ភ្នំពេញៈ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP) ​សហ​ការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ គ្រោង​នឹង​ចុះ​ទស្សនកិច្ច​សិក្សា នៅតាម​រោងចក្រ​មួយចំនួន​នៅក្នុង​ខេត្ត​ចំនួន​ ៣ ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​រថយន្ត​ដឹក​កម្មករនិយោជិត ដែលមាន​សុវត្ថិ​ភាពប្រសើរ​ជាង​មុន​។​

​គម្រោង​នេះ គ្រោង​នឹងធ្វើ​ឡើង​បន្ទាប់ពី AIP បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​កាន់​រោងចក្រ​មួយចំនួន​ក្នុង​ខេត្តកណ្តាល ខេត្តកំពង់ចាម និង​វិទ្យាល័យ​គោលដៅ​ចំនួន​ ៣ ស្ថិតក្នុង​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ ២០២៣ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​កំណត់​សកម្មភាព​បន្ត​។​

​លោក​ ​គឹម បញ្ញា​ ​នាយក​អង្គការ​​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមេសា​ថា បេសកកម្ម​រយៈ​ពេល ​៣​ ថ្ងៃ​កន្លងមកនេះ គឺ​ដើម្បី​សិក្សា​ដោយផ្ទាល់​ពី​កន្លែង​គោលដៅ​ទាំង​នោះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ប្រើប្រាស់​រថយន្ត​ដឹក​កម្មករនិយោជិត​ដែលមាន​សុវត្ថិភាព​ប្រសើរ​ជាង​មុន​។​

​លោកបាន​បញ្ជាក់ថា​៖« ​យើង​បាន​អនុវត្ត​ជោគជ័យ​តាម​រោងចក្រ​គោល​ដៅ​មួយចំនួន​ជាមួយនឹង​ការជំរុញ​ឱ្យមាន​ការរៀប​ចំ​មធ្យោបាយ​ធ្វើ​ដំណើរ​សមរម្យ​សម្រាប់​កម្មករ​និ​យោ​ជិត​របស់​យើង​។ ជា​គោលដៅ​យើង​ចង់​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ហើយ​ផ្ទុក​ក្នុង​ចំនួន​សមស្រប​តាម​សមត្ថភាព​ផ្ទុក​។ ប៉ុន្តែ​បញ្ហា​ប្រឈម យើង​ក៏​ជំរុញ​ក្នុងករណី​ដែល​មិនទាន់​មានលទ្ធភាព យើង​ក៏​ជំរុញ​ឱ្យ​គាត់​រៀបចំ​សម្រាប់​កម្មករ​ឱ្យបាន​សមរម្យ ស្របពេល​យើង​ខិតខំ​ធ្វើការ​ជាមួយ​ដៃគូ ដើម្បីឱ្យ​មានការ​វិនិយោគ​ទៅលើ​ការផ្តល់​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​ទៅដល់​កម្មករ​»​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស បានឱ្យដឹងថា នៅក្នុង​ចំណោម​រថយន្ត​ដែល​កំពុងផ្តល់​សេវា​ដឹកជញ្ជូន​កម្មករនិយោជិត​ទៅមក​បំពេញការងារ ដែលមាន​ជិត​ ៤ ០០០ ​គ្រឿង​នៅ​ទូទាំងប្រទេស គឺមាន​ប្រមាណ​ ៥០ ភាគរយ នៅ​ជា​រថយន្ត​ប្រភេទ​ដឹកទំនិញ​នៅឡើយ​។ ដែល​លោក​គឹម​បញ្ញា អះអាងថា គម្រោង​របស់ AIP គឺ​ធ្វើយ៉ាងណា ដើម្បី​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុងការ​ឈានទៅរក​ដំណោះស្រាយ​ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​ប្រភេទ​រថយន្ត​ទំនិញ​ដែល​កម្មករនិយោជិត ត្រូវ​ឈរ ឬ​អង្គុយ​ប្រជ្រៀត​គ្នា​ណែន​តាន់តាប់ មកជា​រថយន្ត​ដែលមាន​សុវត្ថិ​ភាពប្រសើរ​ជាង​។​

​ជាមួយនឹង​គម្រោង​នេះ លោក បាន​អះអាងថា AIP ក៏បាន​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​កំណត់​ជំហាន​អនុវត្តន៍​បន្ត​ក្នុងការ​អនុវត្ត​កម្មវិធី “​វិធាន​ការ​សុវត្ថិភាព​ចរាចរណ៍​”​ក្រោយពី​តំបន់​គោលដៅ​ទាំងនោះ ទទួលបាន​ភាពប្រសើរ​ឡើង និង​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​រថយន្ត​ដែលមាន​សុវត្ថិ​​ភាព​ផងដែរ​។​

​លោកបាន​រៀបរាប់ថា​៖ «​គោលដៅ​ដែលមាន​ទស្សនកិច្ច​សិក្សា​នេះ គឺ​ចង់ឱ្យ​អ្នកពាក់ព័ន្ធ ខាង​សហជីព ស្ថាប័ន​រដ្ឋាភិបាល អ្នកសារព័ត៌មាន ដើម្បី​ស្វែងយល់​ពី​ភាពជោគជ័យ​នៅតាម​រោងចក្រ​មួយចំនួន​នៅក្នុង​ខេត្ត​ទាំងនោះ និង​ដើម្បី​ចែករំលែក​បទពិសោធន៍​ពី​ភាពជោគជ័យ​នៃ​ការ​ប្រើប្រាស់​រថយន្ត​ដឹក​កម្មករនិយោជិត​ដែលមាន​សុវត្ថិភាព​។ យើង​ធ្វើឡើង​ក្នុងពេល​ឆាប់​»​។​

​តាម​របាយការណ៍​រប​ស់ ប​.​ស​.​ស រយៈពេល​ ១២ ​ខែ ឆ្នាំ​ ២០២២ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង បានកើត​ឡើង​សរុប​ចំនួន​ ៣ ២៧៥​ ករណី ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​ចំនួន​ ៦៣ ​នាក់ របួសធ្ងន់​ ៨៥៤ ​នាក់ និង​រងរបួស​ស្រាល​ចំនួន​ ៣ ១៣៩ ​នាក់​។​

​ជាមួយគ្នានេះ ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករនិយោជិត​ក្នុង​គ្រប់​វិស័យ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​ ២០២២ គឺមាន​សរុប​ចំនួន​ ៥ ១៥៨​ ករណី ក្នុងនោះ​អ្នករងរបួស​ស្រាល​មាន​ ៤ ២៧១​ នាក់ របួសធ្ងន់ ១ ៦២៤​ នាក់ និង​ស្លាប់​ចំនួន​ ១៥៦​ នាក់ ខណៈ​តួលេខ​នេះ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ គឺមាន​ការកើនឡើង​ចំនួន​ ១ ៨៩០ ​ករណី ស្មើនឹង​ ៥៨%​។ នេះ​បើតាម​របាយការណ៍​រប​ស់ ប​.​ស​.​ស​៕