ភ្នំពេញ​/​ស្ទឹងត្រែងៈ ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម លើក​ទី ៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី ១២ បាន​ចាក​ចេញពី​ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ហើយ ដោយ​បាន​ដង្ហែ​ចេញពី​វត្ត​ស្រះកែវ​មុន្នីវណ្ណ (វត្តលើ) នា​ព្រឹក​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ ២០២៣ ក្រោយពី​បាន​ត្រឡប់​មកដល់​ទឹកដី​កម្ពុជា​វិញ​កាលពី ១ ថ្ងៃមុន។

​ក្នុង​ដំណើរ​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​នោះ​គឺមាន​អម​ជាមួយ​រថយន្ដ និង​ម៉ូតូ​ធំ​ជាច្រើន​គ្រឿង​ដែល​ដឹកនាំ​ដោយ​លោក នី ផល្លី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជាតំណាង CAMSOC​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន។

​ក្នុង​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​នេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ផងដែរ​។ រដ្ឋបាល​ខេត្ត​បាន​ជូនដំណឹង​ថា គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើកទី ៣២ ឆ្នាំ ២០២៣ នឹង​មាន​ក្បួន​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើកទី ៣២ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី ១២ ឆ្នាំ ២០២៣ ដែល​ធ្វើដំណើរ​ចេញពី​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ កាត់​តាម​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ឆ្ពោះ​មកកាន់​ខេត្ត​ត្បូងឃ្មុំ តាមផ្លូវ​ជាតិ​លេខ ៧៣ និង​ផ្លូវជាតិ​លេខ ៧ បន្តទៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៨ ខែមេសា​នេះ។

ដូចនេះ ដើម្បីឱ្យ​ក្បួន​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ ព្រមទាំង​បញ្ចៀស​នូវ​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​នឹងធ្វើ​ការបញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ ៧ (​កែង​ផ្លូវ​ប្រធាតុ​ស្ពានគីហ្សូណា) និង​ផ្លូវជាតិ​លេខ ៧៣ (​ឆ្លង​តំបន់​បុរី​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ) នៅ​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ ២០២៣ ចាប់ពី​ម៉ោង ៩:០០ នាទី​ព្រឹក ដល់​ម៉ោង ៣:០០ ម៉ោង រសៀល។​

​ការបញ្ចៀស​ចរាចរណ៍​មានដូចជា​៖ ១. ផ្លូវជាតិ​លេខ​៧ (​កែង​ផ្លូវ​ប្រធាតុ​ស្ពានគីហ្សូណា) ត្រូវ​បង្វែរ​ចរាចរណ៍​ទៅតាម​ផ្លូវជាតិ​លេខ ៨ និង​តាមផ្លូវ​ពី​ផ្សារ​កណ្ដោលជ្រុំ ចេញទៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង និង ២. ផ្លូវជាតិ​លេខ ៧៣ (ឆ្លង​តំបន់​បុរី​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​) ត្រូវ​បង្វែរ​ចរាចរណ៍​ទៅតាម ផ្លូវ​ឆ្លង កាត់​តាម​ស្រុក​ក្រូចឆ្មារ ចេញ​ទៅតាម​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៕