ភ្នំពេញៈ ​ផ្អែកលើ​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បង្ហាញថា វីរុស​ជាច្រើន​ដែល​កើតជា​ជំងឺ​ផ្ទុះ​រីក​រាលដាល​ឡើង​បំផ្លាញ​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​លើ​ពិភពលោក គឺ​ឆ្លង​ពី​សត្វព្រៃ​មក​មនុស្ស តួយ៉ាង​ដូចជា​វីរុស Hendra វីរុស Nipah, Sars, Mers និង​វីរុស​កូ​វីដ​ ១៩ ជាដើម​។ នេះ​បើតាម​លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា​។

​លោក ​សេង ទៀក ថ្លែងថា​៖ «​ហេតុនេះ​យើង​កុំ​បរិភោគ​សាច់សត្វ​ព្រៃ កុំ​ប៉ះពាល់​សាច់សត្វ​ព្រៃ​តាមរយៈ​ការដាក់​អន្ទាក់ តាមរយៈ​ការសម្លាប់​ដោយផ្ទាល់​តាមរយៈ​ការដឹកជញ្ជូន​ដោយផ្ទាល់​ព្រោះ​យើង​អត់​ដឹងថា សត្វព្រៃ​ហ្នឹង​មាន​ជំងឺ​អ្វីខ្លះ​ទេ ការបរិភោគ​វារឹតតែ​មាន​បញ្ហា​កាន់តែខ្លាំង​ឡើង​»​។​

​លោក សេង ទៀក លើកឡើង​បែបនេះ​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​ដែល​ធ្វើឡើង​នៅ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​ ២២ ខែមេសា ឆ្នាំ ២០២៣​។ លោក​លើកឡើងថា របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បានឱ្យដឹងថា ប្រភេទ​ជំងឺឆ្លង​ប្រមាណ ​៦០ ​ភាគរយ​ដែល​កើតមានឡើង​គឺមាន​លក្ខណៈ​ដូចគ្នា ឬ​ខ្លាំង​ជាង​កូ​វីដ​ ១៩ ហើយ​វីរុស​ជាង​ ៣០ ​ប្រភេទ ដែល​ឆ្លង​មក​មនុស្ស​ក្នុង​កំណត់ត្រា​រយៈពេល ៣០ ​ឆ្នាំកន្លងមក​ឃើញថា ៧៥ ភាគរយ​នៃ​វីរុស​ទាំងនោះ គឺមាន​ប្រភព​ចេញពី​សត្វព្រៃ ឬ​សត្វ​ស្រុក​។

​ចំពោះ​វីរុស​ដែល​ចម្លង​តាមផ្លូវ​ដង្ហើម​កើតឡើង​ក្នុងពេល​កន្លងមក​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​កត់​ត្រា តួយ៉ាង​ដូចជា វីរុស Hendra កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៤ ក្នុងប្រទេស​អូស្ត្រាលី ត្រូវបានអ្នកវិទ្យាសាស្ត្រ​សង្ស័យថា បាន​កើតឡើង​ចេញពី​សត្វ​ប្រចៀវ​ឆ្លង​ចូលទៅ​សត្វ​សេះ​និង​បន្ត​ចម្លង​មក​មនុស្ស​។ ក្រៅពីនេះ​មាន​ប្រភេទ​វីរុស ​១ ​ទៀត ឈ្មោះថា វីរុស Nipah ដែល​កើតឡើង​តាំងពី​ឆ្នាំ ១៩៩៨ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បន្ទាប់មក​បាន​រីក​រាលដាល​ដល់​ប្រទេស ​៥​ ទៀត​ក្នុង​តំបន់​អាស៊ី ក៏​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា កើតឡើង​ចេញពី​សត្វ​ប្រចៀវ ចម្លង​ចូលមក​សត្វ​ជ្រូក ហើយ​ឆ្លង​ពី​ជ្រូក​ចូលមក​មនុស្ស​ផងដែរ​។​

​បើតាម​លោក​ សេង ទៀក នៅមាន​វីរុស​ ១​ ទៀត ហៅថា វីរុស Sars ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០០២ បន្ត​មក ២០០៣ និង​បាន​រីក​រាលដាល​ទៅដល់​ជាង ២៥ ប្រទេស ដែល​ត្រូវបាន​គេ​សង្ស័យថា កើតចេញពី​ប្រចៀវ បន្តទៅ​សត្វ​សំពោច និង​ចេញពី​សត្វ​សំពោច​ដល់​មនុស្ស​។ បន្ថែម​លើ​នេះ​នៅមាន​ប្រភេទ​វីរុស Mers ដែលជា​ប្រភេទ​ជំងឺ​ផ្លូវដង្ហើម ​១​ ទៀត​កើតឡើង​នៅ​ឆ្នាំ​ ២០១២ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ឆ្លង​រីក​រាលដាល​ជិត​ ៣០ ​ប្រទេស ហើយ​ត្រូវបាន​គេ​សង្ស័យថា កើតចេញពី​សត្វ​ប្រចៀវ ទៅ​សត្វ​អូដ្ឋ ចេញពី​សត្វ​អូដ្ឋ​ទៅ​មនុស្ស​។

​នាយក​អង្គការ WWF កម្ពុជា បានឱ្យដឹង​ទៀតថា ចំណែក​វីរុស Ebola ក៏បាន​បង្ក​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​ផងដែរ​។​ជំងឺ​នេះ​កើតឡើង​នៅ​ឆ្នាំ ​២០១៤ រីក​រាលដាល​ដល់​ជាង ​៦​ ប្រទេស​។ ចំណែក​វីរុស HIV ដែល​កើតឡើង​តាំងពី​ឆ្នាំ​ ១៩៨១ ក៏មាន​ការ​ចម្លង​យ៉ាងខ្លាំង​ដែល​មនុ​ស្សភាគ​ច្រើន​បានដឹង​។ ក្រៅពីនេះ​ក៏​នៅមាន​ជំងឺ​ផ្តាសាយ​ជ្រូក ជំងឺផ្តាសាយបក្សី និង​ក្រោយ​គេ​គឺ​ជំងឺ​កូ​វីដ ១៩​។ កូ​វីដ​១៩ ថ្វីបើ​មិនទាន់មាន​ការអះអាង​ ១០០ ភាគរយ​ថា​កើតចេញពី​ប្រភព​នៃ​សត្វព្រៃ ប៉ុន្តែ ឯកសារ​ដែល បាន​ចងក្រង​ភាគច្រើន​គឺ​សំដៅ​ទៅលើ​ការឆ្លង​ពី​សត្វព្រៃ​មក មនុស្ស​នេះឯង​។

​លោក​ថ្លែងថា​៖ «​ជំងឺ​មួយចំនួន​ត្រូវបាន​អះអាងថា វា​ឆ្លង​មកពី​សត្វព្រៃ​គឺមាន ផលប៉ះពាល់​ខ្លាំងណាស់ ក្រៅពី​ការសម្លាប់​មនុស្ស គឺ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​មែនទែន​ទាំង​វិស័យសេដ្ឋកិច្ច វិស័យ​ទេសចរ​ណ៍ ឧស្សាហកម្ម ប្រព័ន្ធ​សុខា​ភិ​បាល​នៅក្នុង​ពិភពលោក បញ្ហា​សង្គម ជាពិសេស​ជំងឺផ្លូវចិត្ត​»​។​

​លោក សេង ទៀក បាន​គូស​​បញ្ជាក់ថា ដើម្បី​កុំឱ្យ​មាន​ផ្ទុះ​ជំងឺ​ដែល​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​លើ​ពិភព​​លោក​បន្ថែមទៀត​គ្រប់គ្នា​ត្រូវ​ចូល​រួម​ថែរក្សា​សត្វព្រៃ និង​ព្រៃឈើ ដោយ​មិនត្រូវ​បំពាន រំលោភ ឬ​ទន្ទ្រាន​ទៅលើ​ដីព្រៃ​ឬ​ដែន​ជម្រក​របស់​សត្វព្រៃ​នោះទេ ត្រូវ​ទុកឱ្យ​សត្វព្រៃ​រស់នៅក្នុង​តំបន់​នោះ បើ​ពុំ​នោះទេ​មនុស្ស​នឹង​អាច​ជួប​ផលវិបាក​ដោយ​ជំងឺឆ្លង​រា​ត​ត្បា​ត​ដទៃទៀត​ដែល​អាច​នឹង​កើតមានឡើង​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ក្នុង​ពិភព​លោក​ទាំងមូល​មិន​ខាន​។

​លោក ​នេត្រ ភក្ត្រា រដ្ឋលេខា​ធិ​ការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា សត្វ​ព្រៃ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវ​និរន្តរភាព​នៃ​ស្បៀង​អាហារ​សម្រាប់​ប្រជាជន ចំណែក​ប្រភេទ​ជីវចម្រុះ​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កាត់​ពូជ ក៏ដូចជា​បន្ត​ពូជ​រុក្ខជាតិ​ផ្សេងៗ ដើម្បី​ធ្វើឱ្យ​ភពផែនដី​នៅ​បៃតង​។

​លោក​ថា តាម​ឯកសារ​នៃ​ការសិក្សា​ស្រាវ​​ជ្រាវ​បង្ហាញថា ជំងឺឆ្លង​លើ​មនុស្ស​ភាគច្រើន​កើតឡើង​ពី​ការឆ្លង​ពី​សត្វព្រៃ និង​សត្វស្រុក​ដែល​ជំងឺ​មួយចំនួន​មាន​សភាព​កាច​សា​ហាវ​អាច​សម្លាប់​មនុស្ស​រាប់លាន​នាក់​លើ​ពិភពលោក និង​បានកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​លើកឡើងថា យុទ្ធ​នា​ការ​អន្ទាក់​សូន្យ​ដែល​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ធ្វើ​កិច្ច​ការងារ​រួមគ្នា​គឺ​ដើរ​ទទ្ទឹម​គ្នា​ជា​មួយ​ការផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ផង ដើម្បី​បង្កើត​សេដ្ឋកិច្ច មូលដ្ឋាន​ផង​និង​បង្កើន​ចំណេះដឹង​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​ទៅលើ​ការកាត់បន្ថយ​ការ​ដាក់​អន្ទាក់ និង​ការ​បរបាញ់​សត្វ​។

​លោក​ថ្លែងថា​៖ «​អ្វីដែល​យើងខ្ញុំ​ធ្វើ​នេះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​នូវ​ឥរិយា​​បថ​សាធារណជន ជាពិសេស​គឺ​ការ​បរបាញ់​សត្វ​ត្រូវ​បញ្ឈប់ ហើយ​អ្នក​ដែល​និយម​ហូប​សាច់សត្វ​ព្រៃ ដែល​គិតថា សាច់សត្វ​ព្រៃ​វា​នឹង​ផ្តល់នូវ​សុខភាព​ល្អ ប៉ូវ​កម្លាំង ព្យាបាល​ជំងឺ សូមឱ្យ​បញ្ឈប់​»​។

​លោក ​នេត្រ ភក្ត្រា ថ្លែង​ទៀតថា ការដកហូត​អន្ទាក់​ចេញពី​តំបន់ការពារធម្មជាតិ​ក្នុង​ ១ ​ឆ្នាំៗ​បានតែ​ ២០ ​ភាគរយ​ប៉ុណ្ណោះ ហើយក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុងក្រោយ នេះ​អន្ទាក់​ដែល​ត្រូវបាន​ដកចេញ​ពី​តំបន់ការពារធម្មជាតិ​គ្រប់​ប្រភេទ​មាន​ប្រមាណ​ ១០​ ម៉ឺន អន្ទាក់​។ ១០​ ម៉ឺន​អន្ទាក់​ដែល​ត្រូវបាន​ដោះចេញ​នេះ​បាន​ជួយ​ដល់​ជីវិត​សត្វព្រៃ​ជាច្រើន និង​ជួយ​ដល់​ការកាត់បន្ថយ​ហានិភ័យ​ជាច្រើន​សម្រាប់​មនុស្ស និង​សត្វ​៕