សៀមរាបៈ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប ​បានស្នើ​ឱ្យ​មានការចូលរួម​គាំទ្រ​បន្ត​ដល់​កុមារ​ចំនួន ៩០ នាក់ ដែល​ទប់ស្កាត់​ពីការប្រើប្រាស់​កម្លាំង​ពលកម្ម​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ដែល​មន្ទីរ​ការងារ​បានធ្វើ​ការគាំទ្រ​កាលពី​ឆ្នាំ២០២២​មកនោះ។

ការស្នើ​នេះត្រូវបាន​ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ប្រចាំ​ខែមេសា​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្ស​ខេត្ត​សៀមរាប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ស្តីពី​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ទី២៧​ខែមេសា​នេះ។ នេះបើយោង​តាម​រដ្ឋបាល​ខេត្ត​សៀមរាប។

កិច្ចប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សា​តាម​របៀបវារ​:រួមមាន​៖១. ពិនិត្យ​លើ​សេចក្តី​របាយការណ៍​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំ​ខែមេសា ឆ្នាំ២០២៣ និង​២. ពិនិត្យ​និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹងការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។

កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​ទៅលើ ការគាំទ្រ​បន្ត​ដល់​កុមារ​ដែលទប់ស្កាត់​ពីការប្រើប្រាស់​កម្លាំង​ពលកម្ម នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន ៩០ នាក់ ដែល​មន្ទីរការងារ​បានធ្វើ​ការគាំទ្រ​កាលពី​ឆ្នាំ២០២២ និង​ស្នើឱ្យ​មានការចូលរួម​គាំទ្រ​បន្ត​នៅក្នុង​ឆ្នាំ២០២៣ ទៅលើ​សម្ភារ​សិក្សា សម្លៀក​បំពាក់ និង​ការរៀន​បំប៉ន​បន្ថែម។

ក្រៅពីនោះ​ក៏មាន​ការពិភាក្សា​ទៅលើ​ករណី​គ្រួសារ​ទារក​អាយុ ១ ខែ ដែល​ម្តាយ​ពុំមាន​លទ្ធភាព​ចិញ្ចឹម និងមាន​បំណង​ប្រគល់​ទៅ​ឱ្យ​គ្រួសារ​ផ្សេង​ដើម្បី​ចិញ្ចឹម​ជំនួស ព្រោះ​ម្តាយពុំ​មាន​ទឹកដោះ​និង​ពុំមាន​លទ្ធភាព​ទិញ​ទឹកដោះគោ។ កិច្ចប្រជុំ​ក៏បាន​ជំរុញ​ដល់​មន្ទីរ​សង្គមកិច្ច មន្ទីរ​កិច្ចការ​នារី​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត និងអង្គការ​ដៃគូ​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​ឡើងវិញ និង​សហការគ្នា​ក្នុងការប្រមូល​ព័ត៌មាន និង​ផ្តល់​ប្រឹក្សា​យោបល់​ទៅដល់​កុមារី​ដែល​សង្ស័យ​រងគ្រោះ​ដោយការរំលោភ​បំពាន​តាម​ប្រព័ន្ធ​អនឡាញ និង​ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច ដើម្បី​អនុវត្ត​តាម​នីតិវិធី។

អាជ្ញាធរ​ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​ក៏ត្រូវបាន​ជំរុញ​ឱ្យ​ពិនិត្យ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ពីកលល្បិច​របស់​ជន​ខិលខូច​ដែលបាន​ចុះជ្រើសរើស​ប្រជាពលរដ្ឋ​ដើម្បី​រៀន​ភាសាជប៉ុន សម្រាប់​នាំចេញ​ទៅធ្វើ​ការដោយ​ខុសច្បាប់។

បន្ថែមពី​នោះ​ក៏មាន​ការជំរុញ​ឱ្យមាន​ការចូលរួម​ពីដៃគូ​ពាក់ព័ន្ធ ក្នុង​ការរួម​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​មន្រ្តី​នគរបាល អាជ្ញាធរ​មូលដ្ឋាន លើការ​អនុវត្ត​ច្បាប់​ស្តីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្តីពី យុត្តិធម៌​អនីតិជន កិច្ចការពារ​កុមារ ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ និង​ការផ្តល់​សេវា​សមស្រប៕