ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​រួមសហការ​គ្នា ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យបាន​ទាំងស្រុង​នៅ​ឆ្នាំ​ ២០២៥ ក្នុងប្រទេស​កម្ពុជា និង​ឆ្នាំ​ ២០៣០ ក្នុង​ពិភពលោក​។​

​លោក ហ៊ុន សែន បានធ្វើការ​អំពាវនាវ​បែបនេះ​តាមរយៈ​សារ​លិខិត​នាឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២៣ ក្រោម​ប្រធាន​បទ​ «​នេះ​ជា​ពេលដែល​គ្រុនចាញ់​ត្រូវ​សូន្យ តាមរយៈ​ការវិនិយោគ កែច្នៃ និង​អនុវត្ត​»​។ ទិវា​នេះ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញឱ្យឃើញ​ពី​ពេលវេលា​ដែល​ត្រូវ​ធ្វើឱ្យ​ជំងឺគ្រុនចាញ់​សូន្យ​ពី​ពេលនេះ តាមរយៈ​ការលើកកម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការអនុវត្ត​សកម្មភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​ចាំបាច់​។​

​សារលិខិត​ដដែល​បានឱ្យដឹង​ទៀតថា ទោះបី​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ កំពុង​ទទួលបាន​នូវ​សមិទ្ធផល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅតាម​គន្លង​នៃ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​បង្កើន​ប្រសិទ្ធភាព​ការងារ​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នេះ​បន្ថែមទៀត​។​

​លោក​ ហ៊ុន សែន​ បញ្ជាក់ថា​៖ «​ព្រោះថា កម្ពុជា​នៅ​មិនទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​បាន​ទាំងស្រុង​នៅឡើយ​ទេ រីឯ​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ នៅមាន​វត្តមាន​នៅឡើយ​ក្នុងការ​គំរាមកំហែង​ដល់​អាយុជីវិត​សា​ធារ​ណ​ជន ជាពិសេស​ប្រជាជន​ដែល​ចូលទៅក្នុង​តំបន់​ព្រៃភ្នំ​ទាញយក​អនុផល​ព្រៃភ្នំ អេកូ​ទេសចរណ៍ធម្មជាតិ ឬ​រស់នៅ​ក្នុងភូមិ​​សាស្ត្រ​ដែល​ប្រឈម​ការចម្លង​ជំងឺគ្រុនចាញ់ ក្រោម​វត្តមាន​ភ្នា​ក់​ងារ​ចម្លង​សត្វ​មូស​ដែកគោល​»​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​ស្មា​តី​បំពេញ​កាតព្វកិច្ច​ដ៏​អង់អាច​ក្លាហាន​នេះ​ស្ថិតនៅ​ជា​រៀងរាល់​រហូត​ជាមួយ​ថ្នាក់​ដឹក​នាំ ពលរដ្ឋ ព្រមទាំង​សូមឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ វិស័យ​ឯក​ជន អង្គការ​នានា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន សហគមន៍ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ដៃគូ​អនុ​​វត្ត​ន៍ សូម​បន្ត​ចូលរួម​អនុវត្ត និង​គាំទ្រ​ដល់​បេសកកម្ម​ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​រហូត​ទទួលបាន​ជោគជ័យ​ទាំងស្រុង​»​។​

​បន្ថែម​ពីនេះ​លោកនាយក​រដ្ឋ​មន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​អាជ្ញា​ធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ផ្ដល់ជូន​ដល់​សាធារណជន នូវ​គ្រុនចាញ់​សូន្យ​តាម​ភូមិសាស្ត្រ​នីមួយៗ​ចាប់​ពេលនេះ​តទៅ តាមរយៈ​យន្ត​ការបន្ត​ការវិនិយោគ និង​បន្ត​កែច្នៃ​ស្វែងរក​ប្រសិទ្ធភាព​។​

​ទាក់ទិន​រឿងនេះ លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែមេសា​ថា ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមកនេះ ខេត្តព្រះវិហារ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ឡើយ ហើយ​ជំងឺ​គ្រុន​ចាញ់ និង​ជំងឺគ្រុនចាញ់​សន្ធំ​បាន​ធ្លាក់ចុះ​។

​លោក​ គួ​ង ឡូ បញ្ជាក់ថា​៖ «​អ្វីដែល​យើង​កត់សម្គាល់​សំខាន់​នោះ​គឺ​ក្នុង​ឆ្នាំ ​២០២៣ ​នេះ រយៈ​ពេល​ ៣-៤​ ខែ​នេះ មិនទាន់​រកឃើញ​មាន​ករណី​ប្រភេទ​ជំងឺគ្រុនចាញ់​សន្ធំ​នេះឡើយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២២ ក្នុង​ឆមាស​ទី ​១ រកឃើញ ​១ ឬ​ ២ ​ករណី​»​។ ទោះយ៉ាងណា​លោក​ថា មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ នៅតែ​ពិនិត្យមើល​ជា​បន្តទៅទៀត ហើយក៏​នៅតែ​បន្ត​អន្តរាគមន៍​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​របស់​ក្រសួងសុខាភិបាល​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា ជំងឺគ្រុនចាញ់​កើតឡើង​ដោយសារ​សត្វ​មូស​ដែកគោល ជា​ភ្នាក់ងារ​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​ទៅ​មនុស្ស​បង្ក​ជា​បញ្ហា​ព្រួយបារម្ភ​ចម្បង​សម្រាប់​សុខភាព​សាធារណៈ​។ បើ​យោងតាម​សារលិខិត​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រាជរដ្ឋាភិបាល​បានអនុម័ត ដាក់ចេញ​ជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​ ២០១១-២០២៥ ដែលជា​ត្រីវិស័យ​នៃ​ជ្រុង​ ១ ក្នុង​ក្របខ័ណ្ឌ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០១៦-២០៣០ ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​។

​ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និង​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុន​ចាញ់ ក្នុងប្រទេស​កម្ពុជា កំពុង​សម្រេចបាន​ជោគជ័យ​នូវ​វឌ្ឍន​ភាព​សមិទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​។ ក្នុងនោះ​នៅ​ឆ្នាំ​ ២០១៦ ត្រូវបាន​បញ្ឈប់​លែង​ឱ្យមាន​ភាពស៊ាំ​ថ្នាំ​សម្លាប់​មេរោគ​គ្រុន​ចាញ់ និង​ឆ្នាំ ​២០១៨ មកដល់​បច្ចុប្បន្ន​គ្មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺគ្រុនចាញ់ ឯ​ករណី​ឈឺ​ដោយ​ជំងឺគ្រុនចាញ់​ត្រូវបាន​កាត់បន្ថយ​ជា​លំដាប់​ពី​ជាង ១១​ ម៉ឺន​ករណី​ឈឺ និង​ស្លាប់​ជាង​ ៥០០​ នាក់ ជា​មធ្យម​ប្រចាំឆ្នាំ ក្នុងអំឡុង​ទសវត្សរ៍​មុន​ឆ្នាំ​ ២០១១ មក​សល់ ៤ ០៤១​ ករណី​ឈឺ នៅ​ឆ្នាំ ​២០២២​ កន្លងមក​៕