ព្រះវិហារៈ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារលោក អ៊ា ដារិទ្ធ បានដឹកនាំមន្ត្រីបច្ចេកទេស នៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ និងមន្ត្រីបច្ចេកទេសរមណីយដ្ឋានកោះកេរទៅធ្វើទស្សនកិច្ចសិក្សានៅតាមការដ្ឋានអភិរក្ស និងជួសជុលប្រាសាទមួយចំនួននៅខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តសៀមរាប ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

យោងតាមអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ដំណើរទស្សនកិច្ច ដែលទទួលការឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fund for Cultural Preservation-AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើឡើងដើម្បីស្វែងយល់ពីការរៀបចំ ការគ្រប់គ្រងការដ្ឋាន បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទ ប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មសំណង់បុរាណ ដើម្បីពង្រឹង សមត្ថភាពបន្ថែម​លើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស ដែលកំពុងអនុវត្តន៍ការងារនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។

ក្នុងឱកាសនោះ ក្រុមមន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារបានទទួលនូវ បទពិសោធន៍ល្អៗ ជាច្រើនអំពីការរៀបចំការដ្ឋាន បច្ចេកទេសអភិរក្ស និងជួសជុល ប្រាសាទឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ នៅការដ្ឋានប្រាសាទភ្នំដា និងភ្នំជីសូរ្យ នៅខេត្តតាកែវ ការដ្ឋានសំបូរព្រៃគុកនៅខេត្តកំពង់ធំ ការដ្ឋានប្រាសាទមេបុណ្យខាងលិច និងប្រាសាទចៅស្រីវិបុល នៅខេត្តសៀមរាប។

ចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះនឹងត្រូវយកទៅ ប្រើប្រាស់ ដើម្បីបម្រើដល់ការងារអភិរក្ស និងជួសជុល បេតិកភណ្ឌរបស់អាជ្ញាធរជាតិព្រះវិហារ៕