សៀមរាបៈ ភ្នាក់ងារ​ទេសចរណ៍​នៃអាជ្ញាធរ​ជាតិ​អប្សរា​មិនត្រឹមតែ​មានតួនាទី​ក្នុងការណែនាំ​ទិសដៅ​ទស្សនា និង រក្សា​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ក្នុងប្រាសាទ​ជូនដល់​ភ្ញៀវទេសចរ​ប៉ុណ្ណោះទេ តែថែមទាំង​បានជួយ​ដោះស្រាយ បញ្ហា​ផ្សេងៗ ជូន​ភ្ញៀវ​ទេសចរ ដែល​កើតឡើង​ជាយថាហេតុ ក្នុង​ពេល​ភ្ញៀវ​ទេសចរ កំពុង​ដើរ​ទស្សនា​នៅតំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ។

បើយោងតាម​ផេក​ហ្វេសប៊ុក​អាជ្ញាធរជាតិ​អប្សរា កន្លង​មក ភ្នាក់ងារ​ទេសចរណ៍​នៃអាជ្ញាធរ​ជាតិ​អប្សរា បានជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​មាន​គ្រោះថ្នាក់​ទាន់​ពេលវេលា និង​រក្សាទុក​សម្ភារ​ដែល​ភ្ញៀវ​ជ្រុះ ឬភ្លេច​ដើម្បី​ប្រគល់​ជូន​ម្ចាស់ វិញ​ជាដើម។

លោក ឡេក គិមលីន ប្រធាន​គ្រប់គ្រង​ភ្នាក់ងារ​ទេសចរណ៍​នៅប្រាសាទ​អង្គរវត្ត លើកឡើង​ថា កន្លងមក​មានករណី​ភ្ញៀវ​រអិល​ជំពប់ជើង​បណ្តាល​ឱ្យ​ដួល គ្រេច ថ្លោះដៃ​ជើង ងងឹត​មុខ ចុកពោះ​ ក្បាលប៉ះ​ជាមួយ​ថ្ម​ជាដើម។

ចំពោះ​ករណី​ស្រាល ភ្នាក់ងារ​ទេសចរណ៍​នៃអាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ភ្នាក់ងារ​សណ្តាប់ធ្នាប់ នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នៅនឹង​កន្លែង។

ចំពោះ​ករណី​ធ្ងន់​វិញ ត្រូវ​សង្រ្គោះ​បឋម​ដោយ​ធ្វើ CPR ដោយ​ក្រុមការងារ​សុទ្ធតែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ជំនាញ​ផ្នែក​សង្គ្រោះ​បឋម និង​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។

ដោយឡែក ករណី​ភ្ញៀវទេសចរ​ជ្រុះ​ឬ​ភ្លេច​សម្ភារ ក៏ភ្នាក់ងារ​ទេសចរណ៍ សហការ​ជាមួយ​គ្រប់ផ្នែក​ពាក់ព័ន្ធ ប្រគល់​ជូន​ម្ចាស់​ដើមវិញ។ សកម្មភាព​ទាំង​នេះ តែង​ទទួលបាន​នូវ​ការអរគុណ និង​កោត​សរសើរ ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និងអន្តរ​ជាតិ៕​