ស្ទឹង​ត្រែងៈ ក្នុង​រយៈ​ពេល ​៥​ ឆ្នាំ​មក​នេះ កា​រងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ក្រប​ខ័ណ្ឌ​កម្មវិធី​អនុវិ​ស័យ​រដ្ឋ​បាល​ដីធ្លី​ អនុវត្ត​សម្រេច​បាន​ភូមិ​ចំនួន​ ៣៥​ ភូមិ​ ខណៈ​ការចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​នេះបាន​សម្រេច​សរុប​ជាង​ ៣ ​ម៉ឺន​បណ្ណ​។

​នេះ​​បើតាម​ការប្រ​កាស​របស់​រដ្ឋ​បាល​ខេត្ត​ស្ទឹងត្រែ​ងតាម​រយៈ​សន្និ​សីទ​សារ​ព័ត៌​មាន​ស្តីពី​ភាព​ជោគ​ជ័យ​ក្នុង​រយៈពេល​៥​ឆ្នាំ​(២០១៨-​២០២២)របស់​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​នៅទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​នៅ​ថ្ងៃទី​២៤ ​ខែមេសា ​ឆ្នាំ​២០២៣​។​

​ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​នោះ លោក​ស្វាយ សំ​អ៊ាង ​អភិ​បាលខេត្ត​ស្ទឹងត្រែ​ងបាន​លើកឡើ​ងថា​ រដ្ឋបាលខេ​ត្ត ប្តេជ្ញា​នឹង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ចុះបញ្ជី​​ដីធ្លី​សម្រាប់​ការ​គ្រប់​គ្រង ប្រើ​ប្រាស់ និង​អាស្រ័យ​ផល​លើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ លោក​បាន​បន្តថា គិត​មក​ទល់​ពេលនេះ​ ការ​ចុះប​ញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជា​ពលរ​ដ្ឋក្នុង​មូល​ដ្ឋាន​សម្រេច​បាន​៣៥​ភូមិ​ដោយ​បាន​ផ្តល់​បណ្ណ​កម្មសិទ្ធិ​រួច​រាល់​ ៣៤ ​១២៥​បណ្ណ​។​

​ដោយ​ឡែក ចំពោះ​ការងារ​ចុះ​បញ្ជី​ក្បាល​ដី​ក្នុង​គម្រោង​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​វិញ លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន បាន​ចេញ​បណ្ណ​លើ​ក្បាលដី​​ចំនួន​១១​ទីតាំង​ស្មើនឹ​ង១៥១បណ្ណ ​លើផ្ទៃ​ដី​ទំហំ​សរុប​ ១១៦ ​៣៦៨​ហិក​តា ​និង​បន្ត​វាស់​វែង​២​ទីតាំង មាន​ទំហំ​ដី​សរុប​ ៩៤ ​០០០​ហិក​តា​។

​ចំពោះ​ការងា​រព​ង្រឹង​ការ​គ្រប់​គ្រង​ទីតាំង​ដី​សម្ប​ទាន​សង្គម​កិច្ច​វិញគឺ​សម្រេចបា​ន​ចំនួន​៧​ទីតាំង​ស្មើនឹង​ទំហំ​សរុប​ជាង​១​ម៉ឺន​៤​ពាន់​ហិក​តា ខណៈ​ការងារ​ចុះប​ញ្ជី​ដី​សមូ​ហភាព​ជនជា​តិដើម​ភាគ​តិច​សម្រេច​បាន​ចំនួន​៤​សហគ​មន៍ ដោយ​បាន​ចេញ​បណ្ណ​ដី​ជា​សមូហ​ភាព​២​សហ​គមន៍ ​និង​ត្រៀម​ចេញ​ជូន២​ស​ហគម​ន៍ទៀត​ក្នុង​ពេល​ខាង​មុខ​។​

​អភិ​បាលខេ​ត្ត​ស្ទឹងត្រែ​ង​ខាងលើបា​ន​បញ្ជាក់​ដែរថា​៖«​សមិទ្ធ​ផល​​ទាំងនេះ​ គឺជា​កិច្ច​ខំប្រឹង​ប្រែង​របស់​មន្ទី​ររៀបចំ​ដែន​ដី នគ​រូបនី​យក​ម្ម សំណង់ និង​សុរិ​យោដី​ខេត្ត រួម​ជា​មួយ​មន្ត្រី និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង ប៉ុន្តែ​ចំនួន​នេះ នៅ​តែ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​​ជ្រុងជ្រោយ​​នៅឡើ​យ​ទេ​ ទោះជា​យ៉ាងណា​ រដ្ឋបាលខេ​ត្ត​ប្តេជ្ញា​នឹង​ខិតខំព​ន្លឿ​ន​ការងារ​នេះ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាង​មុខ ស្រប​តាម​ផែន​ការ​របស់​ក្រសួង​រៀបចំ​ដែនដី​»​។

​ជាមួ​យគ្នា​​នោះដែ​រ លោក គឹម ពិសិដ្ឋ ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូ​បនីយ​កម្ម សំណង់​ និង​សុ​រិ​យោ​ដី​ខេត្ត​ស្ទឹងត្រែង​បាន​ឱ្យ​ដឹង​ដែរ​ថា កន្លង​មក រដ្ឋ​បាល​ខេត្តបា​នដា​ក់​ចេញ​ផែន​ការ​គ្រប់គ្រ​ង និង​ប្រើប្រា​ស់​ដីធ្លី ដើ​ម្បី​ធានា​បាន​ប្រសិទ្ធ​ភាព និ​ង​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា​ទាក់​ទង​នឹង​វិស័យ​ដីធ្លី​។​

​ជាងនេះ​ទៀ​តក្រៅពី​​ចែក​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី លោ​ក​ថា ​មន្ទី​រក៏បាន​ខិតខំ​ជំរុញ​ការ​ងារ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលា​ការ​ដោយបា​ន​ខិតខំ​សម្របស​ម្រួ​ល​ដោះស្រា​យ​ករណី​ទំនាស់​ដីធ្លីជូ​ន​ប្រជា​ពលរដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​ស្រប​តាម​នីតិ​វិធី​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ក្នុងនា​ម​មន្ទីរ​នឹង​ខិតខំ​លើកក​ម្ពស់​ប្រសិទ្ធភា​ពក្នុង​ការ​ផ្តល់​សេវា​សាធារ​ណៈតាមរ​យៈ​ការបន្ត​យក​ចិត្ត​ទុក​ដាក់​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ស្របតា​ម​ទិសដៅរ​បស់​ខេត្ត​ដែល​បាន​ដាក់​ចុះ និង​ទិស​ដៅ​របស់​ក្រសួងម​ហាផ្ទៃ​​ឱ្យសម្រេ​ចបា​ន​លទ្ធ​ផល​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ​ធា​នាបាន​សន្តិសុ​ខ​សណ្តាប់​ធ្នាប់​សាធា​រណៈ ពិសេស​ពង្រឹង​ការដោះស្រា​យ​វិវាទ​​ដីធ្លីនិ​ង​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដីធ្លី​ទូទាំង​ខេត្ត​ឱ្យអស់​ក្នុងពេ​ល​ឆាប់ៗ​ដើម្បី​លើកកម្ពស់​សេដ្ឋ​កិច្ច និង​ជីវ​ភាព​រស់នៅ​របស់​ប្រជាព​លរដ្ឋ​នៅ​មូល​ដ្ឋាន​»​។​

​បើតាម​រ​បាយកា​រណ៍រ​បស់​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង ក្នុង​រយៈពេ​ល​៥​ឆ្នាំ​មកនេះ ខេត្ត​បាន​ពង្រឹង​ការ​គ្រប់​គ្រង​តំបន់​ការពារ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ដែល​រួមមាន​៖ តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័​យផ្ទៃដី​ជាង៩​៩​ពាន់​ហិកតា​, ឧទ្យាន​ជា​តិ​វ៉ឺ​ន​សៃ​-​សៀម​ប៉ាង​ផ្ទៃដី​ជាង​៤៤​ពាន់ហិ​កតា​,​ដែនជម្រក​សត្វព្រៃ​-​ព្រៃ​ឡង់ផ្ទៃដី​ជាង១​២១​ពាន់​ហិកតា​,​ដែនជ​ម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​មាន​ផ្ទៃដី​ជាង​១៣៣​ពាន់​ហិក​តា និង​តំបន់​រ៉ា​ម​សារ​ មាន​ផ្ទៃដី​១៤​ ៦០០​ហិ​កតា​។

​ដោយ​ឡែក​តំប​ន់គ្រ​ប់គ្រង​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ តាម​បណ្ដោយ​ទន្លេមេគ​ង្គ​មាន​៣៥​គីឡូម៉ែត្រ និង​មាន​តំបន់​ដែល​បាន​កំណត់​ជា​កន្លែង​អភិ​រក្ស​ និង​កន្លែង​ការពារ​មាន​ទំហំ​ជាក់​ស្តែងផ្អែ​ក​ទៅតាម​ចលនា​នៃ​ការរស់នៅ​ ការ​​បំផ្លាស់​​ទី ការ​ស្វែង​រក​ចំណី និង​ការ​បន្ត​ពូជ​របស់​សត្វ​ផ្សោត​។

ប្រ​ភព​ដដែល​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មកនេះ​ដែរ ចំពោះ​ការគ្រ​ប់គ្រង និង​រៀបចំ​រដ្ឋ​បាល​ដែនដី​​នៅ​មូល​ដ្ឋាន រដ្ឋបាល​ខេត្ត​បានស្នើ​សុំ​រៀបចំ​បង្កើត​ស្រុក​ថ្មី​ចំនួន​១នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ និង​ការ​បង្កើត​ភូមិ​ថ្មី​ចំនួន​៩​ភូមិ ក្នុង​ឃុំ​សង្កាត់​ចំនួន​៤​ថែម​ទៀត​។

​លើសពី​នេះ រដ្ឋ​បាល​ខេត្ត ក៏បាន​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិការ​ទ្វេភាគី​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​ដែល​មាន​ខេត្ត​ចម្ប៉ា​សាក់ ​និង​ខេត្ត​អត្ត​ពី​ប្រទេស​ឡាវ និង​ខេត្ត​សម្ព័ន្ធភា​ព​មាន​កិច្ចសហ​ប្រតិ​បត្តិការ​ដែល​មាន​ខេត្ត​ក​ន្ទូ​ម ខេត្ត​យ៉ា​ឡាយ ខេត្ត​ខា​ញ់​ហ័​រ និង​ខេត្ត​ប៊ិ​ញ​ហ្ស៊ិ​កនៃ​ប្រទេស​វៀតណា​ម​សំដៅ​រក្សា​បូរណ​ភាព​ទឹកដី​ និង​លើក​កម្ពស់​សេដ្ឋ​កិច្ច​តាម​ខ្សែប​ន្ទាត់​ព្រំដែ​ន​ផង​ដែរ​​៕