
ភ្នំពេញៈ ក្រសួងសុខាភិបាលបានណែនាំ និងក្រើនរំឭកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ពាក់ព័ន្ធពីការត្រៀមលក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
យោងតាមសេចក្តីណែនាំកាលពីថ្ងៃទី ២៧ ខែមេសាបានឱ្យដឹងថា ក្រសួងសុខាភិបាលបានរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ដោយមានរថយន្តគិលានសង្គ្រោះ និងរថយន្តគ្លីនិកចល័ត នៅតាមទីកន្លែងប្រចាំការតាមគោលដៅ កំណត់ទាំង ២២ គោលដៅ នៅក្នុងរាជធានីភ្នំពេញរួចមកហើយ។
បន្ថែមលើនេះ ក្រសួងសុខាភិបាលបានក្រើនរំឭកមន្ទីរពេទ្យខាងលើឱ្យត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ក្នុងការផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដើម្បីធានាឱ្យការផ្តល់សេវាបានទាន់ពេលវេលា ជាពិសេស ប្រសិនបើមានឧបទ្ទវហេតុផ្សេងៗកើតឡើងជាយថាហេតុ។
ក្រសួងបានបញ្ជាក់ថា ការត្រៀមលក្ខណៈរួមមានដូចជា៖១. រៀបចំបែងចែកក្រុមគ្រូពេទ្យ និងអ្នកទទួលខុសត្រូវបន្ថែមប្រចាំថ្ងៃ នៅតាមផ្នែកនីមួយៗ ជាពិសេស នៅផ្នែកសង្គ្រោះបន្ទាន់។ ២. ត្រៀមឱសថ សម្ភារបរិក្ខារពេទ្យ និងមធ្យោបាយផ្សេងៗ សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ និង ៣. ត្រៀមលក្ខណៈចល័តគ្រូពេទ្យបន្ថែម សម្រាប់ជួយឱ្យបានទាន់ពេលវេលានៅពេលមានតម្រូវការ។ល៕