
លោកឌិត ទីណា ក្នុងជំនួប សម្តែងការគួរសម ជាមួយក្រុមជំនាញការ នៃ FECC នៃក្រសួងកសិកម្ម កាលពីថ្ងៃទី ២៧ មេសា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកបញ្ជាក់អំពីទិសដៅរបស់ក្រសួង គឺធ្វើយ៉ាងណា សម្រេចឱ្យបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច ហើយ ទាក់ទងនឹងការងារនេះ គឺកម្ពុជានឹងមិនប្រកួតប្រជែងលើបរិមាណទេ តែនឹងប្រកួតលើគុណភាព ដើម្បីទទួលបានផលចំណេញដោយគិតគូរដល់បរិស្ថាន (Eco-Friendly) គឺមិនប៉ះពាល់ដល់ព្រៃឈើឡើយ។
បើយោងតាមផេកហ្វេសប៊ុកក្រសួងកសិកម្ម លោកឌិត ទីណា បានថ្លែងបែបនេះ ក្នុងពេលដែលលោកបានទទួលជួបសម្តែងការគួរសម ជាមួយក្រុមជំនាញការ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស (FECC) នៃក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ចិន នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៧មេសា។
បើតាមលោករដ្ឋមន្ត្រី គឺក្រសួងកសិកម្ម នឹងជំរុញការផលិតផលិតផលកសិកម្មប្រកបដោយគុណភាព សុវត្ថិភាពអនាម័យ SPS សម្រាប់នាំចេញទៅប្រទេសចិន ហើយដែលការងារនេះ ទាមទារឱ្យមាននូវបច្ចេកទេស ផែនការអាជីវកម្ម និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងអនុវត្តស្របតាមគោលនយោបាយដែលក្រសួងបានដាក់ចេញ៕