ភ្នំពេញៈ ​គិត​ចាប់តាំងពី​ថ្ងៃទី ១៨ ខែសីហា​ឆ្នាំ ២០២២ រហូតមកដល់​ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ ២០២៣ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការសង្គ្រោះ​ជនបរទេស និង​ជនជាតិខ្មែរ ដែល​ត្រូវបាន​គេ​ជួញដូរ​បាន​ជាង ​២ ០០០​ នាក់ ក្នុងចំណោម​សំណើ​ដែល​ទទួលបាន​ចំនួន ៨៥០ សំណើ​។ នេះ​បើតាម​លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

​លោក​ ​ខៀវ សុភ័គ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែមេសា​ថា កិច្ច​ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការ​ជួញ​​ដូរ​កម្លាំង​ពលកម្ម​បរទេស និង​ការ​បង្ខាំង​មនុស្ស​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ខែសីហា ឆ្នាំ​ ២០២២ រហូតមក ដល់​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ ២០២៣ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ទទួល​បាន​សំណើ​ឱ្យជួយ​សង្គ្រោះ​មនុស្ស​ចំនួន​ ២ ១៣២​ នាក់ លើ​សំណើ​ចំនួន ​៨៥០​ សំណើ​។

​លោក​បញ្ជាក់ថា មនុស្ស​ជាង ២ ០០០​ នាក់​នាក់​នោះ​ត្រូវបាន​បញ្ជូនទៅ​លំនៅឋាន និង​មាតុ​ភូមិ​របស់​ពួកគេ​វិញ​។ សំណើ​ឱ្យជួយ​សង្គ្រោះ​ដែល​សមត្ថកិច្ច​ទទួលបាន​ភាគច្រើន​តាមរយៈ​ក្រុមគ្រួសារ ញាតិមិត្ត​របស់​ជន​​រងគ្រោះ និង​មួយចំនួន​ទទួលបាន​ពី​ជនរងគ្រោះ​ផ្ទាល់​។ យ៉ាង​ណាក៏ដោយ​តាមរយៈ​ការ​ផ្ទៀង​ផ្ទាត់ សំណើ​ទាំងនោះ​ឃើញថា មាន​ពាក្យបណ្តឹង​ប្រមាណ​ជាង ​១០០ ករណី​រក​មិនឃើញ​។

​លោក​ខៀវ សុភ័គ បានឱ្យដឹង​ទៀតថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​១២៩​ នាក់ បិទ​ក្រុមហ៊ុន ៥ ​ជា​ស្ថាពរ ផ្អាក​អាជីវកម្ម​និង​បន្ត​ស្រាវជ្រាវ​ក្រុម​ហ៊ុន​ចំនួន ៤ ក្រុមហ៊ុន និង​កំពុង​បន្ត​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ៤៤ សំណើ​ដែល​ស្នើឱ្យ​ជួយ​រកម​នុស្ស ១៧៧ នាក់​។

​លោក​បញ្ជាក់ថា​៖ «​កន្លងមក​មាន​ថ្ងៃ​ខ្លះ ក៏​គ្មាន​ករណី​ប្តឹង ហើយ​មាន​ថ្ងៃ​ខ្លះ ក៏​ ២-៣​ ករណី ប៉ុន្តែ​កាល​មុនដំបូង​គេ​យើង​ទទួលបាន​១ ​ថ្ងៃ​ ៥ ​ករណី ១​ ថ្ងៃ​ ១០ ករណី​ឡើងទៅ​ឯណោះ​ម៉ៃ្ងៗ​ប៉ុន្តែ​ឥឡូវ​រាង​រយាល​ហើយ​។ វិធានការ​បន្ត​គឺ​យើង​មិនមែន​ស៊ើប​តែត្រឹម​ហ្នឹង​ទេ គឺ​យើង​ពន្លាត​ការ​ស៊ើប​អ​ង្គេ​តទៅ​រក​ការ​លាង​លុយ​អី​ផ្សេងៗ​ទៀត​»​។

​លោក​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែង​នៅ​ថ្ងៃទី ១៨ ខែមេសា​ថា បច្ចុប្បន្ន​បញ្ហា​នៃ​ការបង្ក្រាប​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​គ្រប់​រូបភាព ទាំង​ការជួញដូរ​កម្លាំង​ពលកម្ម ក៏ដូចជា​ការជួញដូរ​មនុស្ស​តាម​រូបភាព​ផ្សេងៗ ហាក់​មិនសូវមាន​ព័ត៌មាន​ច្រើន​ដូច​ពីមុន​ទេ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​បញ្ហា​នេះ​នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់ ដែល​ទាម​ទារ​ឱ្យ​កម្ពុជា​នៅតែ​ប្រកាន់​នូវ​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ទប់​ស្កាត់​ការបង្ក្រាប​ទៅលើ​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​និង​គ្រប់​រូបភាព​។

​លោក​បន្តថា ការខិតខំ​បង្ក្រាប​ទប់ស្កាត់​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​នេះ​គឺជា​ការធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​ចំណាត់ថ្នាក់​ល្អ​ឡើងវិញ ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់ នៃ​បញ្ហា​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ទៅ​លំដាប់​លេខ​ ៣​។

លោក​បន្ថែមថា បញ្ហា​នៃ​ការជួញដូរ​មនុស្ស​នេះ ជា​មូលដ្ឋាន​មួយ​ក្នុងការ​បង្កើតបាន​ជាទ​ម្រ​ង់​រូបភាព​ជាច្រើន​ផ្សេងទៀត ក្រៅពី​ការជួញដូរ​មនុស្ស បង្ខាំង​មនុស្ស កេងប្រវ័ញ្ច​កម្លាំង​ពល​កម្ម​មនុស្ស ក៏​អាច​ក្លាយទៅជា​បទឧក្រិដ្ឋ​ផ្សេងៗ ដូចជា ការ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។

​បើតាម​លោក​អំ សំអាត ការ​រង់ចាំ​ទទួល​បណ្តឹង​តែ​ពី​សាច់​ញាតិ ឬ​ពី​ជនរងគ្រោះ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ​នោះទេ​។ គួរតែមាន​ការចូលរួម​បន្ថែម​ពី​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងការ​ទប់​ស្កាត់​បញ្ហា​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​មនុស្ស និង​បង្ខាំង​មនុស្ស​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក​ថ្លែងថា​៖ «​មធ្យោបាយ​នៅមាន​ច្រើន​ទៀត​ដូចជា​ត្រូវមាន​ការត្រួតពិនិត្យ​ជាប្រចាំ ឬក៏​ទទួល​ព័ត៌មាន​ផ្សេងៗ ពី​ប្រភព​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​សម្រាប់​ជនរងគ្រោះ ហើយ​ ១ ​ទៀត គឺ​លើកទឹកចិត្ត សម្រាប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំង​​អស់​ចូលរួម​ជាមួយគ្នា​ក្នុងការ​ទប់ស្កាត់ ការបង្ក្រាប​ការជួញដូរ​មនុស្ស​ជាពិសេស​ប្រជាពលរដ្ឋ​តែម្តង​»​។

​លោក​អំ សំអាត បាន​លើក​ឡើង​ថា ការចូលរួម​របស់​ប្រជា​​ពលរដ្ឋ​បាន លុះត្រាតែ​អាជ្ញាធរ​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ពួកគាត់​ក្នុងការ​ផ្តល់ព័ត៌មាន ជាជាង​ការធ្វើឱ្យ​ពួកគាត់​មានការ​ភ័យខ្លាច ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ផ្តល់ព័ត៌មាន​។

​ប៉ុន្តែ​លោក ខៀវ សុភ័គ បាន​គូសបញ្ជាក់ថា ជុំវិញ​បញ្ហា​នេះ​កម្លាំង​មាន​សមត្ថកិច្ច​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្តល់ព័ត៌មាន ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​មនុស្ស ដើម្បីឱ្យ​ការងារ​នេះ​កាន់​តែមាន​ប្រសិទ្ធភាព រហ័ស​ទាន់ពេល​​វេលា​។ ពលរដ្ឋ​អាច​ផ្តល់ព័ត៌មាន​បាន​ទាំង​តាមរយៈ​លេខ​ទូរស័ព្ទ ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​ដែល​នៅ​មូលដ្ឋាន​នោះ​ឬមួយ​ក៏​អាច​រាយការណ៍​មក​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​តែម្តង​៕