ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានប្រកាស​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​រៀបចំ «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០៣០» ដែល​រៀបចំ​ដោយ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដើម្បី​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម នា​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣​។​

​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បន្តថា ការគាំទ្រ​របស់លោក​វង សូត នេះ​បន្ទាប់ពី លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​ក្នុងនាម​ជា​អនុប្រធាន​ប្រចាំការ​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០៣០» បាន​ដឹកនាំ​ក្រុមការងារ​ជួប​សម្ដែង​ការគួរសម និង​ទទួលយក​អនុសាសន៍ ក៏ដូចជា​ធាតុ​ចូល​គន្លឹះ​ពី​លោក​រដ្ឋមន្ត្រី​។​

លោក​រដ្ឋមន្ត្រី​បានផ្តល់​នូវ​ធាតុ​ចូល​មួយចំនួន ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ជំហាន​ទី​២​នេះ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ពេញលេញ ដោយ​អនុលោម​តាម​ការចង្អុលបង្ហាញ​នៃ​ចក្ខុវិស័យ​របស់​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម ដែលមាន​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​។

តាមរយៈ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក្នុងជំនួប​នេះ លោក ច​ន ណា​រិ​ទ្ធ បាន​លើកឡើងថា ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម ជា​កត្តា​ដ៏​សំខាន់​ដើម្បី​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន​។

​លោក​បន្តថា ៖ «​ឈរលើ​មូលដ្ឋាន​នៃ​ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​វឌ្ឍនភាព​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​, រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នៅ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ដោយបាន​ជួយ​លើកស្ទួយ​សន្តិសុខ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

​លោក ច​ន ណា​រិ​ទ្ធ ថ្លែងថា ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​គាំពារ​ស​ង្គ​កម្ពុជា កាន់​តែមាន​ភាពរឹងមាំ និង​ប្រសើរឡើង ចាំបាច់​ណាស់ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព លើ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែលមាន​ស្រាប់ ដែល​ត្រូវ​បានរៀបចំ​ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម និង​មានការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង កោតសរសើរ​ខ្ពស់​ចំពោះ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម ដោយ​កន្លងមក បាន​ខិតខំ​ប្រឹង​ប្រែ​យ៉ាងសកម្ម​ធ្វើឱ្យ​ប្រព័ន្ធ​គាំពារ​សង្គម​កាន់​តែមាន​កា​រវិ​ឌ្ឍ​ទៅ​មុខជា​បន្តបន្ទាប់ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម មិនបាន​ធ្វើឱ្យ​ប្រព័ន្ធ​គាំពារ​សង្គម​ដើរ​ថយក្រោយ​នោះទេ ប៉ុន្តែ​បានធ្វើឱ្យ​ប្រព័ន្ធ​នេះ​កាន់តែ​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន​១កម្រិត​ទៀត​ដើម្បី​គាំពារ​ប្រជាពលរដ្ឋ​ចៀស​ផុតពី​ការធ្លាក់​ចូលក្នុង​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាចធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ធ​ន់​ខ្លាំង​ជាង​មុន​ទោះ​ជួប​វិបត្តិ​នានា​ក៏ដោយ​»​។​

លោក​រដ្ឋមន្ត្រី​បន្តថា ជាពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តែងតែ​អបអរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។​

បើតាម​លោក វង សូត្រ នឹង​បន្ត​សហការ​ផ្ដល់​ធាតុ​ចូល​ចាំបាច់​នានា​ដើម្បីឱ្យ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ជំហាន​ទី​២ នេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ពេញលេញ ពាក់ព័ន្ធ​នឹង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​នានា​ដែល​ក្រសួង​កំពុង​អនុវត្ត​៕