ភ្នំពេញៈ គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២៣ ជា​ថ្ងៃ​ដំបូង​នៃ​ការចុះបញ្ជី​គណ​​បក្សនយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ មាន​គណបក្ស​ន​យោ​បាយ​ចំនួន ៤ បាន​ចុះបញ្ជី​រួចរាល់​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​. ប​)​។ នេះ​បើតាម លោក សោម សូ​រី​ដា អ្នកនាំពាក្យ​គ​.​ជ​.​ប​។​

​លោក​​ សោម សូ​រី​ដា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​២៤ ខែមេសា​ថា គណបក្ស​ទាំង​ ៤ ​នោះ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណ​បក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ លោក​បាន​បន្តថា គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ ហើយ​មានបំណង​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ អាចមាន​រយៈពេល​ ១៥ ថ្ងៃ​ក្នុងការ​ចុះបញ្ជី គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៤ ខែមេសា និង​បញ្ចប់​នៅ​ថ្ងៃទី ​៨ ខែឧសភា ខាងមុខ​។

​ទាក់ទង​នឹង​ការចុះបញ្ជី​នេះ លោក​ ញៀន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងថា គណបក្ស​របស់លោក​បាន​រៀបចំ​ឯកសារ និង​បេក្ខជន​រួចរាល់​អស់ហើយ ប៉ុន្តែ​មិនទាន់បាន​ទៅ​ចុះបញ្ជី​បេក្ខជន​នៅឡើយ នៅ​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នេះ ដោយសារ​មាន​ឯកសារ​មួយចំនួនទៀត ត្រូវ​រង់ចាំ​ការសម្រេច និង​កែតម្រូវ​ពី​ថ្នាក់ដឹកនាំ​បន្ថែម​។ លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នេះ នឹងត្រូវ​ដាក់​នៅ​គ្រប់​រាជធានី​ខេត្ត​ទាំង​ ២៥ នៅ​ទូទាំងប្រទេស តែ​ដោយឡែក​បេក្ខជន​ឈរឈ្មោះ​ជា​នាយក​រដ្ឋ​មន្ត្រី គឺមាន​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ដែលជា​ព្រះរាជបុត្រ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​ រណឫទ្ធិ ហើយ​ព្រះអង្គ​បាន​ឈរឈ្មោះ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​»​។

​ចំណែក លោក គីម​សួរ ភី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃ​ដំបូង​នេះ គណ​ក្ស​ភ្លើងទៀន​នៅ​មិន​ទាន់​រៀបចំ​ឯកសារ និង​បេក្ខជន​បាន​រួចរាល់​នៅឡើយ​ទេ ព្រោះ​មាន​បេក្ខជន​ច្រើន ហើយ​ត្រូវ​ជ្រើស​រើសយក​បេក្ខជន​រូប​ណា​ដែលមាន​សក្តានុពល​សម្រាប់​ឈរឈ្មោះ​នៅតាម​មណ្ឌល​នីមួយៗ ដើម្បី​ទាក់ទាញ​ចំណាប់​​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​។​

​លោក​បាន​លើកឡើងថា គណបក្ស​នឹង​រៀបចំ​ឱ្យទាន់ពេល​​វេលា​តាម​ការកំណត់​របស់ គ​.​ជ​.​ប ហើយ​ចំពោះ​ការជ្រើសរើស​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី គណ​បក្ស​ភ្លើងទៀន​ក៏​នៅ​មិនទាន់បាន​ជ្រើសរើស​នៅឡើយ​ដែរ​។​

​លោក​ គីម​សួរ ភី​រិ​ទ្ធ បាន​បញ្ជាក់ថា ៖ «​ដោយសារ​គ្មាន​ច្បាប់​ណាមួយ បានកំណត់​ពី​បញ្ហា​នេះ​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​គណបក្ស​យើង បាន​ផ្តោតលើ​ការ​ប្រកួតប្រជែង ដោយ​ធ្វើឱ្យ​ការបោះឆ្នោត​នេះ​ទទួលបាន​ជ័យជម្នះ​ជាមុនសិន សឹម​ចាត់​ចែង​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី ដែល​សម្រេច​ដោយ​ថ្នាក់​​ដឹកនាំ​កំពូល​របស់​គណបក្ស​ពេល​ក្រោយ​»​។

​រីឯ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្រាប់ថា គ​.​ជ​.​ប បានទទួល​ពាក្យ​ចុះបញ្ជី​គណបក្ស និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​របស់​បក្ស​លោក​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២៣​។

​លោក​បាន​ថ្លែងថា​៖ «​គណបក្ស​យើង​បានដាក់​បេ​ក្ខ​​ជន​ទាំង​បម្រុង និង​ពេញសិទ្ធិ​សរុប​ទាំងអស់​ចំនួន​ ២៦៦ បេក្ខជន នៅ​គ្រប់​រាជធានី​ខេត្ត​ទាំង ២៥ ដែល​កាលពី​បោះឆ្នោត​លើក​មុន​បានត្រឹមតែ ​១៧ ​រាជ​ធានី​ខេត្ត​ប៉ុណ្ណោះ ហើយ​ការ​​បោះឆ្នោត​លើក​នេះ គណបក្ស​នឹង​ទទួលបាន​ការគាំទ្រ តាមរយៈ​សន្លឹកឆ្នោតរ​បស់​ពលរដ្ឋ​ក្នុងការ​បង្កើត​មនុស្ស​ថ្មី​សម្រាប់​ប្រើការ​ងារ​ជូន​ពួកគាត់​នៅពេលដែល​ពួកគាត់​ជួប​ទុក្ខលំបាក​»៕​