ស្ទឹងត្រែងៈ ​រដ្ឋបាល​ជល​ផល ​និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) បាន​កត់ត្រា​កូន​ផ្សោត​ថ្មី​ ១​ ក្បាល​ទើបនឹង​កើត ជា​កូន​ផ្សោ​តទី​៣ ក្នុង​រយៈពេល​ ៤​ ខែ ចាប់តាំងពី​ខែមករា​ដល់​ខែមេសា ឆ្នាំ ​២០២៣ ខណៈដែល​មន្ត្រី​អភិរក្ស​ថា ឆ្នាំនេះ​ចំនួន​អត្រា​ងាប់​នៃ​សត្វ​ផ្សោត​មានការ​ថយចុះ​ប្រមាណ​ ៥០%​។​

​តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ កាលពី​យប់​ថ្ងៃទី ​២៥ ខែមេសា បានធ្វើការ​ប្រកាស​ពី​ការរកឃើញ​នូវ​កូន​ផ្សោត​ទើប​កើត​ថ្មី ​១ ​ក្បាល​ដែលមាន​អាយុប្រមាណ ១​ សប្តាហ៍​កំពុង​ហែល​ជាមួយ​ផ្សោត​ពេញ​វ័យ ២​ ក្បាល​ផ្សេងទៀត​។ តាម​ការអង្កេត​របស់​ក្រុម​ស្រាវជ្រាវ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​កត់ត្រា​វត្តមាន​កូន​ផ្សោត​ទើបនឹង​កើត​ថ្មី​នេះ ជា​កូន​ផ្សោ​តទី​ ៣​ ហើយ បើ​គិត​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២៣​ នេះ​។

​ក្រសួង​បញ្ជាក់ថា​៖ «​ក្រុម​អ្នកស្រាវជ្រាវ បាន​កត់ត្រា​កូន​ផ្សោត​ថ្មី​នេះ នៅ​ម៉ោង ១៣​:​៤២​ នាទី នា​ថ្ងៃទី​ ២៥ មេសា ឆ្នាំ ​២០២៣ ដែល​កំពុង​ហែល​ជាមួយ​ផ្សោត​ពេញវ័យ​ ២ ​ក្បាល​ទៀត នៅ​ចំណុច ០៦០០-០៧៦,១ ៤៧២ ៥០០ នៃ​អន្លង់​កោះ​កូន​សត្វ ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​»​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែមេសា ថា ក្នុងនាម​ជា​អង្គភាព​ទទួលខុសត្រូវ និង​ជា​មន្ត្រីរដ្ឋបាល​ជលផល ដែល​ទទួលបន្ទុក​លើ​ការងារ​អភិរក្ស គឺ​ពិតជា​អបអរសាទរ និង​សប្បាយរីករាយ​ជា​ពន់ពេក​។ លោក​បន្តថា លោក និង​មន្ត្រី​ពាក់ព័ន្ធ​មានការ​សប្បាយ​ពេល​ទទួល​បានកូន​ផ្សោត​ទើបនឹង​កើត​ថ្មី​ម្ដងៗ ហើយ​នេះ គឺជា​កូន​ផ្សោត​លើក​ទី​ ៣ ដែល​កម្ពុជា​មានកូន​ផ្សោត​សរុប​ចំនួន ៣​ ក្បាល​គិត​ចាប់ពី​ដើមឆ្នាំ​ក្នុង​ខែមករា​មក បើ​ធៀប​ទៅនឹង ​១ ​ឆ្នាំ​ពេញ ក្នុង​ឆ្នាំ ​២០២២ គឺ​កម្ពុជា​មានកូន​ផ្សោត​ទើប​កើត​សរុប ៦ ក្បាល​។

​ប៉ុន្តែ​បើទោះបីជា​កន្លងមក មានកូន​ផ្សោត​ ១ ​ក្បាល​បាន​ងាប់​ក៏ដោយ លោក អ៊ុក វិបុល​ថា ចំនួន​ដែល​នៅសល់​ទាំងនេះ ក៏​ជា​រឿង​ដែល​សាទរ​ផងដែរ ពីព្រោះ​នៅក្នុង​រយៈពេល​ ៤ ​ខែ ឆ្នាំ ​២០២៣ ​នេះ កម្ពុជា​អាចមាន​កូន​ផ្សោត​ទើប​កើត​ចំនួន ៣ ​ក្បាល​។ លោក​បន្តថា បើ​ប្រៀបធៀប​ជាមួយ​សត្វ​ផ្សោត​ដែល​ងាប់​វិញ ក្នុង​រយៈពេល ​៤​ ខែ ឆ្នាំនេះ មាន​សត្វ​ផ្សោត​ចំនួន​ ២ ​ក្បាល គឺ​ផ្សោត​ធំ​ ១ និង​កូន​ផ្សោត​ ១ ប៉ុន្តែ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២ មាន​សត្វ​ផ្សោត​ងាប់​សរុប​ចំនួន ៦​ ក្បាល​។ ដូច្នេះ​លោក​ថា អត្រា​នៃ​ការ​ងាប់​សត្វ​ផ្សោត​ក្នុងឆ្នាំនេះ គឺមាន​ការថយចុះ​ជាង​ឆ្នាំមុន​។​

​លោក អ៊ុក វិបុល បញ្ជាក់ថា​៖ «​អ៊ីចឹង​! យើង​អាច​ថា វា​មានការ​ថយចុះ​ជាង​ឆ្នាំមុន ជាង​ ៥០% ប៉ុន្តែ យើង​នៅតែ​ប្រឹងប្រែង​បន្តទៀត ដោយ​ត្រូវ​ធ្វើយ៉ាងណា​ត្រូវ​កាត់បន្ថយ​ការស្លាប់​របស់​សត្វ​ផ្សោត​ឱ្យបាន​នៅ​ទាប​បំ​ផុត ដែល​អាចធ្វើ​ទៅបាន​»​។

លោក​បន្តថា ៖ «​មួយវិញទៀត យើង​ក៏​មិនអាច​ប្រឆាំង​ជាមួយនឹង​ធម្មជាតិ​បានទេ បើកាលណា​ផ្សោ​តវា​ស្លាប់​ដោយ​កត្ដា​ធម្មជាតិ ប៉ុន្តែ​បើ​ស្លាប់​ដោយ​សារ​មង ដោយសារ​ឆក់ វា​ជា​រឿង​មួយ​ដែល​យើង​មិនអាច​ទទួលយកបាន អ៊ីចឹង​ហើយ​បាន​យើង​ខំ​ទប់ស្កាត់​»​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២២ ក្រុម​ការ​ងារ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​កត់ត្រា​កូន​ផ្សោត​ចំនួន ៦​ ក្បាល ហើយ​នៅ​ឆ្នាំ​ ២០២១ ក្រុមការងារ​បាន​កត់​ត្រា​កូន​​ផ្សោត​ចំនួន ៦​ ក្បាល​ដូចគ្នា​ដែរ​៕