ភ្នំពេញៈ​ធនាគា​រជាតិ​នៃ​កម្ពុជា ​(NBC)​ និង​ស្ថា​ប័ន​ទូទាត់​ប្រាក់​អន្តរជា​តិ NPCI របស់​ឥណ្ឌា​នឹង​ធ្វើ​ការរួម​គ្នា​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ដាក់ឱ្យ​ដំណើរ​ការ​ការ​ផ្ទេរ​ប្រាក់​ភ្លាមៗ​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌា ដែល​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិប​ត្តិការ​នេះ​ ត្រូវបា​នរំពឹងថា នឹង​ផ្តល់​ជា​ធាតុ​ចូល​ដ៏​សំខាន់​ សម្រាប់​ការ​ទូទាត់ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​។​

​ការ​សិក្សា​ពី​លទ្ធ​ភាព​ផ្ទេរ​ប្រាក់​ភ្លាមៗ​រវាង​ប្រទេស​ទាំង​ ២​ នេះ នឹ​ងត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ ​បន្ទា​ប់ពី​ស្ថាប័ន​ទាំង​២​ បាន​ចុះ​អនុ​ស្សរ​ណៈ​យោគ​យល់​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ទូទាត់ និង​ការផ្ទេរ​ប្រាក់​ឆ្លង​ដែន​ រវាង​គ្នា​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញនៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ​ក្រោម​អធិ​បតី លោក​ស្រី ជា សិរី ទេសា​ភិ​បាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​លោក RiteshShukla នាយក​ប្រតិ​បត្តិ​នៃ​ស្ថា​ប័ន​ NIPL​។​

​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក្រៅពី​ការ​ជំរុញ​ពី​ការ​សិក្សា​ពី​លទ្ធភាព​ក្នុងការ​ដាក់​ឱ្យ​ដំណើរ​ការ​ការ​ផ្ទេរ​ប្រាក់​ភ្លាមៗ​នេះ​ អនុស្សរណៈ​នេះ​ក៏មាន​បំណង​​បង្កើត​ជា​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស​ម្រា​ប់​ប្រទេស​ទាំង២​ សិក្សា​ និង​ពិភា​ក្សា​បន្ថែម​លើ​ផ្នែក​បច្ចេក​ទេស ​ពាណិជ្ជ​កម្ម ប្រតិ​បត្តិ​ការ​ និង​ផ្នែក​ផ្សេងៗ​ទៀត ក្នុង​ការ​អភិវឌ្ឍ​ការ​តភ្ជាប់​ និង​អន្តរ​ប្រតិ​បត្តិ​ការ​ជា​ឌីជីថល​ គាំទ្រ​ដល់​ការ​ទូទាត់​ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​​រវាង​ប្រទេស​ទាំង​២​។

«​ការចុះ​អនុ​ស្ស​រណៈ​យោគ​យល់​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោ​ជន៍​កាន់​តែ​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ផ្លូវ​ការ​សម្រាប់​ធ្វើ​ប្រតិ​បត្តិ​ការ​ទូទាត់ ​និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន ​ប្រកប​ដោយ​សុវត្ថិ​ភាព ងាយ​ស្រួល ​និង​តម្លៃ​សម​រម្យ​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​​។​

​ប្រភព​ដដែល​ថា លើស​ពី​នេះ ការ​តភ្ជាប់​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ខាងលើ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ក្លាយ​ជា​កិច្ច​សហ​ប្រតិ​បត្តិកា​រ​ដ៏​មាន​សក្តានុ​ពល​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញវត្ថុ ដែល​នឹង​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​ទេស​ចរណ៍ និង​ពាណិជ្ជ​កម្ម សម្រាប់​ប្រទេស​ទាំង​២​នា​ពេល​អនា​គត​។​

​លោក ​អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​បត្តិ​ធនា​គារ​អេស៊ី​លីដា បា​នឱ្យដឹ​ង​នៅ​ថ្ងៃទី​១៨ ​ខែមេសា​ថា កិច្ច​សហកា​រ​រវាង​ធនាគា​ជាតិ​នៃ​កម្ពុជា ​ជា​មួយ​នឹង​ស្ថា​ប័ន​ NPCI Internatlonal Payments LImlted គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ហិ​រញ្ញ​វត្ថុ និង​ធនា​គារ​នៅ​កម្ពុជា​ ដែល​រំពឹ​ងថា​វា​នឹង​ជួយ​សម្រួល និង​ចំណេញ ​សម្រាប់​អតិថិ​ជន​ក្នុង​ការ​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយ​ស្រួល​។​

​លោក​ អ៊ិន ចាន់នី បាន​​បញ្ជាក់​ថា៖ «​ខ្ញុំ​គិតថា​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អាជីវ​កម្ម​ក៏ដូច​ជា​អតិថិ​ជន ឬ​​អ្នក​ទេសចរ​នៃ​ប្រទេស​ទាំង​២ ​គឺ​កម្ពុជា ​និង​ឥណ្ឌា​។ វា​នឹង​ជួយ​ក្នុង​ការ​បង់​ប្រាក់​ឆ្លង​ដែន​តាម​ពេល​វេលា​ជាក់​ស្តែង​ជា​មួយ​នឹង​ការ​ចំណាយ​ទាប ហើយ​លើស​ពីនេះ វា​នឹង​ជួយ​បង្កើន​ទាំង​បរិមាណ និង​តម្លៃ​នៃ​ប្រតិ​បត្តិ​ការ ហើយ​ជាការ​ពិត​ណាស់វា​នឹង​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំង​២ ​និង​អ្នក​ផ្សេង​ទៀត ដែល​ជា​បណ្តាញ​ទូទាត់​»​។​

​ចំណែក ​លោក កាំ​ង តុង​ងី អ្នក​នាំពា​ក្យ​សមា​គម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​បានលើ​កឡើ​ង​ដែរ​ថា​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២ ជា​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោ​ជន៍​ច្រើន​ជាង​គេ ​បន្ទាប់ពី​មាន​កិច្ច​សហកា​រ​រវាង​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​ និង​ស្ថាប័​ន​ទូទាត់​ប្រាក់​អន្តរ​ជាតិ NPCI របស់​ឥណ្ឌា​នេះ​។​

​លោក​បាន​បន្ថែម​ថា​ ការណ៍​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​សិក្សា​ពី​លទ្ធ​ភាព​ក្នុងការ​ពង្រីក​ប្រតិបត្តិ​ការភ្ជាប់​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភ​ពលោ​កនេះ​គឺ​នឹង​ផ្តល់​ផល​វិជ្ជមាន​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​​ខ្មែរ ដែល​គាត់​ត្រូវ​ការ​ធ្វើ​ដំណើរ​ទៅ​ទេស​ចរណ៍​ ការធ្វើ​ពាណិជ្ជ​កម្ម​ផ្សេងៗ ការ​ទូទាត់​ប្រាក់​ជា​ដើម ​វា​នឹង​ផ្តល់​ភាព​រលូន​ក្នុងការ​រវាង​ប្រទេស​នានា​លើ​ពិភព​លោក​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​៖«​កន្លង​មក​យើង​បានធ្វើ​ហើយ​ជា​មួយនឹង​​ប្រទេស​វៀត​ណាម​ និង​ថៃ ដូចនេះ​នៅ​ពេល​យើង​បន្ថែម​ការភ្ជាប់​ទំនាក់​ទំនង​លើ​ការ​ទូទាត់​ប្រាក់​ជា​មួយ​ខាង​ប្រទេស​ឥណ្ឌា​ទៀត​នោះវា​នឹង​ជា​ឱកាស​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ប្រជា​ពលរ​ដ្ឋនិង​អ្នក​ប្រើប្រា​ស់ ​មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ នៅ​ពេល​ដែល​ប្រជាព​លរដ្ឋ​ឥណ្ឌា​មក​ទេសច​រណ៍ឬ​មក​ធ្វើ​ពាណិជ្ជក​ម្ម​នៅ​កម្ពុជា​ គឺ​គាត់​អាច​ទូទាត់​បាន​យ៉ាង​ងាយ​ស្រួល​​»​។​

​លោក កាំ​ង តុង​ងី បាន​ថ្លែង​ថា ក្រៅពី​ផ្តល់​ភាពងាយស្រួ​ល​​ក្នុងការ​ទូទាត់ និង​ការផ្ទេរ​ប្រាក់​ឆ្លង​ដែន​ រវាង​ប្រទេស​ទាំង២​ហើយ ​ការចុះ​អនុ​ស្សរណៈ​នេះ​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​រៀនសូ​ត្រ​បន្ថែម​បាន​ពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​របស់​ឥណ្ឌា ​ខណៈ​ដែល​ប្រទេស​នេះ ​មាន​ភាព​ល្បី​ល្បាញ​លើ​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​នេះ​៕