ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Booyoung Group) របស់​កូរ៉េខាងត្បូង​បានប្រកាស​ផ្តល់​រថយន្តក្រុង​ចំនួន​ ១ ០០០ គ្រឿង​បន្ថែមទៀត​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដោយ​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​ចាត់ចែង​រថយន្តក្រុង​ទាំងនេះ​ទៅតាម​បណ្តា​ខេត្ត ដើម្បី​ត​ភ្ជាប់​។​

​ការប្រកាស​ផ្តល់​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ប្រធាន​ក្រុម​ហ៊ុន ប៊ូ​យ៉ុង គ្រុប កាលពី​ថ្ងៃទី ​២៤ ខែមេសា នៅ​រាជធានី​ភ្នំពេញ​។

​លោក​ ហ៊ុន សែន ថ្លែងថា ការ​​ផ្តល់​រថយន្តក្រុង​បន្ថែម​នេះ គឺ​ដោយសារ​ការ​ឃើញ​ពី​ប្រសិទ្ធ​ភាព​នៃ​រថយន្តក្រុង​ដែល​ក្រុមហ៊ុន​នេះ​បានប្រគល់​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ចំនួន​ ២០០ ​គ្រឿង​កាលពី​ខែកុម្ភៈ ហើយ​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​កន្លង​ទៅជា​ពិសេស​ក្នុង​ការដឹក​មនុស្ស​ជាង​ ៥ ​ម៉ឺន​នាក់​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ថ្មីៗ​នេះ​មាន​សុវត្ថិភាព និង​មិនមាន​អ្នកណា​គ្រោះថ្នាក់​នៅលើ​ឡានក្រុង​នោះទេ​។ លោក​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស គរុ​និស្សិត និស្សិត និង​បុគ្គលិក​អប់រំ​ជាង ​២​ ពាន់​នាក់​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃទី​ ២៥ មេសា​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ​ម្សិល​មិញ ​(២៤ មេសា​) គាត់​ទៅ​ជួប​ជាមួយ​ខ្ញុំ​។ គាត់​សុំ​ផ្ដល់​រថយន្តក្រុង ​១ ០០០ ​គ្រឿង​ថែមទៀត ហើយ​ ១ ០០០​ គ្រឿង​នេះ គាត់​សុំ​ថា ឱ្យ​យើង​ចាត់ចែង​ទៅតាម​បណ្តា​ខេត្ត ដើម្បី​ជា​ការតភ្ជាប់ ព្រោះ​អ៊ីចេះ គាត់​ថា អា​រឿង​ជិះ​ម៉ូតូ​ជិះ​អី ចេះតែ​ជិះ​បាន​ហើយ ប៉ុន្តែ​បើសិន​ជាមាន​ឡានក្រុង​ច្រើន គាត់​មិន​ជិះ​ម៉ូតូ​ទេ ដូច្នេះ​អា​ផ្លូវ​ក៏​វា​មិន​ចង្អៀត គ្រោះថ្នាក់​ចរាចរណ៍​ក៏​វា​តិច​ទៀត​។ អ៊ីចឹង​គឺ​វា​ល្អ​»​។

​លោក​ ហ៊ុន សែន បន្ថែមថា​៖ «​ដល់​គាត់​ឱ្យ​អ៊ីចឹង​បាន​ខ្ញុំ​ទាក់ទង​ភ្លាមៗ ដោយសារ​អ៊ីចេះ គាត់​ថា ឥឡូវ​គាត់​សុំ​ប្រគល់​ជា​ថវិកា​ហ្មង ហើយ​ឱ្យ​កម្ពុជា​បញ្ជា​ទិញ​។ អ៊ីចឹង​បានជា​ខ្ញុំ​ឱ្យ​ឡាន ​១ ​នាំ​ផ្លូវ​គាត់​ទៅ​ជួប​ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ ន​[​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​]​ដើម្បី​គាត់​ប្រគល់​ថវិកា​ប៉ុន្មាន​សម្រាប់​ទិញ​ឡាន​ ១ ០០០​ គ្រឿង​ហើយ​មក​រៀបចំ​បណ្ដាញ​ដឹកជញ្ជូន​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ប្រធាន​ក្រុមហ៊ុន​នេះ​សន្យាថា ៥​ ឆ្នាំក្រោយ រថយន្ត​នេះ​នឹង​ប្រែ​ក្លាយទៅជា​រថយន្តអ៊ីដ្រូហ្សែន ដោយ​លោក​បន្ថែមថា​៖​ «​ដូច្នេះ វា​កាន់តែ​ទាន់សម័យ​។ គាត់​ប្រើពាក្យ​ថា ការវិនិយោគ​របស់គាត់ គាត់​មិន​យកប្រាក់​ចំណេញ​នេះ​ចេញពី​ស្រុក​ខ្មែរ​ទេ​។ គាត់​ទុក​ជួយ​ពង្រីក​ការងារ​ឱ្យ​ខ្មែរ​និង​ជួយ​ទៅដល់​កិច្ចការ​សង្គម​របស់​ខ្មែរ គឺជា​រឿង​មួយ​ល្អ​»​។​

លោក ហ៊ុន សែន បន្តថា ប្រធាន​ក្រុមហ៊ុន​នេះ​ក៏បាន​ស្នើសុំ​បើក​សាកលវិទ្យាល័យ​ផ្នែក​សុខាភិបាល​ហើយ​លោក​បន្ថែមថា​៖ «​ខ្ញុំ​ទាក់ទង​ជាមួយនឹង​បង ម៉ម ប៊ុនហេង [​រដ្ឋមន្ត្រី​សុខាភិបាល​] អនុញ្ញាត​បើក​ទៅ​!​អាហ្នឹង​និយាយ​តាម​ត្រង់​ទៅ​គឺថា វា​ជា​មុខវិជ្ជា​មួយ ដែល​យើង​ត្រូវតែ​គិត ក៏ប៉ុន្តែ​យើង​មិនអាច​នឹង​ផ្អែកទៅលើ​សាលា​រដ្ឋ​ដោយ​មិន​ផ្អែកទៅលើ​សាលា​ឯកជន​ជួយ​បណ្តុះបណ្តាល​ទេ​»​។​

​គួរ​បញ្ជាក់ថា កាលពី​ខែកុម្ភៈ ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប បានប្រគល់​រថយន្តក្រុង ចំនួន ២០០​ គ្រឿង​ដល់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រួមចំណែក​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ដឹកជញ្ជូន​សា​ធា​រណៈ រថយន្តក្រុង (City Bus) ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក លី ជុង​គឿន (Lee Joong Keun) ប្រធាន​ក្រុមប្រឹក្សា​​ភិ​បាល ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប ត្រូវបាន​ស្រង់​សម្ដី​ចុះផ្សាយ​ក្នុង​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ​ដែល​លោក​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ទទួល​រថយន្ត​ ២០០ ​គ្រឿង​នេះ​ថា​៖ «​មូលហេតុ​នៃ​ការ​ផ្តល់​រថយន្តក្រុង​ថ្មី​ទាំងនេះ គឺ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំ​​ពេញ ពិសេស​កាត់បន្ថយ​ហា​​និ​ភ័យ​ដល់​អ្នកជិះ ដោយ​ប្តូរ​ពី​ការ​ជិះ​ម៉ូតូ​ដឹក​កូន ក្រោម​កម្ដៅ​​ថ្ងៃ ភ្លៀងខ្យល់​មក​ជិះ​ក្នុង​រថយន្តក្រុង​ដែលមាន​ផាសុកភាព​និង​អាច​អាន​សៀវភៅ​បាន​ថែមទៀត​»​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​ពិធី​នេះ​ថា មុន​វិបត្តិ​កូ​វីដ​ ១៩ អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង មាន​ចំនួន ប្រមាណ​ជិត ​៣ ​ម៉ឺន​នាក់​។ ប្រសិនបើ​ពុំមាន​សេវា​រថយន្តក្រុង​ទេនោះ​វា​នឹង​ធ្វើឱ្យ​ស្ថានភាព​ចរាចរ​ណ៍​កាន់តែ​កកស្ទះ​ណែនណាន់​តាន់តាប់​ខ្លាំង​ឡើង​៕