
កងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី នៅខេត្តកំពង់ធំ ត្រូវបានបញ្ជូនទៅមណ្ឌលហ្វឹកហ្វឺន នៅខេត្ត កំពង់ឆ្នាំង នៅថ្ងៃទី២១ មេសានេះ។ រូបថត រដ្ឋបាលខេត្តកំពង់ធំ
កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែមេសានេះ បានជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៥០នាក់ ទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង)។
លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឡើងថ្លែងក្នុងអង្គពិធីថា បេក្ខជនគ្រប់លក្ខណសម្បត្តិ (ជាប់ជាស្ថាពរ) ទាំង ៥០នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំ រៀបចំពិធីសំណេះសំណាល និងជូនដំណើរទៅហ្វឹកហ្វឺន នាពេលនេះ។
លោកបន្តថា ចំពោះបេក្ខជនគ្រប់លក្ខណសម្បត្តិ (ជាប់ត្រៀមបម្រុង) គឺសម្រាប់ត្រៀមស្នើបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ពេលមានតម្រូវការចាំបាច់ (ប្រសិនបើមាន) ។
ក្នុងពិធីនេះលោក ងួន រតនៈ បានថ្លែងផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថដែលទើបត្រូវបានក្រសួងការពារជាតិ បញ្ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ នឹងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទបញ្ជា និងវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ៕