ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ​២៧ ខែមេសា ឆ្នាំ​ ២០២៣ បានប្រកាស​និរាករណ៍​អនុក្រឹត្យ​លេខ​ ៤៧ អ​.​ន​.​ក្របក ស្តីពី «​ការកំណត់​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ​» ចុះ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ហើយ​បង្គាប់​ឱ្យ​បន្ត​ប្រើប្រាស់ អនុក្រឹត្យ​ចាស់​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០១២ ឡើងវិញ ដោយ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង និង​ហាមឃាត់​ដាច់ខាត​ការប្រើប្រាស់​មង​ក្រឡា​ធំ និង​ឧបករណ៍​ឆក់​ត្រី​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល លោកនាយក​​រដ្ឋមន្ត្រី បាន​លើកឡើងថា អនុក្រឹត្យ​ថ្មី​នោះ មិនចាំបាច់​អនុវត្ត​នោះទេ ដោយ​សារ​ក្នុងអំឡុងពេល​ ២​ ខែ​មកនេះ សត្វ​ផ្សោត​នៅតែ​បន្ត​រកឃើញ​ងាប់​ជា​បន្ត​​បន្ទាប់ ហើយ​អ្នកភូមិ​រាប់ពាន់​គ្រួសារ​បាន​ជួប​ប្រឈម​ផលប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ ព្រោះតែ​ការហាម​នេសាទ​ត្រី​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​រក្សា​សុវត្ថិ​​ភាព​សម្រាប់​សត្វ​ផ្សោត និង​ការចៀស​​វាង​ប៉ះពាល់​នូវ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​រាប់ពាន់​គ្រួសារ យើង​ត្រូវ​លុបចោល​អនុក្រឹត្យ​ថ្មី​ចុះ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣ និង​ទុកឱ្យ​អនុវត្ត​អនុក្រឹត្យ​ចាស់​ដែល​ចុះ​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ ​២០១២ ជាពិសេស​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​នូវ​មង​ក្រឡា​ធំ និង​ការប្រើ​ឧបករណ៍​ឆក់​ត្រី​»​។​

​គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​ចុះបញ្ជី​កំណើត​សត្វ​ផ្សោត​ទន្លេមេគង្គ​ចំនួន​ ៣ ​ក្បាល និង​ងាប់​ចំនួន​ ២​ ក្បាល ខណៈ​នៅ​ឆ្នាំ​ ២០២២ មានកូន​កើត​ថ្មី​ចំនួន​ ៦​ ក្បាល ប៉ុន្តែ​បាន​ងាប់​ចំនួន​ ១១ ​ក្បាល​។ ករណី​ងាប់​របស់​សត្វ​ផ្សោត​ទាំងនោះ ត្រូវបាន​គេ​រកឃើញថា ភាគច្រើន​បណ្ដាលមកពី​ករណី​ជាប់​មង​។​

​យ៉ាងណាក៏ដោយ ជុំវិញ​ករណី​សត្វ​ផ្សោត​ងាប់​ដោយសារ​ជាប់​មង​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា បណ្ដាលមកពី​កង្វះ​ភាព​ទទួលខុសត្រូវ​រប​ស់​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​បណ្ដែត​បណ្ដោយឱ្យ​កើតមាន​បទល្មើស​នេសាទ​នេះ​ឡើង​នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់​​គ្រង ជាពិសេស​ការ​បណ្ដោយឱ្យ​កើតមាន​ការ​រាយ​មង​ក្រឡា​ធំ និង ការប្រើ​ឧបករណ៍​ឆក់​ត្រី​នៅក្នុង​តំបន់​គោលដៅ​នៃ​ដែន​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​។​

​លោក​ ហ៊ុន សែន ថ្លែងថា​៖ «​រឿង​វា​នៅ​កន្លែង​ហ្នឹង វា​មិន​ស្ថិតនៅលើ​មង​ឬ​មិន​មង​នោះទេ វា​ស្ថិតនៅ​កន្លែង​ត្រង់​ថា នាំគ្នា​បណ្ដោយឱ្យ​មានការ​ដាក់មង​ក្រឡា​ធំ ដែល​វា​ជាប់​ផ្សោត​។ អា​មង​តូចៗ​វា​មិន​ជាប់​ផ្សោត​ទេ​ហើយ​ផ្សោត​ក៏​វា​មិន​ហែល​មក​កន្លែង​ហ្នឹង​ដែរ​»​។​

​ជាមួយគ្នានេះ លោក​បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​ខេត្តក្រចេះ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជាពិសេស ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​បន្ត​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដល់​សហ​​គម​ន៍​មូលដ្ឋាន ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​នៃ​ភូមិ​សាស្ត្រ​ខេត្ត​ទាំង​ ២​ ឱ្យបាន​យល់​ជ្រួតជ្រាប​កាន់តែច្បាស់​ថែមទៀត ពី​អត្ថប្រយោជន៍​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ចូល​​រួមការ​ពារ និង​អភិរក្ស​ទាំងអស់គ្នា​ឱ្យបាន​ពេញលេញ​។

​នៅ​ព្រឹក​ថ្ងៃទី ​២៧ ខែមេសា ឆ្នាំ​ ២០២៣​ នេះដែរ ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​បានចេញ​សេចក្ដីប្រកាស​ព័​ត៌​​មាន ​១ ដោយ​អនុញ្ញាត​ឱ្យមាន​ការនេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ឡើងវិញ បន្ទាប់ពី​បាន​ពិនិត្យឃើញថា ការសាកល្បង​អនុវត្ត​លើ​អនុក្រឹត្យ​លេខ​ ៤៧ អនក្រ បក ចុះ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ ​២០២៣ មួយរយៈ​មកនេះ ធ្វើឱ្យមាន​បញ្ហា​ប្រឈម​មួយចំនួន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ សម្រាប់​ប្រជា​​នេសាទ​តាម​ដង​ទន្លេ​នៃ​ខេត្ត​ទាំង​ ២ ​នេះ​។ ប៉ុន្តែ​បន្ត​ហាម​​ឃាត់​ការប្រើប្រាស់​មង​ក្រឡា​ធំ ឧបករណ៍​ឆក់ និង​ឧបករណ៍​នេសាទ​ត្រី​មួយចំនួនទៀត ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ជលផល​។

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នោះ ក្រសួង​នឹង​បន្ត​កិច្ច​សហ​​ការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អាជ្ញា​ធរ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ជាពិសេស អង្គការ WWF ចុះ​ផ្សព្វផ្សាយ​ច្បាប់​នានា ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​ចូលរួម ចុះ​ល្បាត​ការពារ​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ប្រើប្រាស់​ឧបករណ៍​ឆក់ មង​​ក្រឡា​ធំ និង​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស ដែលនាំឱ្យ​ប៉ះពាល់​ដល់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​»​។​

សត្វ​ផ្សោត​ទន្លេ​មេគង្គ គឺជា​កំណប់​ធម្មជាតិ​ដ៏​មានជីវិត​របស់​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​ប្រហែល ៩០ ក្បាល ដែល​បច្ចុប្បន្ន​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្ត​​ក្រចេះ និង​ខេត្តស្ទឹងត្រែង​។ វា​ត្រូវបាន​ចាត់ថ្នាក់​ថា ជា​ប្រភេទ​សត្វ​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ​បំផុត នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN៕