សៀមរាបៈ សវន​ករ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​បានធ្វើ​សវនកម្ម​ផ្ទៃក្រៅ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​នៃ ៥ នាយកដ្ឋាន និង ១ អង្គភាព​របស់​អាជ្ញាធរជាតិ​អប្សរា​រយៈពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៥ ដល់ទី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​ ២០២៣។​

​ការបើក​សវនកម្ម​ផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន ISO14001: 2015 ដោយ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន Japan Quality Assurance(JQA) គឺ​ដើម្បី​បញ្ជាក់ថា តើ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​អង្គរ​នៃ​ស្ថាប័ន​អាជ្ញាធរជាតិ​អប្សរា កំពុង​បន្ត​អនុលោម​ជាប្រចាំ​នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​នៅក្នុង​រយៈពេល​នៃ​សុពលភាព (៣​ឆ្នាំ) ស្ដង់ដា​ដែរ​ឬ​យ៉ាងណា​។ ជាពិសេស​ជាមួយគ្នា​នេះ ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​របស់​អាជ្ញាធរជាតិ​អប្សរា​ក៏ត្រូវ​ធ្វើការ​ពិនិត្យ​ដែរ ដោយ​យោង​ទៅលើ​សកម្មភាព​ពាក់ព័ន្ធ​បរិស្ថាន និង​អ្នកទទួល​ខុសត្រូវ​លើ​បរិស្ថាន​។ នេះ​បើ​យោងតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។​

​សវនកម្ម​នេះ​ត្រូវបាន​បើក​ដោយ​លោក​ឡុង កុសល អគ្គនាយករង តំណាង​លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាង​ស្ថាប័ន JQA និង​ជា​សវនករ​លោក​សុខ លក្ខិណា ប្រធាន​អង្គភាព​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រធាន-អនុប្រធាន​នាយកដ្ឋាន និង​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ ព្រមទាំង​មន្ត្រី-បុគ្គលិក​ជា​អ្នកជំរុញ​បរិស្ថាន​នៅតាម​នាយកដ្ឋាន​នីមួយៗ។​

​ចំណុច​ដែល​ត្រូវ​យកមក​ពិនិត្យ​នៅក្នុង​សវនកម្ម​ផ្ទៃក្រៅ​នាពេលនេះ មាន​ដូចតទៅ​៖ ទី ១ ពិនិត្យ​លើ​សវនកម្ម​ផ្ទៃក្នុង និង​ត្រួតពិនិត្យ​ការគ្រប់គ្រង ទី​២ ពិនិត្យ​សវនកម្ម​លើក​មុន​ដែល​មិនមាន​ភាពមិន​អនុលោម ទី៣ ឆ្លើយតប​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៅនឹង​ការតវ៉ា​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ បើសិន​មានការ​តវ៉ា​កើតឡើង​នៅ​ឆ្នាំមុន ទី​៤ ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ទៅលើ​ការសម្រេច​គោលបំណង ទី​៥ ស្ថានភាព​រីកចម្រើន​ទៅមុខ​សម្រាប់​សកម្មភាព​កែលម្អ​ជាបន្ត​បន្ទាប់ ទី៦ ការគ្រប់គ្រង​ប្រតិបត្តិការ​ជាប្រចាំ​ដែល​បានចារ​នៅក្នុង​សៀវភៅ​គ្រប់គ្រង​បរិស្ថាន ទី​៧ ការផ្លាស់ប្តូរ​ផ្សេងៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង ទី​៨ ភាព​សមស្រប​នៃការ​ប្រើប្រាស់​ស្លាក​សញ្ញា​ចុះបញ្ជី និងការ​បោះពុម្ព​ផ្សាយ ព័ត៌មាន​ដែល​បាន​ចុះបញ្ជី។

​លោក​ឡុង កុសល មានប្រសាសន៍ថា សវនកម្ម​ផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​លើក​នេះ​ជា​លើកទី ៦ បើសិនជា​ទទួល​បាន​វិញ្ញាបនបត្រ​បន្តទៀត​នាពេល​ខាងមុខ និង​ជា​ឆ្នាំទី ១៨ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ការងារ​បរិស្ថាន​ដែល​មាន​គុណតម្លៃ​យ៉ាង​ធំធេង​ក្នុង​រយៈពេល​កន្លងមក​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ៕