កណ្តាលៈ ​អាជ្ញាធរ​ខេត្តកណ្តាល​អះអាង​ជាបឋម​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៤០​ ខ្នង​ស្មើនឹង ២១​ គ្រួសារ ដែល​បាន​បាក់ស្រុត និង​ខ្លះ​ធ្លាក់ចូល​ទៅក្នុង​ទន្លេ​បា​សាក់ នៅត្រង់ចំណុច​ភូមិ​ត្រពាំង​​ឈូក ឃុំ​ព្រែក​គយ ក្នុងស្រុក​ស្អាង គឺ​ដោយសារ​ការ​ស្រក​ចុះ​នៃ​ទឹកទន្លេ ខណៈ​មានការ​ស្នើឱ្យ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ​នេះ​។​

​លោក ហាក់ សុខ​មករា ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ខេត្តកណ្ដាល បានឱ្យដឹង​តាមរយៈ​របាយការណ៍​ផ្ញើជូន​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​​ខេត្តកណ្តាល​ថា ករណី​បាក់​ច្រាំង​​ទន្លេបាសាក់​នេះ បាន​បណ្ដាលឱ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន ៤០​ ខ្នង​រង​ការ​ខូចខាត​បាក់​ធ្លាក់ចូល​ទន្លេ​ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី ​២៤ ខែ​មេសា ឆ្នាំ​ ២០២៣​។

​លោក​បាន​លើកឡើងថា​៖ «​ទឹកទន្លេ​បាន​ស្រក​ចុះ​ទើប​បណ្ដាលឱ្យមាន​ការទា​ញ​ដី ទើប​ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ច្រាំងទន្លេ ហើយ​ទម្ងន់​ផ្ទះ​បានដាក់​បន្ទុក​ទៅលើ​ច្រាំង ដែលជា​ហេតុ​ធ្វើឱ្យមាន​ការបាក់​ស្រុត​ជា​ចម្រៀកៗ​»​។

​បើតាម​របាយ​កា​រណ៍​របស់​លេខាធិការដ្ឋាន​គ្រប់​គ្រង​គ្រោះមហន្តរាយ​ខេត្តកណ្ដាល ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​សរុប​ចំនួន ៤០​ខ្នង​ផ្ទះ ស្មើនឹង​ចំនួន ២១​ គ្រួសារ ក្នុងនេះ​រួមមាន ផ្ទះ​ដែល​រលំ​ទាំងស្រុង​មាន​ចំនួន ២​ ខ្នង​ផ្ទះ ផ្ទះ​ដែល​ប៉ះពាល់​ធ្ងន់​​ធ្ង​រ​មាន​ចំនួន ២៨ ​ខ្នង​ផ្ទះ និង​ផ្ទះ​ដែល​ប៉ះពាល់​ស្រាល​មាន​ចំនួន ១០ ​ខ្នង​ផ្ទះ​។ លោក ហាក់ សុខ​មករា បានលើកឡើង​ទៀតថា សម្រាប់​វិធានការ​ឆ្លើយតប​បន្ទាន់​គឺ​អាជ្ញាធរ​បាន​ចុះ​ណែនាំ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ គឺ​ត្រូវ​រើ​សម្ភារ និង​ទ្រព្យសម្បត្តិ ដែល​មិនទាន់​បាត់បង់​ចេញពី​ទីតាំង​នោះ​។​

​ក្រុមការងារ​ខេត្ត​បាន​ចុះទៅពិនិត្យ​ទីតាំង​ជាក់ស្ដែង និង​បានធ្វើការ​វាយតម្លៃថា ស្ថានភាព​ដី មាន​ភាពមិនប្រក្រតី ធ្វើឱ្យ​សំណង់​លំនៅឋាន​នៅតែ​បន្ត​បាក់​។ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​អម​នឹង​ច្រាំងទន្លេ​បាសាក់​បាន​បាក់ស្រុត​នេះ ជា​ប្រភេទ​ផ្ទះ​អ្នកលក់ដូរ និង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។

​លោក ហាក់ មករា បន្ថែមថា​៖ «​ក្នុងករណី​ដែល​ការបាក់​ស្រុត​នៅតែ​បន្ត​កើតមាន​ប្រជាពលរដ្ឋ​មិនអាច​រស់នៅ និង​បន្ត​ការប្រកប អាជីវកម្ម​នៅលើ​ទីតាំង​ដែលមាន​ហានិភ័យ​នេះ​បានឡើយ ព្រោះ​វា​អាច​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​»​។​

​លោក នូវ​ប៉េង ច័ន្ទ​តារា អភិ​​បាល​រង​ខេត្តកណ្ដាល​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា មកដល់ពេលនេះ អាជ្ញាធរ​បានរៀបចំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ផ្ដល់​កន្លែង​ដែលមាន​សុវត្ថិភាព​ជូន​ពួកគាត់​ស្នាក់នៅ ប៉ុន្តែ​ចំពោះ​ការចាត់ចែង​នៃ​ទំហំ​ផលប៉ះពាល់​យ៉ាងណា អាជ្ញាធរ​ទុក​មួយ​ឡែក​សិន​ដោយ​សារ​ពួកគាត់​មាន​លំនៅឋាន​នៅតាម​ដង​ទន្លេ​ទាំងអស់​។ លោក​ថា​៖«​អ្វីដែល​សំខាន់ ដែល​អាជ្ញាធរ​ត្រូវធ្វើ គឺ​ការចុះ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឱ្យមាន​សុវត្ថិភាព​យើង​សង្គ្រោះ​គាត់​កុំឱ្យ​គាត់​មាន​គ្រោះថ្នាក់​ជាមុនសិន​»​។​

​លោក ​នូវ​ប៉េង ច័ន្ទ​តារា បន្តថា ចំពោះ​ការខាតបង់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មាន​ទំហំ​ប៉ុនណា​អាជ្ញាធរ​ត្រូវការ​ពិភាក្សា និង​ប្រជុំគ្នា​ជាមួយ​អភិបាលខេត្ត ដើម្បី​ត្រូវអនុវត្ត​អ្វីខ្លះ​ក្នុងការ​ដោះស្រាយ​លើ​ករណីនេះ ខណៈដែល​អាជ្ញាធរ បាននិងកំពុង​ជួយសង្គ្រោះ និង​ការពារ​ប្រជាពលរដ្ឋ កុំ​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ជុំវិញ​រឿងនេះ​ដែរ លោក អំ​ សំអាត នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែងថា វា​ជា​រឿង​សោកស្ដាយ និង​គួរឱ្យ​បារម្ភ​ដោយ​សារ​ពលរដ្ឋ​បាន​បាត់បង់​ទ្រព្យ​​សម្បត្តិ លំនៅឋាន ពិសេស​បើសិនជា​ករណីនេះ​បាន​កើតឡើង​នៅពេល​យប់នោះ វា​អាច​បង្ក​គ្រោះថ្នាក់​ទៅដល់​អាយុជីវិត​ជាមិនខាន​។ លោក​លើកឡើងថា អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ពិសេស​អ្នកជំនាញ គួរតែ​ចុះ​សិក្សា និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ហើយ​និង​រក​មធ្យោបាយ ដើម្បី​ធ្វើការ​ការពារ​ទៅដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។​

​កាលពី​ព្រឹក​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​ការបរទេស និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ស្អាង បាន​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​គ្រួសារ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបាក់​ស្រុត​ផ្ទះ​នៅតាម​ដង​ទន្លេបាសាក់ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​​គយ ស្រុក​ស្អាង​។

​យោងតាម​រដ្ឋ​បាល​ខេត្តកណ្តាល នាឱកាស​នោះ​លោក​សុខុន បាន​ស្នើឱ្យ​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់​ពី​សុ​វត្ថិ​ភាព អាយុជីវិត ជួយសង្គ្រោះ និង​ការពារ​បញ្ចៀស​កុំឱ្យ​មានការ​​រងគ្រោះ​ដល់​អាយុជីវិត ត្រូវ​ចាត់​កម្លាំង​ការពារ​សុវត្ថិភាព​សម្ភារ​របស់​ពលរដ្ឋ ដែល​នៅសល់​។

លោក ប្រាក់ សុខន ក៏បាន​ស្នើឱ្យ​អាជ្ញាធរ ត្រូវ​រៀបចំ​ក្រុមការងារ​ស្រាវជ្រាវ​រក​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ ដែល​បានធ្វើឱ្យ​មានការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នេះ និង​វាយតម្លៃ​ពី​ស្ថានភាព​ផ្ទះ ឱ្យបាន​ឆាប់រហ័ស និង​រៀបចំ​ជា​របាយការណ៍​ដាក់ជូន​ថ្នាក់ជាតិ និង​ជម្រាបជូន​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឱ្យបាន​ដឹងផង​ដែរ​៕