​ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេ​ទិ​កា​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ថ្ងៃទី​ ២៦ ខែមេសា​នេះ ដោយមាន​ការងារ ១​ ពាន់​កន្លែង​រង់ចាំ​អ្នក​មក​ដាក់ពាក្យ​សម្ភាសន៍​ភ្លាមៗ​ជាមួយ​ក្រុមហ៊ុន​ឯក​ជន​ដែលមាន​តម្រូវការ​បុគ្គលិក​។​

​បើតាម​ការផ្សព្វផ្សាយរ​បស់​ទី​ភ្នា​ក់​ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA) ការរៀបចំ​វេទិកា​ការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​នឹងមាន​ក្រុមហ៊ុន​ធំៗ​ចំនួន ១៣ ​ចូលរួម ព្រមទាំង​សម្ភាសន៍​ជ្រើសរើស​បុគ្គលិក​ផ្ទាល់ ចាប់ពី​ម៉ោង​ ៨​ ព្រឹក​ដល់​ម៉ោង ៥​ ល្ងាច​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា វេទិកា​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ទទួល​បានការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សាលាខេត្ត​ព្រះ​សី​ហ​នុ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ និង​សមាគម​មិត្ត​យើង ដែល​នឹងត្រូវ​រៀបចំ​ធ្វើ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ពុធ ទី​២៦ ខែមេសា​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​ថា​៖ «​ឱកាស​ការងារ​រហូត​ដល់ ១ ​ពាន់​កន្លែង​ពី​ក្រុមហ៊ុន សហ​គ្រាស​ធំៗ​ចំនួន ១៣ នឹងត្រូវ​ផ្តល់ជូន យុវជន សិស្ស និស្សិត និង​អ្នកស្វែងរក​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​»​។​

​ក្រុមហ៊ុន​ធំៗ​ទាំង​ ១៣ ដែល​នឹងចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​រួមមាន​៖ ក្រុមហ៊ុន RMA ធនាគារ Wing Bank ធនាគារ​ហត្ថា ធនាគារ ABA ធនាគារ ហេង ហ្វឹ​ង​( ខេ​ម​បូ​ឌា​)​ម​.​ក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK សណ្ឋាគារ និង​កាស៊ីណូ SIHATREASURE អង្គការ​ម្លប់​តាប៉ាង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Bamboo ក្រុមហ៊ុន Tremulia ក្រុមហ៊ុន Kofi ក្រុមហ៊ុន កោះ​ឫស្សី Resort និង​ក្រុមហ៊ុន Prince Supper Market​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ឱ្យ​សាធារណជន​ពិសេស​យុវជន​ចូលរួម​ឱ្យបាន​ច្រើន​កុះករ និង​ត្រៀម​ប្រវត្តិរូប​សង្ខេប (CV) ឱ្យបាន​ច្រើន​ដើម្បី​ដាក់ពាក្យ និង​សម្ភាសន៍​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំង​ ១៣​។

​ក្រសួង​បន្តថា ក្រៅពី​ទទួលបាន​ឱកាស​ការងារ​ល្អៗ​យុវជន សិស្ស និង​និស្សិត ក៏​អាច​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្តីពី​ការត្រៀម​លក្ខណសម្បត្តិ​ចូល​ទីផ្សារការងារ ដែល​នឹងមាន​ការចែករំលែក​ប​ទ​ពិសោធន៍​ល្អៗ​ពី​វាគ្មិន​ល្បីៗ​ជាច្រើន ដើម្បី​អាច​មានឱកាស​ទទួលបាន​ការងារ​កាន់តែ​ឆាប់រហ័ស​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ​នោះ បានប្រកាស​ជ្រើសរើស​បុគ្គលិក​ប្រចាំ​តំបន់​ខេត្ត​ព្រះសីហនុ ចំនួន​ ៣៥​ នាក់​សម្រាប់​មុខតំណែង​ផ្សេងៗ​ដូចជា ប្រធាន​ផ្នែក​លក់​ឥណទាន​ខ្សែចង្វាក់​អាជីវកម្ម មន្ត្រី​ឥណទាន​ខ្នាតតូច និង​មធ្យម មន្ត្រី​ឥណទាន​ឯកទេស មន្ត្រី​ឥណទាន និង​បេឡាធិការ​។​ ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការ​អត្ថា​ធិ​ប្បាយ​លម្អិត​បន្ថែម​អំពី​ព្រឹត្តិការណ៍​ពិព័រណ​នេះ​ទេ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម ឆ្នាំ ​២០២២ របស់​ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​បានបង្ហាញ​ពី​ភាពល្អប្រសើរ​បន្តិច ដោយមាន​គម្រោង​វិ​និ​យោគ​ឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ ច​(​មិន​រាប់បញ្ចូល​គម្រោង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​)​ ចំនួន ១៣២​ ត្រូវបាន CDC អនុម័ត កើន ២៤ ​គម្រោង​បើ​ធៀប​ឆ្នាំ ​២០២១​។ ទុនវិនិយោគ​សរុបរ​បស់​គម្រោង​ទាំងនេះ គឺមាន​ទឹកប្រាក់ ៣ ២៣០ ​លាន​ដុល្លារ កើនឡើង ៨៧,៩​ ភាគរយ និង​អាចបង្កើត​ការងារ​ថ្មី​ប្រមាណ ១២២ ​ពាន់​នាក់ កើនឡើង ៣៥,៩​ ភាគរយ​៕