ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពិសេស​ដោយ​ឥតគិតថ្លៃ​ស្តីពី “​តួនាទី​សារព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត និង​ការពង្រឹង​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ឌីជីថល” ចាប់ពី​ថ្ងៃទី ២២ ដល់ ២៣ ខែ​មិថុនា​ខាងមុខនេះ។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ស​.​ស​.​ស​.​ក​បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ នឹងត្រូវ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​សំខាន់ៗ សម្រាប់​អ្នកសារ​ព័ត៌មាន អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​ត្រៀមខ្លួន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដែល​កម្ពុជា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ នា​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ។

​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​បើកទូលាយ​សម្រាប់​ការចុះឈ្មោះ​ចូលរៀន​ជូន​ដល់ មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន បុគ្គលិក​អង្គការ​សមាគម និង​និស្សិត​ផងដែរ ដែលមាន​បំណង​បំប៉ន​ចំណេះដឹង​បន្ថែម​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ឧទ្ទេសនាម​ដោយ​វាគ្មិន​សរុប ៧ រូប ដែល​អញ្ជើញ​មកពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អ្នកច្បាប់ សាស្ត្រាចារ្យ​សារព័ត៌មាន និង​អ្នកមាន​បទពិសោធន៍​ដឹកនាំ​លើ​វិស័យនេះ​។ ចំពោះ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា នឹង​ប្រគល់ជូន​សិក្ខាកាម​នៅ​ក្រោយ​ពេល​បញ្ចប់​វគ្គ។

​កម្រង​មុខវិជ្ជា​និង​បទឧទ្ទេសនាម ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ចែករំលែក​ដល់​សិកាកាម​នូវ​ចំណេះដឹង​ជា​មូលដាន​ដូចតទៅ​៖១. ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ដំណើរការ​បោះឆ្នោត និង​ក្រមសីលធម៌​របស់ អ្នក​សង្កេតការណ៍​បោះឆ្នោត​។ ២. ការត្រៀមខ្លួន​របស់​អ្នកសារ​ព័ត៌មាន​ទាក់ទិន​ការបោះឆ្នោត និង​មុំ​ព័ត៌មាន​សំខាន់ៗ​ទាក់ទិន​ការបោះឆ្នោត​។ ៣. ការចាប់យក​ឌីជីថល​ទៅក្នុង​ការងារ​ព័ត៌មាន ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ និង​អ្វី​ទៅ​សុវត្ថិភាព Internet? ៤.​ស្វែងយល់​ពី​ការដឹកនាំ​គ្រប់គ្រង​អង្គភាព​សារព័ត៌មាន និង​ការស្វែងរក​ទីផ្សារ ហិរញ្ញវត្ថុ សម្រាប់​ទ្រទ្រង់ អាជីវកម្ម​សារព័ត៌មាន​។ ៥. ស្វែងយល់​ពី​កិច្ចការ​អ្នកនាំពាក្យ កិច្ចការ​សាធារណៈ និង​ការងារ​ផ្សព្វផ្សាយ​មហាជន​។ ៦. ស្វែងយល់​ពី​វិធី​បង្ការ​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពេល​ចុះ​បំពេញ​ការងារ​, ការយល់ដឹង ជា​មូលដ្ឋាន​របៀប​ដោះស្រាយ​លើ​សំណុំ​ទាមទារ ការកែតម្រូវ​ខ្លឹមសារ​ផ្សាយ​, និង​ការដោះស្រាយ​បណ្ដឹង នៅ​តុលាការ និង​៧. តួនាទី​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញមតិ នៅក្នុង ដំណើរការ​ប្រជាធិបតេយ្យ​, ការកសាង​សន្តិភាព​, និង​ការកសាង​សង្គម​ស៊ីវិល័យ។​

​អ្នក​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ អាច​ចុះឈ្មោះ​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០៧៧ ៣៣៨ ១៣១ ឬ ០៧៨៧៩៣ ៩៧៤ ឬ​តាម Facebook: Union of Journalist Federations of Cambodia រហូត​ផុតកំណត់​ការទទួល​ចុះឈ្មោះ​ត្រឹម​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣៕​