ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ត្រូវ​បន្ត​ចូលរួម​កសាង និង​ពង្រឹង​ខឿន​ការពារជាតិ សន្តិភាព ស្ថិរភាព​នយោបាយ ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជិត​ខាង ទប់ស្កាត់​​ប្រឆាំង​ដាច់ខាត​រាល់​អំពើ​ដែល​នាំទៅដល់​ការបង្ក​អស្ថិរភាព​នយោបាយ ការពារ​ដាច់ខាត​នូវ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​។​

លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានលើកឡើង​បែបនេះ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារជាតិ និង​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៣​។​

តាមរយៈ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន មាន​មោទនភាព និង​កោតសរសើរ​ចំពោះ​សកម្មភាព​ដ៏​ស្មោះត្រង់ អង់អាច​ក្លាហាន ទទួលខុសត្រូវ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​បាន​យ៉ាងរឹងមាំ រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក​ថ្លែងថា​៖ «​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​កសាង និង​ពង្រឹង​ខឿន​ការពារជាតិ សន្តិភាព ស្ថិរភាព​នយោបាយ បូរណភាព​ដែនដី ទប់ស្កាត់​រាល់​អំពើ​ដែល​នាំទៅដល់​ការបង្ក​អស្ថិរភាព​នយោបាយ ដោយ​ត្រូវការពារ​នូវ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​ចូលរួម​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​ផងដែរ​»​។​

ជាមួយគ្នា​នោះ ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយនឹង​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគម​ទំនាក់ទំនង​និង​គាំទ្រ​ប្រជាជន ហើយ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ព្រមទាំង​វិស័យ​ឯកជន​ក្នុងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​អនុវត្ត​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​លើក​ទី​៨​។​

លោក យិន យឿ​ត អនុប្រធាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ប្រជាពលរដ្ឋ យុវជន កងកម្លាំង ភ្ញៀវ​បរទេស និង​មិត្ត​សិល្បករ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​បញ្ហា​គ្រឿងញៀន​។​

លោ​កថា ​ការចាប់អារម្មណ៍​តាមរយ​:​ការសួរដេញដោល​នូវ​សំណួរ ទទួលយក​ឯកសារ​ពា​ក់​ព័ន្ធ​នឹង​ចំណេះដឹង​ពី​ផលប៉ះពាល់​និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​យ៉ាង​ផុលផុស ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត​ជា​ទុន​សម្រាប់​ការពារ​ខ្លួន​និង​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​កុំ​ឲ្យ​ធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​គ្រឿងញៀន​៕