​ភ្នំពេញ​: សន្និសីទ​ស្តីពី​ប​ម្រែ​​ប​ម្រួ​ល​អាកាសធាតុ​របស់​យុវជន​កម្ពុជា (CYCCC) ជា​លើកដំបូង បានបង្ហាញ​នូវ​សមិទ្ធផល​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ចំពោះ​ការ​ផ្សព្វ​ផ្សាយ អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ខណៈដែល​មន្ត្រី​ក្រសួងបរិស្ថាន​លើកឡើងថា ប្រទេស​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ដ៏​ធំ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។​

​សន្និសីទ​របស់ CYCCC ស្តីពី​បម្រែបម្រួល​អាកាសធាតុ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១ ខែ​​មេសា ឆ្នាំ​ ២០២៣ ​នៅ​សាលា​ធុរកិច្ច LSi Business School​។​

​សន្និសីទ​នេះ បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ចំនួន​ ១១៦​ នាក់ រួម​ទាំង​សិស្ស​វិទ្យាល័យ និង​មហា​វិទ្យាល័យ អ្នកជំនាញ​អង្គការ និង​អ្នកសារព័ត៌មាន​មកពី​ប្រមាណ​ ៣៣​ ស្ថាប័ន​។ ចក្ខុវិស័យ​នៃ​ស​ន្និ​​សីទ​នេះ​គឺ​ដើម្បី​អប់រំ និង​បង្ហាញ​យុវជន​អំពី​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​នៃ​ការប្រែប្រួល​អាកាស​​ធាតុ​តាមរយៈ​កិច្ចសន្ទនា​អន្តរ​កម្ម​រវាង​អ្នកជំនាញ និង​យុវជន​។​

​កញ្ញា​រ៉ូ​ស អេ​ជេ​លី ស្ថាបនិក CYCCC បានឱ្យដឹងថា​៖ «​ខ្ញុំ​យល់ថា យុវជន​ជាច្រើន​អាចមាន​អារម្មណ៍​អស់សង្ឃឹម​ចំពោះ​បញ្ហា​បរិស្ថាន ដែល​ពួកគេ​ចង់​ធ្វើ​សកម្ម​​ភាព​តែ​មិនដឹងថា ត្រូវធ្វើ​អ្វី​»​។​

​កញ្ញា​បន្ដថា​៖ «​ដូច្នេះ​ថ្ងៃនេះ​ខ្ញុំ​សង្ឃឹមថា អ្នក​អាច​បញ្ចេញ​សំឡេង​របស់​អ្នក អ្នក​អាច​និយាយ​ទៅកាន់​អ្នកដទៃ និង​ចែករំលែក​អា​​រ​ម្មណ៍​របស់​អ្នក ចំណេះដឹង​របស់​អ្នក និង​ផ្តល់​អំណាច​ឱ្យ​គ្នា​ទៅ​​វិញ​ទៅមក ដើម្បី​ចាប់​ផ្តើមធ្វើ និង​បន្ត​ធ្វើជា​អ្នកគ្រប់គ្រង​លើ​ផែនដី​សម្រាប់​ជាច្រើន​ឆ្នាំ​ទៅមុខទៀត​»​។

​សន្និសីទ​នេះ មាន​គោលបំណង​កៀរគរ​យុវជន​ដែលមាន​ចំណង់​​ចំណូលចិត្ត​ស្រឡាញ់​បរិស្ថាន​ដូចគ្នា​ដើម្បី​ជជែក​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ជុំវិញ​បញ្ហា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​។ វា​បង្កើតជា​គំនិត​ដំណោះស្រាយ​ផ្សេងៗ​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យុវជន និង​ក្នុង​សហគមន៍​របស់​ពួកគេ​។​

​វា​ជា​វេទិកា​របស់​យុវជន​ដើម្បី​ផ្តល់ឱ្យ​ពួកគេ​នូវ​សំឡេង​មួយ ក្នុងការ​រៀបរាប់​អំពី​បញ្ហា​សកល​នេះ និង​រួមគ្នា​ឆ្ពោះទៅរក​ការ​ផ្លាស់ប្តូរ​ដ៏​សកម្ម​។​

​កញ្ញា អេ​ជេ​លី បាន​និយាយ​នៅក្នុង​សន្និសីទ​ថា ទោះបីជា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ជា​បញ្ហា​ទូទាំង​ពិភពលោក​ក៏ដោយ វា​ជា​រឿង​សំខាន់ ក្នុង​ការចាប់​ផ្តើមធ្វើ​ការផ្លាស់ប្តូរ​ក្នុង​កម្រិត​តូច​មួយ​ដែល​អាច​ជះឥទ្ធិពល​យ៉ាង​ទូលំ​ទូលាយ​។ នេះ​មានន័យថា មនុស្ស​គ្រប់រូប គ្រួសារ សហគមន៍ ទីក្រុង ខេត្ត និង​ប្រទេស​ត្រូវតែ​ធ្វើការ​រួមគ្នា​ជា​សមូហភាព​ដើម្បី​បង្កើត​ភាព​ផ្លាស់ប្ដូរ​។ ទាំងអស់នេះ​ចាប់ផ្តើម​ដោយ​បុគ្គល​ម្នាក់ៗ​នៅថ្ងៃនេះ​។​

​ជាង ​១ ​ឆ្នាំមុន កញ្ញា​អេ​ជេ​លី ជា​និស្សិត​នៃ Liger Leadership Academy បាន​ស្រមៃ​ចង់​បង្កើត​សន្និសីទ​ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​របស់​យុវជន​កម្ពុជា (CYCCC) ជា​លើកដំបូង ដែល​ដឹកនាំ​ដោយ​យុវជន​ទាំង​ស្រុង​។​ថ្ងៃនេះ​ទីបំផុត​សុបិន​នោះបាន​សម្រេច​ហើយ​។​

​កញ្ញា​បានឱ្យដឹងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​តានតឹង និង​អស់សង្ឃឹម​។ ពិភពលោក​កំពុង​ឆ្ពោះទៅរក​ចំណុច​មួយ​ដែល​យើង​មិនអាច​វិលត្រឡប់​ទៅរក​អ្វីដែល​វា​មាន​ពីមុន ហើយ​ខ្ញុំ​មិនដឹងថា ត្រូវធ្វើ​អ្វី​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវតែ​ផ្លាស់ប្តូរ​គំនិត​នោះ​»​។​

​ភាព​បន្ទាន់​នៃ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ត្រូវបាន​លោក​ភាវ​សុ​វុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​​បរិស្ថាន​បាន​សង្កត់ធ្ងន់​ផងដែរ​។ លោក​បាន​និយាយ​អំពី​ភ័ស្តុតាង​វិទ្យាសាស្ត្រ ដែល​មិនអាច​ប្រកែក​បាន​ដែល​បណ្តាលឱ្យមាន​ផល​​វិបាក​ធ្ងន់ធ្ងរ ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​លោក សុ​វុទ្ធី ថ្លែងថា​៖ «​ប្រទេស​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ដ៏​ធំ​មួយ​ជាមួយនឹង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស ដោយ​សារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​វិស័យ​មួយ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​»​។​

​លោក​បន្ដថា​៖ «​លើសពីនេះ​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​ដោយសារ​ការបាត់បង់​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ធនធាន​ផ្សេងទៀត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​ជា​មូល​ហេតុដែល​រដ្ឋាភិបាល​បានធ្វើការ​យ៉ាងសកម្ម​ឆ្ពោះទៅរក​ការប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នេះ​ទាំង​ក្នុងស្រុក និង​ថ្នាក់ជាតិ​កម្រិត​តំបន់ និង​សកលលោក​»​។​

​មាន​កិច្ចពិភាក្សា​ជា​ក្រុម និង​បទ​បង្ហាញ​សំខាន់ៗ ដែល​ផ្តល់ឱ្យ​អ្នកចូលរួម​នូវ​វេទិកា​អប់រំ ដើម្បី​ជួយ​ពួកគេ​ឱ្យ​យល់​យ៉ាង​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់​ដែល​កំពុង​បន្ត​នៃ​ការប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​។​

​ការពិភាក្សា​ត្រូវបាន​ផ្តោតលើ​សារៈសំខាន់​នៃ​ការចាត់វិធានការ​ជាប​ន្ទា​ន់​ដើម្បី​កាត់បន្ថយ​ផល​​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាស​ធាតុ និង​តម្រូវការ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​ពួកគេ​ក៏មាន​ឱកាស​បង្កើត​បណ្តា​ញ និង​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែលមាន​គំនិត​ដូចគ្នា និង​អ្នកជំនាញ​ក្នុង​វិស័យនេះ​។​

​សន្និសីទ CYCCC គឺជា​ជោគ​ជ័យ​មួយ​ហើយ​អ្នក​ចូលរួមបាន​បន្សល់​ទុក​នូវ​ការ​បំផុសគំនិត និង​ផ្តល់​សិទ្ធិអំណាច​ឱ្យធ្វើ​សកម្មភាព​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​

​លោក​ហួត ប៉េង​សាន ជា talent activation senior manager នៅ Impact Hub បាន​ចែករំលែក​បទពិសោធន៍​ធ្វើការ​ជាមួយ​យុវជន​ក្នុង​គម្រោង​បរិ​ស្ថាន​នៅ​ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង​សិក្ខាសាលា Movers Program របស់លោក និង​របៀប​ដែល​លោក​បាន​ប្តេជ្ញា​ចិត្តជា​អ្នកតស៊ូ​មតិ​អំពី​អាកាសធាតុ​។​

​កញ្ញា​អេ​ជេ​លី​បានឱ្យដឹងថា​៖ «​គាត់​ (​ប៉េង​សាន​)​ បាន​ចែក​រំលែក​ពីបទ​ពិសោធន៍​របស់គាត់​ក្នុងការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​នៅ​ទីក្រុង​ញូវយ៉ក​ដែល​យុវជន​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ​សម្រាប់​បញ្ហា​នៅក្នុង​សហគមន៍​របស់​ពួកគេ​»​។​

​កញ្ញា​បាន​និយាយថា នេះ​ជា​អ្វីដែល​ជំរុញ​ទឹកចិត្ត​លោក​ប៉េង​សាន ឱ្យ​ចាប់ផ្តើម​ធ្វើការ​ងារ​លើ​ការចូលរួម​របស់​យុវជន​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សកម្មភាព​អាកាសធាតុ​ក្នុងចំណោម​យុវជន​កម្ពុជា​។​

​កញ្ញា អេ​ជេ​លី​បាន​បន្ដថា​៖ «​គាត់​បាន​បំផុសគំនិត​យុវជន​ដោយ​និយាយថា យើង​មិន​ចាំ​​បាច់​ចាប់​ផ្ដើមធ្វើ​សកម្មភាព​ល្អឥតខ្ចោះ​នោះទេ ឱ្យតែ​យើង​មាន​ចេតនា​ល្អ និង​ស្រឡាញ់​ផែនដី​ដ៏​ពិតប្រាកដ​»​។​

​លោក​សារ៉ុន សុវិជ្ជា ស្ថាបនិក ​Niron ជា​គម្រោង​ផ្តោតលើ​ការ​កាត់បន្ថយ​តម្រូវការ​ឈើ​ប្រណីត​សម្រាប់​គ្រឿងសង្ហារិម​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ USAID Green Future Initiative​។​

​កញ្ញា​អេ​ជេ​លី​បាន​និយាយថា លោក​បាន​ចែករំលែក​អំពី​តួនាទី​របស់លោក​ជា​អ្នកដឹកនាំ​នៅក្នុង​គម្រោង​បរិស្ថាន​របស់​យុវជន និង​បាន​អំពាវនាវ​ឱ្យ​យុវជន​ផ្សេងទៀត​ចាប់ផ្តើម​សកម្មភាព​ជាក់​ស្តែង​ដើម្បី​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាស​ធាតុ​។

​ស្ថាបនិក CYCCC ក៏បាន​និយាយថា កញ្ញា​វីន ពុទ្ធា​លី អ្នកសម្របសម្រួល​គម្រោង​នៅ Young Eco Ambassador បាន​ចែករំលែក​វិធីសាស្ត្រ​នៃ​ការចូល​​រួម​របស់​យុវជន​ផ្សេងៗ​គ្នា​ដូចជា​ព្រឹត្តិការណ៍​និទានរឿង​ការ​ង្កើ​ត​យុទ្ធនា​ការដែល​ពួកគេ​ដាក់​បង្ហាញ​គម្រោង​យុវជន ឬ​គម្រោង​របស់​ពួកគេ​ហៅថា Media For Nature ដែល​បម្រើឱ្យ​ទស្ស​និក​ជន​ចូលរួម​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​សន្និសីទ​នេះ​គឺជា​សក្ខីភាព​មួយ​ចំពោះ​ថាមពល​របស់​យុវជន និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​​ជំរុញ​ការផ្លាស់ប្តូរ និង​បង្កើត​ឥទ្ធិ​ពល​វិជ្ជមាន​លើ​ពិភពលោក​៕