ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី២៤ ខែមេសា ដោយបាន​សម្រេច​បើក​ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល។

យោងតាម​អនុក្រឹត្យ ស្តីពី ការបង្កើត​ស្ថាន​ឯកអគ្គ​រាជទូត នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល​បានឱ្យដឹង​ថា ស្ថានទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល មាន​និវេសនដ្ឋាន នៅទីក្រុង​ប្រាស៊ីលីយ៉ា។ ស្ថាន​ឯកអគ្គ​រាជទូត​នេះ ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​បេសកកម្មទូត ១ នាក់ ដែលមាន​ឋានៈ​ជា ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព។

សមាសភាព​មន្ត្រី​ការទូត​ផ្សេងទៀត មន្ត្រី​បច្ចេកទេស និង​បុគ្គលិក​សេវា នឹង​ត្រូវ​កំណត់​តាមតម្រូវការ​នៃការងារ​ជាក់ស្ដែង ហើយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សម្រាប់​មន្ត្រី​ការទូត មន្ត្រី​បច្ចេកទេស និង​បុគ្គលិក​សេវា នៃស្ថាន​ឯកអគ្គ​រាជទូត នេះ ត្រូវស្ថិត​ក្នុង​ប្រភេទ“ក”។

អនុក្រឹត្យ​ក៏បាន​ណែនាំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ រដ្ឋមន្តី គ្រប់ក្រសួង ប្រធាន​គ្រប់ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ៕