ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ជាថ្មី​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ក៏ដូចជា អាជ្ញាធរ​ទាំង​​អស់​ត្រូវអនុវត្ត​ការងារ និង​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទៅតាម​ច្បាប់ ដោយ​កុំ​ចាំតែ​មាន​បទ​បញ្ជា​របស់លោក ខណៈ​អ្នក​តាមដាន​សង្គម​សម្តែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​នេះ​។​

​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​ ២០២២ និង​បើក​វគ្គ​បណ្តុះបណ្តាល ឆ្នាំ​ ២០២៣ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃទី​ ២៧ ខែមេសា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​ដាស់តឿន​មន្ត្រី​ទាំង​ឡាយ​ត្រូវធ្វើ​តាមច្បាប់ កុំ​ចាំ​បទបញ្ជា រឿងនេះ​ខ្ញុំ​តែងតែ​រំឭក កុំ​ចាំតែ​ស្អី ហ៊ុន សែន ស្រែក​ទៅបាន​នាំគ្នា​ធ្វើ កុំ​លេង​របៀបនេះ ខិតខំ​ធ្វើទៅ​»​។​

​លើសពីនេះ លោកនាយក​​រដ្ឋមន្ត្រី​បាន​ក្រើនរំឭក​ដល់​បណ្តា​មន្ត្រី​ទាំងឡាយ​ពី​វិធីសាស្ត្រ​ដឹកនាំ និង​ធ្វើ​កិច្ចការងារ​ដែលមាន​៣​ដំណាក់កាល​។

​លោក​ថា​៖ «​ដូច​ខ្ញុំ​ធ្លាប់​លើកឡើង​មុនៗ​អ៊ីចឹង វិធីសាស្ត្រ​ដឹកនាំ និង​ធ្វើ​ការងារ​មាន ៣ ​ដំណាក់កាល គឺ​ត្រូវ​ត្រៀម​បម្រុង ការរៀបចំ​ផែន​ការ​ជាក់លាក់​មួយ​មាន​ស្ថាន​ភាព​គ្រប់​ជ្រុងជ្រោយ បន្ទាប់មក​រៀបចំ​ផែនការ​សកម្មភាព​ចាត់​តាំង​អនុវត្ត ហើយ​ជាមួយ​នោះ ត្រូវ​ត្រៀម​ដោះស្រាយ​កត្តា​ចៃ​​ដ​ន្យ ដែល​វា​លេចឡើង​នៅក្នុង​ពេលដែល​វា​កើតឡើង​ដោយ​យើង​ប៉ាន់ស្មាន​មិនបាន​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ប្រសិនបើ​មន្ត្រី​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ដោយ​កត្តា​ចៃដន្យ​បាន នោះ​ក៏​ជាការ​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​មន្ត្រី​រូបនោះ​ដែរ​។ តួយ៉ាង​លោក​ប្រៀបធៀប​នឹង​ចំណោទបញ្ហា​ដែល​អាច​កើតឡើង​ដោយ​កត្តា​ចៃដន្យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ដែល​រដ្ឋាភិបាល​កំពុង​ត្រៀមខ្លួន​យ៉ាង​សស្រោកសស្រាំ​។​

​ជុំវិញ​បញ្ហា​នេះ លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​​តម្លាភាព​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​ដាស់តឿន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ដែល​ចង់​បង្ក្រាប​ភាពស្ពឹក​ស្រពន់​របស់​មន្ត្រី​នានា​ដែល​មិន​អនុវត្ត​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ពោលគឺ​រង់ចាំតែ​បទ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​។

​លោក ពិសី បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​សម្តេច​បង្កើត​នូវ​យន្តការ​ត្រួតពិនិត្យ​តាមដាន​ជា​ប្រព័ន្ធ​ក្រោម​ក្រប​ខ័​ណ្ឌ​ក្រសួង​មុខងារសាធារណៈ​និង​សាមីក្រសួង​នីមួយៗ​ដើម្បី​ត្រួតពិនិត្យ​តាមដាន និង​វាយ​​តម្លៃ​ប្រកបដោយ​វិជ្ជាជីវៈ​តាម​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស ហើយ​មានការ​លើកទឹកចិត្ត និង​ដំឡើង​ឋានៈ​ដល់​មន្ដ្រី​ដែល​អនុវត្ត​ការងារ​បានល្អ​ផង​»​។​

​លោក​ ប៉ិច ពិសី ដែលជា​អ្នកតាមដាន​ផ្នែក​អភិបាលកិច្ច​បាន​បន្ដថា តាម​សង្កេតឃើញថា កន្លងមក​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​យក​តំណែង​រដ្ឋ​ដើម្បី​ជា​ខ្នងបង្អែក ដើម្បី​មុខរបរ​ជំនួញ​ខ្លួន​ជាជាង​គិតពី​តួនាទី​ត្រូវ​អនុ​វត្ត​បម្រើ​រាស្ត្រ​។ បើតាម​លោក​ពិសី រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​ការងារ និង​ការផ្តល់​សេវាសាធារណៈ ជាជាង​បរិមាណ និង​ចំនួន​មន្ត្រី​ដែលមាន​ចំនួន​ច្រើន​លើសលប់​ធ្វើឱ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ​។​

​ស្រដៀង​គ្នា​នេះដែរ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​គាំទ្រ​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​តួនាទី​របស់​មន្ត្រីរាជកា​រ​ឱ្យមាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងតួនាទី និង​ការងារ​ខ្លួន ដែល​មិនត្រូវ​រង់ចាំតែ​បទបញ្ជា​នាយក​​រដ្ឋមន្ត្រី ដោយ​លោក​ថា ហាក់បីដូចជា​រង់ចាំ​ការបង្គាប់​ឱ្យធ្វើ​ទៅហើយ​។​

​លោក ​យង់ គិ​ម​អេង បាន​លើក​ជា​ឧទាហរណ៍​ថា​៖ «​កន្លង​​មក រឿង​ខ្លះ ប្រមុខ​រដ្ឋាភិបាល​ដាក់ចេញ​វិធាន​ការឱ្យ​អនុវត្ត​ហើយ ហើយ​អនុវត្តបាន​មួយ​ភ្លែត​ក៏​ឈប់​ទៅ ទាល់តែ​មានការ​បង្គាប់​បញ្ជា​ទៀត បាន​ប្រឹង​ធ្វើ ដល់​ឈប់​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ឬ​ថ្នាក់លើ ក៏​ទុកចោល​ទៅ នេះ​ជា​បញ្ហា ប៉ុន្តែ​នៅក្នុង​នោះ​ក៏មាន​មន្ត្រី​សកម្ម​ដែរ​»៕