​សៀមរាបៈ លោក ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ថ្លែងថា នាពេលនេះ កម្ពុជា​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការបញ្ចប់​ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តីពី​ការដឹកជញ្ជូន​អន្តរ​មធ្យោបាយ​កម្ពុជា​ឆ្នាំ ២០២២-២០៣០ (CIT-MP) ដែល​ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង និង​ទន់​ចំនួន ១៥០ ត្រូវបាន​ដាក់បញ្ចូល ដោយ​ត្រូវការ​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក​បាន​លើកឡើងថា ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការតភ្ជាប់ នៅតែ​ជា​យុទ្ធសាស្ត្រ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ លោក​ស៊ុន ចាន់ថុល បាន​ថ្លែង​បែបនេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​គម្រោង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ី (Sustainable Infrastructure Programme in Asia) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រួមជាមួយ​លោក​បណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃ​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Forum – ITF) នៅ​ក្រុង​សៀមរាប​នៅ​ថ្ងៃទី​២៨​ខែមេសា​នេះ​។​

​ជាមួយគ្នានេះ​លោក​ស៊ុន ចាន់ថុល ក៏បាន​ជម្រាប​បន្ថែម​ទៅកាន់​អង្គពិធី ពី​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ក៏ដូចជា​ការពង្រីក​វិសាលភាព​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ក្រុងព្រះសីហនុ ទាំង​ជំហាន​ទី​១ ទី​២ និង​ទី​៣ ដែល​នឹងត្រូវ​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផងដែរ​។

​បើតាម​ក្រសួង​សាធារណការ កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែល​បាន​ចូលរួម​ជា​សមាជិក​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Forum – ITF) ក្នុង​ឆ្នាំ​២០២២​។​

​ក្នុងនាម​សមាជិក កម្ពុជា​អាច​ចូលរួមចំណែក​ចែករំលែក និង​រៀនសូត្រ​ពី​បណ្ដា​សមាជិក​ប្រទេស​អភិវឌ្ឍន៍ នូវ​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ ដើម្បី​កែលម្អ​ប្រព័ន្ធ​ភ័ស្ដុភារ​កម្ម និង​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​នៅក្នុង​ប្រទេស​៕