ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា អគ្គ​ស្នងការរង​នគរបាលជាតិ កាលពី​ថ្ងៃទី ២៧ មេសា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​ចំណុះ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ នាយកដ្ឋាន​នគរបាល​ការពារ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អង្គភាព​អន្តរា​គម៍ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី ៣២​។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ នៅក្នុង​ការចុះ​ត្រួតពិនិត្យ​កងកម្លាំង​នេះ លោក​ឧត្តម​សេនីយ៍ឯក មួង សុធា បាន​ថ្លែង​ដោយបាន​ធ្វើការ​ណែនាំ​កងកម្លាំង​ទាំងអស់ ដែល​ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី ៣២ ត្រូវគោរព​វិន័យ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​លើកឡើងថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី ៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គឺជា​កិត្តិយស និង​កិត្យានុភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​លោក​បញ្ជាក់ថា​៖ «​ដូចនេះ​ក្នុងនាម​យើង​ជា​កងកម្លាំង​នគរបាលជាតិ ត្រូវតែ​រួម​សហការគ្នា​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើយ៉ាងណា​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី ៣២ នេះ ឱ្យ​ទទួលបាន​ជោគជ័យ ជាពិសេស​ការពារ​ឱ្យបាន​ដាច់ខាត​សម្រាប់​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ ប្រតិភូ​កីឡា និង​ក្រុម​កីឡាករ កីឡាការិនី។​

​ជាមួយគ្នានេះ លោក​ប៉ុល រតនា ក៏បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ដើម្បី​បុព្វហេតុ​ជាតិ ខណៈដែល​ទើប​វិលត្រឡប់​ពី​បំពេញ​បេសកកម្ម​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត៕