កំពតៈ លោក​ ជា សារ៉ន និង​បក្ខពួក​ដែល​បាន​ឆបោក​ប្រជាពលរដ្ឋ​ជាង ២ ពាន់​គ្រួសារ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កំពត​ធ្វើការ​ចោទប្រកាន់​ពីបទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​ត្រូវបាន​បញ្ជូន​ដល់​ពន្ធនាគារ​ខេត្តកំពត​នៅ​រសៀល​ថ្ងៃទី ២៧ ខែ​មេសា ហើយ​តុលាការ​និង​បន្ត​នីតិវិធី​ជាមួយ​តំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុងការ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​យោងតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត។​

​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​តុលាការ​ខេត្តកំពត​បាន​ឱ្យដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ ជា សារ៉ន អាយុ ៣៨ ឆ្នាំ កម្រិត​វប្បធម៌​មធ្យមសិក្សា​ទុតិយភូមិ មុខរបរ​អគ្គនាយក​ក្រុមហ៊ុន ជា​សារ៉ន រៀលធី និង​មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទួល ឃុំល្បើក ស្រុក​ឈូក ខេត្តកំពត។

​ជន​ត្រូវ​ចោទ​ជា សារ៉ន​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​បឹងនិមល និង​ភូមិ​ត្រពាំងបី ស្រុក​ឈូក ខេត្ត​កំពត និង​ភូមិ​ព្រៃវែង ឃុំ​ស្រែក្នុង ស្រុក​ជុំគិរី ខេត្ត​កំពត ចាប់ពី​ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០១៨ រហូតដល់​បច្ចុប្បន្ន បទល្មើស​មាន​ចែង និង​បញ្ញត្ត​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៧៧ និង​មាត្រា ៣៨០ នៃ​ក្រម ព្រហ្មទណ្ឌ៕