មណ្ឌលគិរីៈអដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ២១ អដ្ឋិធាតុ​បន្ថែមទៀត​ត្រូវបាន​រកឃើញ ​ហើយ​គណៈកម្មការ​ជំនាញ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ដាក់ឡាក់​បានជួប​ពិភាក្សា​លើការងារ​ត្រៀម​រៀបចំ​ពិធី​បង្សុកូល ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​ទាំងនោះ​ទៅកាន់​មាតុ​ប្រទេស​វិញ។ នេះបើ​យោងតាម​មន្ទីរព័ត៌មាន​ខេត្ត​មណ្ឌលគិរី​នៅថ្ងៃ​ទី២៨​ខែមេសា។

ការជួប​ពិភាក្សានេះ​ត្រូវបាន​ធ្វើឡើង​នៅថ្ងៃ​ទី២៨​ខែមេសា​នេះនៅសាល​ប្រជុំសាលា​ខេត្ត​មណ្ឌលគិរី ក្រោម​វត្តមាន​លោកស្រី វិន ស៊ីធួន អភិបាលរង​ខេត្ត​មណ្ឌលគិរី និង​លោកស្រី ហឺយីម កាដត អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត និង​ជាប្រធាន​គណៈកម្មការជំនាញ​ខេត្ត​ដាក់ឡាក់ វៀតណាម។

ភាគី​ទាំងពីរ​បានពិភាក្សាគ្នា​ពីការងារ​ត្រៀម​រៀបចំ​ពិធី​បង្សុកូល និង​ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម ដែល​បានពលី​កាលពី​សម័យ​សង្គ្រាម​ក្នុងទឹកដី​ខេត្ត​មណ្ឌលគិរី សម្រាប់​រដូវ​ប្រាំង​ឆ្នាំ ២០២២-២០២៣។

ក្នុងឱកាស​នោះ​លោកស្រី វិន ស៊ីធួន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការជំនាញ​នៃខេត្ត​ទាំងពីរ​មណ្ឌលគិរី-ដាក់ឡាក់ ដែល​កន្លងមក​បានរួម​សហការ​អនុវត្ត​ការងារ និងទទួលបាន​លទ្ធផល​យ៉ាងល្អ​ប្រសើរ​លើការងារ​ជីក​គាស់ រុករក ប្រគល់-ទទួល និង​ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និងជំនាញការ​វៀតណាម ដែលបាន​ពលី​កាលពី​សម័យ​សង្គ្រាម​លើទឹកដី​ខេត្ត​មណ្ឌលគិរី​នៃព្រះរាជា​ណាចក្រ​កម្ពុជា។

លោកស្រី អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​ដល់​គណៈកម្មការជំនាញ​នៃ​ខេត្ត​ដាក់ឡាក់​ឱ្យបន្ត​កិច្ចសហ​ប្រតិបត្តិការ​ល្អប្រសើរ​ជាមួយ អាជ្ញាធរ​ដែនដី​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​មូលដ្ឋាន ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រជាជន ទំនៀម​ទម្លាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច និង​ជាពិសេស​គឺ​ច្បាប់​របស់​កម្ពុជា។ ម្យ៉ាងទៀត​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្រូវ​ផ្ដល់​កិច្ចសហការ និង​ជួយ​សម្របសម្រួល​ដល់​ក្រុមការងារ​ជំនាញ​ខេត្ត​ដាក់ឡាក់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ​ក្នុង​ការស្វែងរក ជីក​គាស់​និង​ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម ទៅកាន់​មាតុ​ប្រទេស​វិញ។ នេះបើយោងតាម​ប្រភព​ដដែល​នេះ៕