ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បង្ហាញ​ពី​គោលដៅ​របស់​ក្រសួង​ដែល​ចង់បាន​មន្ទីរពិសោធន៍​កសិកម្ម​កម្រិតស្តង់ដា​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ផ្នែក​ចំណីអាហារ​ឱ្យមាន​សុវត្ថិភាព​ខ្ពស់ និង​ទប់ស្កាត់​ជំងឺ​សត្វ និង​ជំងឺឆ្លង​ផ្សេងៗ​។​

​លោក ឌិ​ត ទីណា បង្ហាញ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​​ពិនិត្យ​កញ្ចប់​ថវិកា​របស់​គម្រោង​ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​មន្ទីរ​ពិសោធន៍​ថ្មី​នេះ​នៅ​ទីស្តីការ​ក្រសួង នា​ថ្ងៃទី​ ១៩ ខែមេសា​។​

​គេហទំព័រ​ក្រសួង​បញ្ជាក់​នា​ថ្ងៃទី ​១៩ មេសា​ថា​៖ «​ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី [​លោក ឌិ​ត ទីណា​] បាន​រំឭក​និង​ណែនាំ​អំពី​គោលដៅ​របស់​ក្រសួង ដែល​ចង់បាន​មន្ទីរ​ពិសោធន៍​កម្រិតស្តង់ដា​អន្តរជាតិ​ជួយ​ដល់​ផ្នែក​ចំណីអាហារ​ឱ្យមាន​កម្រិត​សុវត្ថិភាព​ខ្ពស់ ជួយ​ទប់ស្កាត់​ជំងឺ​សត្វ និង​ជំងឺឆ្លង​ផ្សេងៗ​»​។

​លោក​ថ្លែងថា មន្ទីរពិសោធន៍​នៃ​អនុវិស័យ​ទាំងអស់​ត្រូវធ្វើឡើង​នៅ​កន្លែង​តែ ​១ ​ដើម្បី​ភាព​ងាយស្រួល​។ គម្រោង​មន្ទីរ​ពិ​សោធន៍​ថ្មី​នេះ​គឺ​ស្ថិតនៅ​ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល ដែលជា​ទីតាំង​ល្អ​ដែល​អាចជួយ​បញ្ចៀស​ហានិភ័យ​ក្នុងករណី​មាន​បញ្ហា​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់ទី​ប្រជុំជន​។

​គេហទំព័រ​ដដែល​បន្ត​ថា​៖ «​ទាក់ទង​នឹង​ការងារ​នេះ ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី បានដាក់​ជូន​អង្គ​​ប្រជុំ​យកចិត្តទុកដាក់​ពិនិត្យ​ទាំងមុខ​ងារ គ្រឿង​ម៉ាស៊ីន ធន​ធាន​មនុស្ស ចំណេះដឹង និង​ការចំណាយ​ផ្សេងៗ ដើម្បី​ធានា​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅបាន​ល្អប្រសើរ និង​ជាម​ន្ទីរ​ពិសោធន៍​ល្អ​គ្មាន ​២ ​លើ​វិស័យ​កសិកម្ម​»​។

​លោក ឌិ​ត ទីណា លើកឡើងថា មន្ទីរពិសោធន៍​ស្តង់ដា​អន្តរ​ជាតិ​មាន​ភាពចាំបាច់​ណាស់ ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាជន​នៅ​ទូទាំងប្រទេស​។ ខណៈ​មន្ទីរពិសោធន៍​ថ្មី​នេះ​ពុំទាន់​លេចចេញ​ជា​រូបរាង លោក​បាន​ណែនាំ​ដល់​មន្ដ្រី​ត្រូវធ្វើ​ការងារ​ដដែល​សិន និង ចាប់ផ្តើម​គិតគូរ​ដល់​កម្រិត​ថ្នាក់​តំបន់​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​។

​ដើម្បីឱ្យ​ការងារ​គម្រោង​មន្ទីរ​ពិសោធន៍​នេះ​ប្រព្រឹត្តទៅបាន​រលូន លោក​បានស្នើ​អង្គប្រជុំ​ធ្វើការ​បង្កើត​ក្រុមការងារ​ ១ ​ដើម្បី​ពិនិត្យមើល​លើ​បញ្ជី​សារ​ពើ​ភណ្ឌ ថវិកា​លម្អិត ឧបករណ៍​សម្ភារ និង​ធនធានមនុស្ស ដោយមាន​ការចូលរួម​ពី​អង្គ​ភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​របស់​ក្រសួង​។

​លោក ឌិ​ត ទីណា ថ្លែងថា ចំណែក​ការចំណាយ​គឺ​ត្រូវ​ពិនិត្យ​លទ្ធភាព​ថវិកា​សម្រាប់​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​ផ្សេងៗ ដើម្បី​បន្តសកម្មភាព ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការធ្វើ​ពិសោធន៍ ហើយ​ថា មន្ទីរពិសោធន៍​ធំ និង​មន្ទីរពិសោធន៍​តំបន់ ត្រូវមាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ​នឹង​គ្នា ដើម្បី​ធ្វើ​ការងារ​ឱ្យបាន​រហ័ស និង​ទាន់ពេលវេលា​ក្នុង​ការផ្តល់​សេវាសាធារណៈ​ទូទាំងប្រទេស​។​

​កញ្ញា​អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៩ ខែមេសា ថា គម្រោង​មន្ទីរពិសោធន៍​ថ្មី​នេះ ពុំទាន់​បានចាប់ផ្ដើម​សាងសង់​នៅឡើយ​ទេ ដោយសារតែ​កំពុងតែ​ស្ថិតក្នុង​ការពិភាក្សា​ទៅលើ​ជម្រើស​របស់​មន្ទីរ​ពិ​សោធន៍​នេះ​។​គម្រោង​នេះ​មាន​ការជួយ​គាំទ្រ​ពី​អង្គការ​ម្ចាស់​ជំនួយ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​កញ្ញា​ថ្លែងថា​៖ «​ដោយសារតែ​យើង​រើស​មិនទាន់បាន​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​។ អ៊ីចឹង​ហើយ​ការវាយតម្លៃ​លើ​ការ​ចំណាយ​ហ្នឹង​ក៏​យើង​មិនទាន់​អាចធ្វើ​បាន​ហើយ​រយៈពេល​សាងសង់​ថា តើ​ចាប់ផ្ដើម​ពេលណា​ហ្នឹង​? ក៏​មិនទាន់​អាច​ជម្រាបជូន​បានដែរ​គឺ​រហូត​ទាល់តែ​ក្រសួង​ហើយ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​យល់ស្រប​គ្នា​សិន​ទៅលើ​ការជ្រើសរើស​គំរូ​ណាមួយ​សម្រាប់​យកមក សាងសង់​មន្ទីរពិសោធន៍​»​។​

​កញ្ញា​បន្ថែមថា​៖ «​សម្រាប់​មន្ទីរពិសោធន៍​ថ្មី​នេះ​យើង​សង្ឃឹមថា វា​នឹង​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម​ដូច​យើង​ដឹង​ហើយ​ថា វិស័យ​កសិកម្ម​នៅ​ស្រុក​ខ្មែរ​យើង​មិនមែន​គ្រប​​ដណ្ដប់​តែ​លើ​ការដាំដុះ​ដំណាំ​តែ​ ១ ​មុខ​ទេ​។ វា​គ្របដណ្ដប់​ទៅលើ​អនុវិស័យ​ផ្សេងៗ​ទៀត​ដូចជា​សុខភាព​សត្វ ហើយ​និង​ជលផល ព្រមទាំង​ព្រៃឈើ និង​កៅស៊ូ​ជាដើម​»​។​

​កញ្ញា​អ៊ឹ​ម រចនា បន្តថា ស្ថិត​នៅក្រោម​ដំបូល​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹង​ប្រមូលផ្ដុំ​សម្ភារ និង​បរិក្ខារ​ដែល​បម្រើ​ដល់​ការពិសោធ និង​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​កន្លែង​តែ​​ ១​។ វា​នឹង​អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ដ្រ និង​អ្នកជំនាញ​ដែលមាន​ចម្រុះ​អនុវិស័យ​ធ្វើ​ការរួម​គ្នា អាច​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក​ដើម្បី​បម្រើ​ដល់​វិស័យ​កសិកម្ម​ឱ្យ​ឈាន​លឿន​ទៅមុខ ជាពិសេស ការពិនិត្យ​មើលទៅ​លើ​សុខ​ភាព​សត្វ​និង​សំណាក​សត្វ ការ​ទប់ស្កាត់​ជំងឺឆ្លង​ក៏ដូចជា​ការ​បង្កាត់​នូវ​ពូជ​ដំណាំ និង​ប្រភេទ​រុក្ខជាតិ​ថ្មីៗ​បន្ថែមទៀត​៕