​ភ្នំពេញៈ អាជ្ញាធរ​មីន​កម្ពុជា ​(CMAA) និង​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ Vallon GmbH កាលពី​ម្សិលមិញ​បាន​សិក្សា​រួមគ្នា​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​១ រយៈពេល​ ២ ​ថ្ងៃ ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធ​​ភាព​សម្រាប់​កិច្ចការ​រាវរក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុងការ​ស្វែងយល់​ពី​ការវិវត្តចុងក្រោយបង្អស់​នៃ​បច្ចេកវិទ្យា​រាវរក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បី​ចូលរួម​កែលម្អ​ប្រតិបត្តិការ​សកម្មភាព​មីន​។​

​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​ចាប់ផ្ដើម​ កាលពី​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី​ ២៧ ខែមេសា ឆ្នាំ​ ២០២៣ នៅ​ខេត្តសៀមរាប មានការ​ចូលរួម​ដោយ​អ្នកជំនាញ និង​អ្នកពាក់ព័ន្ធ​មកពី​សហគមន៍​សកម្ម​ភាព​មីន រួមទាំង​ប្រតិបត្តិ​ករ​សកម្មភាព​មីន អង្គការ​ក្រៅ​រដ្ឋាភិបាល ទីភ្នាក់ងារ​រដ្ឋា​ភិ​បាល និង​អង្គការ​អន្តរជាតិ​។​

​យោងតាម​អាជ្ញាធរ​មីន​បានឱ្យដឹងថា សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ប្រមូលផ្តុំ​អ្នក​ជំនាញ​ដើម្បី​ស្វែងយល់​ពី​ការ​​វិ​វត្ត​ចុងក្រោយបង្អស់​នៃ​បច្ចេក​វិទ្យា​រាវរក​គ្រាប់មីន និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បី​កែលម្អ ស្ថាបនា​ប្រតិបត្តិការ​សកម្មភាព​មីន និង​ផ្តល់​ជា​យុទ្ធសាស្ត្រព​ន្លឿ​ន​ឆ្ពោះទៅរក​គោលដៅ​កម្ពុជា តំបន់​អាស៊ាន និង​ពិភព​​លោក​គ្មាន​មីន​។​

លោក ​លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ថ្លែងថា​៖ «​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ក្នុង​ប្រតិបត្តិការ​រាវរក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​សម្រេច​ទស្សនវិស័យ​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥»​។ «​បច្ចុប្បន្ននេះ បច្ចេកវិទ្យា​បានក្លាយ​ទៅជា​ឧ​ប​ករ​ណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដូចជា ការ​​កំណត់​ទីតាំង និង​ការកំណត់​អត្ត​-​សញ្ញាណ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​កាន់តែ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​»​។​

​លោក​លី ធុជ ថ្លែងថា ក្រុម​​ហ៊ុន Vallon GmbH ជា​ដៃគូ​សំខាន់បំផុត​ក្នុង​ការងារ​បោស​​សម្អាត​មីន​នៅ​ប្រទេស​កម្ពុជា ហើយ​ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​ក្នុងការ​ផលិត និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​កម្រិត​ខ្ពស់​ក្នុង​ប្រតិបត្តិការ​រាវរក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ផ្សារភ្ជាប់​ទង្វើ​មនុស្សធម៌​។​

​លោក Markus Vallon នាយក​គ្រប់គ្រង​ក្រុមហ៊ុន Vallon GmbH របស់​អាល្លឺម៉ង់​ថ្លែងថា ក្រុមហ៊ុន​បាន​ផលិត​នូវ​ឧបករណ៍​រាវរក​គ្រាប់មីន​ជាច្រើន​ប្រភេទ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិ​ភាព​ខ្ពស់ ព្រមទាំង​បានទទួល​បានការ​កែលម្អ​ជាច្រើន​ពី​កម្ពុជា ក្នុង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​បានដាក់​បញ្ចូល​ភាសា​​ខ្មែរ​ក្នុង​ឧបករណ៍​នេះ​ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​៕