
ក្រសួងអប់រំ យុវជន និងកីឡា។ ហុង មិនា
ភ្នំពេញៈ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្ត្រាលី ប្រទេសថៃ និងប្រទេសប្រ៊ុយណេ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ បានផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។
ក្រោមកម្មវិធីអាហារូបករណ៍របស់ MOFCOM សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល ១-៣ ឆ្នាំ) នឹងថ្នាក់បណ្ឌិត (រយៈពេល ៣ ឆ្នាំ) លើមុខជំនាញជាច្រើន នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៣។ អាហារូបករណ៍នេះ រួមមាន ថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងអត្ថប្រយោជន៍ផ្សេងៗ។
ទន្ទឹមគ្នានេះដែរ ប្រទេសឥណ្ឌូនេស៊ី ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០២៣ (Non-Aligned Movement Scholarship 2023 ) ដល់សិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជាជាច្រើនរូបផងដែរ ខណៈអាហារូបករណ៍នេះ នឹងត្រូវសិក្សានៅសកលវិទ្យាល័យ UniversitasGadjahMada ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។
មិនសូវខុសគ្នាប៉ុន្មានដែរ សម្រាប់ប្រទេសថៃវិញ ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២រូប លើកម្មវិធី «Boon Rawd Scholarship 2023” សិក្សានៅសាកលវិទ្យាល័យ Mae FahLuang ខេត្ដឈៀងរ៉ៃ ប្រទេសថៃ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។
អាហារូបករណ៍នេះ នឹងផ្តល់ជូននិស្សិតកម្ពុជានូវថ្លៃសិក្សា ថ្លៃជួលអន្តេវាសិកដ្ឋាន ប្រាក់ឧបត្ថម្ភម្នាក់ ចំនួន ៦ ០០០ បាត ក្នុង ១ ខែ និងការធានារ៉ាប់រងសុខភាពផងដែរ។ លើសពីនេះ សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះដែរ ប្រទេសប្រ៊ុយណេ ក៏បានផ្តល់អាហារូបករណ៍ដល់សាធារណជនទាំង២ភេទនៃប្រទេសកម្ពុជា សម្រាប់សិក្សា ២០២៣-២០២៤ នាសាកលវិទ្យាល័យ Brunei Darussalam (UBD) លើមុខជំនាញ Public Policy and Management (MFPM) ដែលមានរយៈពេល ១២ខែ។
ចំណែកឯប្រទេសអូស្ត្រាលីវិញ ក៏បានប្រកាសផ្តល់កម្មវិធីអាហារូបករណ៍ “Australia Awards Scholarship Intake 2024” របស់រដ្ឋាភិបាលអូស្ដ្រាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
គួរបញ្ជាក់ដែរថា សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍ក្នុងប្រទេសទាំង៥នេះ អាចផ្ញើសំណុំឯកសារដែលបានបំពេញរួចហើយ មកការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍បាន។
លោក ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាល Westline Education Group និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាបានលើកឡើងថា ការផ្តល់អាហារូបករណ៍ពីប្រទេសខាងក្រៅពិតជាមានសារៈសំខាន់ ខណៈលោកក៏គាំទ្រឱ្យសិស្សនិស្សិតចាប់យកឱកាសសិក្សាតាមរយៈអាហារូបករណ៍ទាំងនេះ។
លោកក៏ជំរុញឱ្យសិស្សនិស្សិតកម្ពុជា គួរតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមដោយផ្តោតលើការពង្រឹងភាសាអង់គ្លេស និងចំណេះដឹងទូទៅ ដើម្បីទទួលបានអាហារូបករណ៍ទាំងនេះ។
លោកបានប្រាប់ថា៖«ការសិក្សានៅបរទេស ពិតជាមានសារៈសំខាន់ណាស់ សំរាប់អនាគតរបស់និស្សិតផ្ទាល់ ក៏ដូចជាសម្រាប់ប្រទេសជាតិ ព្រោះសិស្សនិស្សិតអាចទទួលបាន បទពិសោធន៍ថ្មីៗ ក្នុងជីវិតប្រចាំថ្ងៃពីនិស្សិតដទៃ ចំណេះដឹងបន្ថែម លើមុខជំនាញរបស់គេ ពិសេសពីសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសទាំងនោះ»។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏បានចាត់ទុកថា ការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេសគឺជារឿងសំខាន់ ដើម្បីសិក្សារៀនសូត្រ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះតាមរយៈធនធានមនុស្សទាំងនោះ នឹងត្រឡប់មកជួយអភិវឌ្ឍប្រទេសជាតិវិញ។
លោកថ្លែងថា៖«ទោះបីធនធាននិស្សិតទាំងនោះ រៀនចប់ត្រឡប់មក មិនថាចូលបម្រើការងាររដ្ឋ និងក្នុងវិស័យឯកជន ក៏ដោយសុទ្ធតែល្អ និងមានប្រយោជន៍ទាំងអស់ ព្រោះនិស្សិតទាំងនោះគឺជាធនធានមនុស្សដ៏កម្រ និងសក្តានុពលរបស់កម្ពុជា»៕