មិន​គោរព​តាមច្បាប់​របស់​ធនាគារ​ជាតិ ក៏​អាច​បង្ក​ឱ្យ​មីក្រូហិរញ្ញវត្ថុ​ដែល​ស្របច្បាប់ មានឱកាស និង​គុណសម្បត្តិ​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួក​គាត់​តាម​វិជ្ជាជីវៈ​។​

​លោក​បញ្ជាក់ថា​៖ «​ជារួម ខ្ញុំ​យល់ឃើញថា វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​អ្នកពាក់ព័ន្ធ​ដែល​ផ្តល់​សេវា​ផ្តល់​ឥណទាន​ទាំង​អស់​នៅ​តំបន់​ដាច់ស្រយាល និង​ជនបទ​នេះឯង​»​។​

​បើ​យោងតាម​របាយការណ៍​ធ​នាគារ​ជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២២ គ្រឹះស្ថាន​ឥណទាន​ជនបទ​ដែល​ប្រតិបត្តិ​ការ​នៅ​កម្ពុ​ជាមាន​ចំនួន ២២៤ ដោយមាន​ទំហំ​ទ្រព្យសកម្ម​សរុប ២៣៤​ ពាន់​លាន​រៀល (៥៦,៨ ​លាន​ដុល្លារ​)​។

​ជាមួយគ្នានេះ ឥណទាន​សរុប​មាន ២១១,១ ពាន់​លាន​រៀល​ (៥១,៣​ លាន​ដុល្លារ​) ត្រូវបាន​ចែក​ទៅ​វិស័យ​នានា​ដូចជា កសិកម្ម ៣២,៥​ ភាគរយ​, គ្រួសារ ២៩,១​ ភាគ​រយ​, ពាណិជ្ជកម្ម ២០​ ភាគរយ​, សេវាកម្ម ៧,២​ ភាគរយ​, សំណង់ ៥,៩​ ភាគរយ​, ដឹកជញ្ជូន ០,២​ ភាគរយ និង​ផ្នែក​ផ្សេងៗ​ទៀត​ ៥,១​ ភាគរយ​៕