
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃសុក្រទី ២៨ ខែមេសា រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ នេះ។
យោងតាមហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេងបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកវ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
ទស្សនកិច្ចការងារ ដែលចាប់ផ្ដើម ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមេសានេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធាណរដ្ឋប្រជាមានិតចិន។
របៀបវារៈដ៏មានសារៈសំខាន់នៃសំណើរទស្សនកិច្ចការងារនេះ គឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង និង លោកវ៉ាង ស៊ាវហុង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឆ្នាំ ២០២២ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ៕