ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានណែនាំ​ឱ្យ​គ្រប់ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវរៀបចំ​ចាត់តាំង​ពិធី​ជួបជុំ​សំណេះសំណាល អបអរសាទរ​ទិវា​ពលកម្មអន្តរជាតិ ១ ឧសភា នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចុះថ្ងៃទី ២១ ខែមេសា បានឱ្យ​ដឹង​ថា ការប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី១៣៧ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០២៣ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។

ជាមួយគ្នា​នេះ​លោក អ៊ិត សំហេង បានណែនាំ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ត្រូវរៀបចំ​ចាត់តាំង​ពិធី​ជួបជុំ​សំណេះសំណាល អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន និង​សហការ​ជាមួយ​សហគ្រាស គ្រឹះស្ថាន​អង្គការ​សហជីព ដើម្បី​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​នេះ​បន្ត​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត​ទាំងអស់ និងរោង​ចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវជ្រើសរើស​ទីតាំង​សមស្រប ដូចជា ដងវិថី​សំខាន់ៗ និង​ទីតាំង​រោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋាន ដើម្បី​ធ្វើការ​ចងបដា​ពាក្យ​ស្លោក។

ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹម​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី ខេត្ត សមាគម និយោជក អង្គការ​សហជីព និង​កម្មករនិយោជិត​នៃ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ នឹង​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ ២០២៣ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើកកិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​សំណើ​សុំ​សួន​ច្បារ CDC មុខ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដើម្បី​ប្រារព្ធពិធី និងដាក់​ញត្តិ​ជូន​រដ្ឋសភា និង​រាជរដ្ឋាភិបាល ក្នុង​ឱកាស​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក ទី១៣៧ ឆ្នាំ២០២៣។

ក្នុងកិច្ច​ប្រជុំ​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) ឱ្យដឹង​ថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សហភាព​សហជីព សហព័ន្ធ​សហជីព សហជីព និង​សមាគម​ធ្វើការក្នុង​វិស័យ​ការងារ​នៅប្រទេស​កម្ពុជា​ចំនួន ១០ ស្នើ​សុំ​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធាន​បទ "រួមគ្នា​លើកកម្ពស់​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព" ចាប់ពី​ម៉ោង ០៦:៣០នាទី ដល់​ម៉ោង ១២:០០នាទី។

លោកបន្ត​ថា​កម្មវិធី​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ ២០០០ នាក់ ដោយ​ជួបជុំ​គា្ន​នៅ​សួនច្បារ CDC មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួច​ហែក្បួន​តាម​បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់​វិមាន​រដ្ឋសភា បន្ត​រៀបចំ​ពិធី​ជួបជុំ​នៅទីនោះ​ រួច​ដាក់​ញត្តិ​ជូន​រដ្ឋសភា។ ដោយឡែក​ញត្តិ​សម្រាប់​ដាក់​ជូន​រាជរដ្ឋាភិបាល​នឹង​ធ្វើ​នៅពេល​ក្រោយ​តាម​ពេលវេលា​សមស្រប។

លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ ថ្លែង​ថា សម្រាប់​ការហែ​ក្បួន​មិនអនុញ្ញាត​ឱ្យ​មាន​ការដង្ហែ​នោះទេ ក្រោម​ហេតុ​ផល​ចំនួន ០២ សំខាន់ៗ ទី១ ទិវា​ពលកម្ម​អន្តរជាតិ​ជាថ្ងៃ​ឈប់​សម្រាក ដូច្នេះ​គួរ​អញ្ជើញ​តំណាង​មក​ទទួល​ញត្តិ​នៅទីតាំង​ប្រារព្ធ​ពិធី​ផ្ទាល់ និង​ទី២ ការដង្ហែ​ក្បួន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ចរាចរ និងសណ្តាប់ធ្នាប់​សាធារណៈ។

លោកថា​៖«បន្ថែម​ពីលើ​នេះ​ទៀត​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ រដ្ឋបាល រាជធានីភ្នំពេញ បាន​ផ្ដល់​ការសម្របសម្រួល​ដល់​ម្ចាស់​សំណើ​ក្នុងការរៀបចំ​ទិវា​ពលកម្ម​អន្តរជាតិនេះ​ផងដែរ»៕