​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំ​រុញឱ្យ​អាជ្ញា​ធរ​មូលដ្ឋាន​ខិតខំ​ដោះស្រាយ​សេវាសាធារណៈ​ជូន​ដល់​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​អ្វីមួយ ដោយ​ត្រូវ​ធ្វើឱ្យបាន​លឿន​។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ​១ ​ឧសភា និង​សំណេះសំណាល​ជាមួយ​សមាគម សហជីព កម្មករ និយោជិត តំណាង​មន្ត្រីរាជការ គ្រូបង្រៀន និង​តំណាង​សមា​គម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង ៣ ពាន់​នាក់ នៅ​សាល​មហោស្រព កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ២៣ ខែមេសា​។​

​ហ្វេ​ស​ប៊ុ​កលោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់ថា​៖ «​សម្ដេច​តេ​ជោ​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​មូល​ដ្ឋា​ន​ខិតខំ ដោះស្រាយ​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំង​ថ្នាក់​ដោយ​ប្រការ​អ្វីមួយ គឺត្រូវធ្វើ​ឱ្យបាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ពួកគាត់​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្តថា​៖ «​សម្ដេច​តេ​ជោ​ក៏បាន​មាន​ប្រសា​​សន៍​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ទំនាស់​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន តាមរយ​:​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ឱ្យបាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន ពីព្រោះ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ វា​មិនមាន​អ្នក​ឈ្នះ មិនមាន​អ្នកចាញ់ ហើយ​មិនមាន​អ្នក​ខាត មិនមាន​អ្នក​ចំណេញ​នោះទេ គឺ​ឈ្នះ​ទាំង​អស់​គ្នា ដោយ​មិនចាំបាច់​ឡើងដល់​តុលាការ​ឡើយ​»​។

​ក្រៅពីនេះ​លោកនាយក​រដ្ឋ​​មន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ខិតខំ​ដោះស្រាយ​បញ្ហា​របស់​ពលករ​នៅក្រៅ​ប្រទេស​ឱ្យបាន​ល្អប្រសើរ ជាពិសេស​ការ​​ពារ​សិទ្ធិ​កម្មករ​កុំឱ្យ​មានការ​​រំលោភបំពាន​ផ្សេងៗ​។​

​លោក ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​ឱ្យបាន​គង់វង្ស ហើយ​លោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​នេះ​ព្រមទាំង​បានបង្ហាញ​មោទន​ភាព​ចំពោះ​សន្តិភាព​របស់​កម្ពុជា ដែល​បាន​ផ្តល់នូវ​ផ្លែផ្កា​ជាច្រើន​សម្រាប់​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អំពាវនាវ​ឱ្យមាន​ការចូល​រួមការ​ពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បន្ត​ការអនុវត្ត​គោល​នយោបាយ ភូមិ ឃុំ មាន​សុវត្ថិ​ភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដូច​​ជា​ទប់ស្កាត់​ការជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀន ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​រួមគ្នា​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​»​។​

​បន្ថែម​ពីនេះ លោកនាយក​រដ្ឋ​មន្ត្រី​ក៏បាន​ជំរុញឱ្យមាន​ការ​ខិត​​ខំ​ថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​អតិផរណា ហើយ​ជំរុញ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​ចេះ​សន្សំសំចៃ​ក្នុងការ​ចំណាយ​ផ្សេងៗ ត្រូវ​ចូលរួម​លុបបំបាត់​ការរកស៊ី​គេចពន្ធ និង​ត្រូវខិតខំ​រក​ចំណូល​សម្រាប់​ជាតិ​ឱ្យបាន​ច្រើន​។​

​លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ដោះ​​ស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ខ្សត់ខ្សោយ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា​ពលរដ្ឋ​ដែល​រងគ្រោះ ក្នុង​វិបត្តិ​កូ​វីដ​ ១៩​ ជាដើម​។ ឱ្យមាន​ការចូលរួម​ដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ ទាំង​ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ព្រមទាំង​បន្ត​យក​ចិត្ត​ទុកដាក់​ជាប់​ជាប្រចាំ ជា​ពិសេស​គោលនយោបាយ​គាំពារ​សង្គម ដូចជា​ការអនុវត្ត​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ​។

​លោក​ជំរុញ​ឱ្យ​យកចិត្ត​ទុក​​ដាក់​មើល​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខលំបាក ដោយ​លោក​មិន​បណ្តោយឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ ដោយ​មិន​បានដឹង​នោះទេ​។​

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ការងារ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការបណ្ដុះ​បណ្ដាល ធនធានមនុស្ស​ទៅលើ​វិស័យ​ការងារ​បន្ថែមទៀត​ទាំង​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ហើយ​រាជ​រដ្ឋាភិបាល​ជា​អ្នកចេញ​ថ្លៃ​ក្នុងការ​បណ្ដុះបណ្ដាល​ចំណេះដឹង​ធនធានមនុស្ស​លើ​វិស័យ​ការ​ងារ​ទាំងអស់នោះ​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បន្ថែមថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែមេសា នេះ គឺ​សល់​តែ​ ១២ ​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ យើង​នឹង​ដល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​ដូច្នេះ​សម្តេច​តេ​ជោ សូមឱ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យបាន​ល្អប្រសើរ និង​រលូន ដើម្បីឱ្យ​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ពេលដែល​មកដល់​កម្ពុជា​ម្ដង​ហើយ គេ​ចង់​មក​ម្ដងទៀត​នៅពេល​ក្រោយ​»​។​

​ពាក់ព័ន្ធ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា ខាងមុខនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន សេរី និង​យុត្តិធម៌ មិនមាន​ការគាបសង្កត់ និង​ត្រូវ​ស្ថិតក្នុង​បរិយាកាស​ល្អ​បំផុត​។​

​ពាក់ព័ន្ធ​សេវាសាធារណៈ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា សេវាសាធារណៈ​នៅ​មូល​ដ្ឋា​ន​គឺជា​សេវា​ដែល​នៅ​កៀក​នឹង ប្រជាពលរដ្ឋ​បំផុត ដែល​ប្រជា​ពលរដ្ឋ​ត្រូវការ​ប្រចាំ​ថ្ងៃជា​ចាំបាច់​។ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​បាន​បម្រើសេវា​នេះ​ដល់​ប្រជាពលរដ្ឋ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​ទៅតាម ច្បាប់ និង​លិខិតបទដ្ឋាន ប្រជា​ពលរដ្ឋ​នឹង​ទទួលបាន​សេវា​ដោយ​ស្រួល មានដំណើរ​ការល្អ និង​ធ្វើឱ្យ​សង្គម​មាន​សណ្តាប់ធ្នាប់​ល្អ​។

​លោក​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៣ ខែមេសាថា​៖ «​ហើយ​ប្រជាពលរដ្ឋ​យើង​តែងតែ​វាយ​តម្លៃ​ជារួម ឧទាហរណ៍​ថា គាត់​មានការ​រកាំរកូស មិន​សប្បាយ​​ចិត្តនឹង​អាជ្ញាធរ​មូលដ្ឋាន គាត់​អាច​នឹងត្រូវ​ងាយស្រួល​នឹង​វាយតម្លៃ​ទៅលើ​នយោបាយ​រួម​ថា អាហ្នឹង​មកពី​ការដឹកនាំ​ពី​ថ្នាក់លើ​យ៉ាងនេះ យ៉ាងនោះ ក៏ប៉ុន្តែ នេះ​គឺជា​ឥរិយាបថ​បុគ្គល​នៅ​មូលដ្ឋាន​។ ចង់​មិន​ចង់​គឺ​រាជ​រដ្ឋាភិបាល​មាន​ចំណែក​ទទួល​​ខុសត្រូវ​ហើយ​។ ឥរិយាបថ​បុគ្គល​មូលដ្ឋាន​ធ្វើ​មិនបាន​ល្អ​គឺ​រាជរដ្ឋាភិបាល​ច្បាស់​ជាមាន​ចំណែក​ទទួលខុសត្រូវ ដែល​ប្រជាពលរដ្ឋ​អាច​ប៉ាន់ស្មាន ឬក៏​ម៉ៃ​ចំពោះ​»៕