
កម្លាំងសមត្ថកិច្ចចម្រុះ កំពុងត្រួតពិនិត្យវត្ថុតាងដែលប្រមូលបាន។ រូបថត នគរបាល
កំពង់ស្ពឺៈ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងបន្តឡោមព័ទ្ធ និងរុករកក្រុមអ្នកប្រមាញ់សត្វព្រៃ ដែលប្រដាប់ដោយអាវុធ ជិះរថយន្ត ១ គ្រឿង ចូលទៅបរបាញ់សត្វព្រៃ ក្នុងដែនព្រៃសហគមន៍ភូមិត្រពាំងក្រើញ ឃុំ ៨ មុំ ស្ថិតនៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោក សឿន ឡាយ ប្រធានសហគមន៍ការពារព្រៃឈើ ៨ មុំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីយប់រំលងអ្រធាត្រឈានចូលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលចុះល្បាតការពារព្រៃឈើ និងសត្វព្រៃក្នុងភូមិ ព្រៃការពារសហគមន៍ ៨ មុំ ក្រុមការងាររបស់លោក បានប្រទះឃើញរថយន្តសង្ស័យប្រព្រឹត្តបទល្មើសបរបាញ់សត្វព្រៃ ១ គ្រឿង បើកចូលទៅក្នុងតំបន់ស្នូលនៃព្រៃការពាររបស់សហគមន៍។ នៅពេលនោះ លោកក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើថ្ពង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកងកម្លាំងប្រដាប់អាវុធចម្រុះ ឱ្យជួយអន្តរាគមន៍ចុះបង្ក្រាប។
លោកបានបញ្ជាក់ថា៖ «ក្រុមជនសង្ស័យហាក់ដូចជាបានដឹងខ្លួនជាមុន បាននាំគ្នារត់គេចចូលទៅក្នុងព្រៃជ្រៅ ដោយបន្សល់នូវរថយន្ត ១ គ្រឿងនៅកណ្ដាលព្រៃ ហើយកម្លាំងសមត្ថកិច្ចចម្រុះក៏បានរឹបអូសធ្វើជាវត្ថុតាង»។
នៅក្នុងរថយន្តសង្ស័យនោះ កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេររកឃើញមានគ្រាប់កាំភ្លើង M16 ចំនួន ២៥ គ្រាប់ និងបង់ ១, គ្រាប់កាលីធូ ចំនួន ១៣ គ្រាប់, គ្រាប់វ៉ាំងឌឺឡុង ចំនួន ៤៥ គ្រាប់, គ្រាប់កាំភ្លើងខ្យល់ ១ ប្រអប់, អត្តញ្ញាណប័ណ្ណ ២ សន្លឹក, បណ្ណបើកបរ ១ សន្លឹក និងសម្ភារផ្សេងៗមួយចំនួនទៀត។ នេះបើតាមលោក ច័ន្ទ កក្កដា មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានស្រុកថ្ពង ដែលបានចូលរួមនៅក្នុងប្រតិបត្តិការនេះ។
លោកបានបន្តថា៖ «ក្រោយឆែកឆេរ និងពិនិត្យរួចរាល់ វត្ថុតាងទាំងអស់ត្រូវបានប្រគល់ទៅឱ្យមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើខេត្ត ដើម្បីបន្តនីតិវិធី»។
បើតាមលោក កក្កដា នៅពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងប្រជាសហគមន៍ កំពុងបន្តធ្វើការឡោមព័ទ្ធតំបន់ព្រៃ ដែលសង្ស័យក្រុមជនប្រព្រឹត្តបទល្មើសបរបាញ់សត្វព្រៃ បានសំងំលាក់ខ្លួននោះ និងបានពង្រាយកម្លាំងពួនស្ទាក់ផងដែរ។ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់បង្ក្រាបចាប់បានមុខសញ្ញាជនប្រមាញ់សត្វព្រៃទាំងនោះបាននៅឡើយទេ។
លោក សា មឿន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីជានៅពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចបង្ក្រាបចាប់ខ្លួនជនសង្ស័យបានក៏ដោយ ប៉ុន្តែជនសង្ស័យនឹងមិនអាចគេចខ្លួនឡើយ។ លោកថ្លែងថា៖ «នៅពេលនេះ យើងបានដឹងពីអត្តសញ្ញាណរបស់ពួកគេមួយចំនួនហើយ នឹងកំពុងធ្វើរបាយការណ៍ បញ្ជូនទៅរដ្ឋបាលព្រៃឈើខេត្ត ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី»។
បើតាមលោក សា មឿន ព្រៃសហគមន៍ឃុំ ៨ មុំនេះ មានសត្វព្រៃជាច្រើនប្រភេទរស់នៅ ក្នុងនោះក៏មានប្រភេទសត្វកម្រ និងជិតផុតពូជ ដូចជា សត្វទន្សោង និងឈ្លូសផងដែរ។ បច្ចុប្បន្ន សត្វក្នុងព្រៃសហគមន៍ ៨ មុំ កំពុងរងនូវការយាយីយ៉ាងធ្ងន់ធ្ងរ ពីក្រុមជនប្រព្រឹត្តបទល្មើសសត្វព្រៃ ទាំងការបរបាញ់ និងដាក់អន្ទាក់ ដើម្បីយកសាច់ មកលក់លើទីផ្សារ៕