អូស្រ្តាលី នឹង​បន្ត​ជួយ​ជំរុញ​ថាមពល​កកើត​ឡើងវិញ ដើម្បី​ជួយ​កម្ពុជា​បន្ថយ​កម្រិត​នៃ​ការ​បំភាយ​ឧស្ម័ន​កាបូនិច ឱ្យ​បាន ៤២% មុន​ឆ្នាំ២០៣០ ខណៈ​បច្ចុប្បន្ន​អូស្រា្តលី កំពុង​សិក្សា​លទ្ធភាព​លើ​គម្រោង​បង្កើត​កសិដ្ឋាន​សូឡា នៅ​ក្នុង​ខេត្ត​ក្រចេះ ដើម្បី​ផ្គត់ផ្គង់​បណ្តាញ​អគ្គិសនី​ខ្នាត​តូច​នា​ពេល​ដ៏​ខ្លី​ខាងមុខ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ថានទូត​ អូស្រ្តាលី ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ ២០២៣។

ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​ អូស្ត្រាលី បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្គត់ផ្គង់​សេវា​អគ្គិសនី​ប្រកប​ដោយ​និរន្តរភាព ភាព​ជឿជាក់ និង​មាន​តម្លៃ​សមរម្យ​ទៅ​កាន់​ភូមិ​នានា​ទូទាំង​ប្រទេស។ ជាមួយគ្នា​នេះ ការ​ផ្តល់​ជំនួយ​របស់​អូស្រ្តាលី គឺ​បាន​ជួយ​ឱ្យ​ប្រជាជន​តាម​ជនបទ​ចំនួន ៣១ ០០០ គ្រួសារ ក្នុង​ប្រទេស​កម្ពុជា បាន​ភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី​ជាតិ ដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ​ផងដែរ។

ជាក់ស្តែង ដើម្បី​ជួយ​ជំរុញ​ថាមពល​កកើត​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ថ្មីៗ​នេះ ក្រុម​ការងារ កម្មវិធី​ភាព​ជា​ដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់ (CAPRED) បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ឃុំ​កំពង់ចាម ដែល​នៅ​ដាច់​ស្រយាល​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​កសិដ្ឋាន​សូឡា។

ស្ថានទូត​អូស្រ្តាលី បន្ត​ថា៖ «ការ​សិក្សា​លទ្ធភាព​បង្កើត​កសិដ្ឋាន​សូឡា​នៅ​ក្នុង​ខេត្ត​ក្រចេះ គឺ​ធ្វើឡើង ក្នុង​គោល​បំណង ផ្គត់ផ្គង់​បណ្តាញ​អគ្គិសនី​ខ្នាត​តូច​ដល់​ភូមិ​ចំនួន ៤ ខណៈ​តាម​រយៈគម្រោង​នេះ នឹង​ជួយ​ប្រជាជន​ប្រហែល ៤ ០០០ នាក់ ដែល​មាន​ជាង​ពាក់​កណ្តាល​ជា​ស្ត្រី ឱ្យ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ដែល​អាច​ទុក​ចិត្ត​បាន នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ជា​លើក​ដំបូង»។

ក្រៅពី​គម្រោង​បង្កើត​កសិដ្ឋាន​សូឡា​នៅ​ក្នុង​ខេត្ត​ក្រចេះ ដែល​គ្រោង​ដំណើរការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ​នោះ​ អូស្ត្រាលី​ក៏​កំពុង​តែ​ជំរុញ​ថាមពល​កកើត​ឡើង​វិញ​ផងដែរ ដើម្បី​ជួយ​ប្រទេស​កម្ពុជា ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន ក្នុង​ការ​កាត់​បន្ថយ​កម្រិត​នៃ​ការ​បំភាយ​ឧស្ម័ន​កាបូនិច ឱ្យ​បាន ៤២% មុន​ឆ្នាំ ២០៣០ ថែមទៀត។

ក្នុងនោះដែរ តាម​រយៈ​កម្មវិធីភាព​ជា​ដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់ (CAPRED) ក៏​កំពុង​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​គោលបំណង​តភ្ជាប់​បណ្តាញ​អគ្គិសនី​នៅតាម​ភូមិនានា៕